ចិនបោះទុន ១៥លានដុល្លារបើកធានារ៉ាប់រងជីវិតនៅកម្ពុជា
- 2018-03-05 03:51:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិនបោះទុន ១៥លានដុល្លារបើកធានារ៉ាប់រងជីវិតនៅកម្ពុជា
ចន្លោះមិនឃើញ
Grand China Life Insurance PLC ក្រុមហ៊ុនធានារ៉ាប់រងចិនដំបូងគេនៅកម្ពុជា ដែលបោះទុនរួមគ្នារវាង ចិនម៉ាកាវ និងចិនដីគោក ១៥លានដុល្លារ បានបើកសម្ពោធហើយ កាលពីថ្ងៃទី៣ មីនា នៅក្នុងវិមានកាណាឌីយ៉ា ជាន់ទី២៦ ដោយមានថ្នាក់ដឹកនាំសំខាន់ៗមួយចំនួននៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនទៀត។
លោក Lao Chio Seng ប្រធានក្រុមប្រឹក្សាភិបាល Grand China Life Insurance PLC បាននិយាយថា ក្រុមហ៊ុនលោក បាននាំយកបទពិសោធន៍នៃភាពជោគជ័យក្នុងវិស័យធានារ៉ាប់រង ក៏ដូចជាអ្នកជំនាញផ្នែកធានារ៉ាប់រងជាន់ខ្ពស់លំដាប់អន្តរជាតិ គំនិតច្នៃប្រឌិតផលិតផល និងសេវាកម្ម អ្នកឯកទេសផ្នែកគ្រប់គ្រង និងអ្នកជំនាញជាន់ខ្ពស់ជាដើម ហើយនឹងខំប្រឹងជំរុញអាជីវកម្មធានារ៉ាប់រង ដើម្បីលើកស្ទួយការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជាឲ្យកាន់តែមានភាពរីកចម្រើន។
ឧស្សាហកម្មធានារ៉ាប់រងនៅកម្ពុជា មានការលូតលាស់ខ្លាំង ប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយពីឆ្នាំ ២០១១-២០១៧ មានការកើនឡើងជាមធ្យម ៣២% ជាមួយនិយោជិកច្រើនជាង ៦ពាន់ នាក់ និងនាំឲ្យមានពន្ធប្រចាំឆ្នាំប្រហែល ៨%។ នេះបើតាមការលើកឡើងពីលោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ។
ឯកឧត្ដមទេសរដ្ឋមន្ត្រី លី ធុជ ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី ២អាជ្ញាធរមីន និងជាអគ្គលេខាធិការ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន បានជឿជាក់ថា ក្រុមហ៊ុនវិនិយោគខ្នាតធំ ១៥លានដុល្លារខាងលើ នឹងនាំយកបទពិសោធន៍ជោគជ័យនៃវិស័យធានារ៉ាប់រងអាយុជីវិតមកកម្ពុជា ព្រមទាំងជួយលើកកម្ពស់ការអភិវឌ្ឍវិស័យនេះផងដែរ៕