សមាគមសាលាត្រាជូ ធ្វើបាឋកថាដ៏ពិសេស មានប្រយោជន៍មិនធម្មតាក្នុងវិស័យច្បាប់កម្ពុជា
- 2018-02-28 03:30:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅសល់ពេល 100 ថ្ងៃ, 0 ម៉ោង, 0 នាទី, 0 វិនាទី
សមាគមសាលាត្រាជូ ធ្វើបាឋកថាដ៏ពិសេស មានប្រយោជន៍មិនធម្មតាក្នុងវិស័យច្បាប់កម្ពុជា
ចន្លោះមិនឃើញ
កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច សមាគមសាលាត្រាជូ បានអញ្ជើញ លោកបណ្ឌិត ឆាយ ហុកផេង ប្រធានតុលាការព្រហ្មទណ្ឌបារាំង មកឧទ្ទេសបាឋកថាសាធារណៈ ក្រោមប្រធានបទ « ចៅក្រម ចំកណ្ដាល»។ បាឋកថាសាធារណៈនេះទទួលបានការគាំទ្រដោយ ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងមានការឧបត្ថម្ភដោយគ្រឹះស្ថានរដ្ឋ ក្រុមហ៊ុនឯកជន និងអង្គការមួយចំនួនទៀត។
នៅក្នុងបាឋកថាសាធារណៈនោះ លោកបណ្ឌិត ឆាយ ហុកផេង បានលើកឡើងថា អ្នកប្រកបវិជ្ជាជីវៈចៅក្រម ត្រូវតែបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនឯងឲ្យបានត្រឹមត្រូវ ឲ្យស្របទៅតាមបទដ្ឋានច្បាប់នានា។ ឆ្លើយនឹងសំណួររបស់អ្នកចូលរួម លោកបណ្ឌិត បានលើកឡើងថា សូមយកគាត់ ជាឧទាហរណ៍ មិនត្រូវយកលោកជាគំរូនោះទេ។ ដូចគ្នានេះផងដែរ ការអនុវត្តច្បាប់ យកអាចយកវិធីសាស្ត្រអនុវត្តច្បាប់ពីបរទេសជាឧទាហរណ៍ តែមិនអាចយកជាគំរូបាននោះទេ ពីព្រោះអង្គហេតុ ទិដ្ឋភាពសង្គម មានសភាពខុសគ្នា។ ដូច្នេះ «ចៅក្រម ចំកណ្តាល» មានន័យថា ត្រូវថ្លឹងថ្លែង និងពិចារណា ក៏ដូចជាច្នៃប្រឌិតខ្ពស់ ដើម្បីបកស្រាយ និងអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាពខ្ពស់។
ក្រៅពីកម្មវិធីបាឋកថានេះ សមាគម ក៏បានបោះផ្សាយតាមរយៈ គេហទំព័ររបស់ខ្លួន(www.salatraju.com) នូវស្នាដៃថ្មីជាច្រើន ដែលមានដូចជា សៀវភៅសិក្សាច្បាប់ អត្ថបទស្រាវជ្រាវច្បាប់ថ្មីៗជាច្រើន (មានរហូតដល់៧១ ស្នាដៃ) ព្រឹត្តិបត្របច្ចុប្បន្នភាពច្បាប់ (លើសពី៦៤ លេខ) ការចងក្រងនិយមន័យពាក្យច្បាប់ (១០៨១ពាក្យ) និងគម្រោងផ្សេងៗ ដែលសហការជាមួយក្រសួង និងស្ថាប័នមួយចំនួនទៀត។ លើសពីនេះ សមាគម ក៏ទទួលនិស្សិតកម្មសិក្សា និងអ្នកស្ម័គ្រចិត្ត ដែលមានបំណងចង់មកហាត់ការ និងដកស្រង់បទពិសោធន៍ពាក់ព័ន្ធនឹងការងារស្រាវជ្រាវច្បាប់ផងដែរ។
សមាគមសាលាត្រាជូ ឬហៅកាត់ថា «ត្រាជូ» ដែលមានន័យថាជាជញ្ជីងយុត្តិធម៌ ត្រូវបានបង្កើតតាំងពីឆ្នាំ២០១២ និងត្រូវបានចុះបញ្ជីនៅក្រសួងមហាផ្ទៃកាលពី ខែឧសភា ឆ្នាំ២០១៦។ សមាគមនេះ ប្រមូលផ្ដុំទៅដោយអ្នកច្បាប់ជាតិ និងអន្តរជាតិ ដែលសព្វថ្ងៃមានចំនួនប្រហែលជាង ៣០០ នាក់។ សមាគមមានបេសកកម្ម ជំរុញ និងលើកកម្ពស់ការសិក្សា និងអប់រំផ្នែកច្បាប់ ឲ្យមានលក្ខណៈត្រឹមត្រូវតាមបែបវិទ្យាសាស្ត្រ ព្រមទាំងធ្វើឲ្យកាន់តែប្រសើរឡើងនូវការគោរព និងអនុវត្តច្បាប់នៅក្នុងប្រទេសកម្ពុជា៕