នេះហើយសត្វស្លាបដ៏កម្រ ៦សម្បុក លាក់ខ្លួនក្នុងដែនជម្រកព្រៃគូលែន ព្រហ្មទេព
- 2018-03-06 06:38:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះហើយសត្វស្លាបដ៏កម្រ ៦សម្បុក លាក់ខ្លួនក្នុងដែនជម្រកព្រៃគូលែន ព្រហ្មទេព
ចន្លោះមិនឃើញ
ក្រុមអ្នកអភិរក្សរបស់ក្រសួងបរិស្ថាន សហគមន៍ទេសចរណ៍ធម្មជាតិ ត្មាតប៉ើយ និងអង្គការWCS បានរកឃើញត្រយងចង្កំ ក ស ចំនួន០៦សម្បុកក្បែរភូមិត្មាតប៉ើយ ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព ខេត្តព្រះវិហារ។ ការរកឃើញនេះ គឺគិតក្នុងរយៈពេលជាង២ខែ នាដើមឆ្នាំ២០១៨នេះ។
លោក ឌឹប គឹមអោន ប្រធានសហគមន៍ទេសចរណ៍ធម្មជាតិត្មាតប៉ើយ និយាយថា៖ “យើងរីករាយខ្លាំងណាស់ចំពោះការរកឃើញសម្បុកត្រយងចង្កំ ក សនេះ ពីព្រោះពួកវាគឺជាប្រភេទសត្វស្លាបដ៏សំខាន់ដែលភ្ញៀវទេសចរចង់ទស្សនា។ សមាជិកនៅក្នុងសហគមន៍ភាគច្រើនសុទ្ធតែបានយល់ច្បាស់អំពីសារៈសំខាន់ និងតម្លៃនៃការការពារសត្វព្រៃទាំងអស់ដោយសារតែភាពជោគជ័យ នៃគម្រោងទេសចរណ៍ធម្មជាតិ”។
លោក គឹមអោន បន្តថា ចាប់តាំងពីឆ្នាំ២០១៣មក ភ្ញៀវទេសចរជាមធ្យម២៤០នាក់ បានធ្វើដំណើរមកកាន់ភូមិត្មាតប៉ើយ ដើម្បីទស្សនាសត្វត្រយងយក្ស និងត្រយងចង្កំ ក សជារៀងរាល់ឆ្នាំ។
ត្រយងចង្កំ ក ស ស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការIUCN ជាប្រភេទសត្វរងគ្រោះជិតផុតពូជបំផុតនៅលើសាកលលោក។ ពួកវាមានវត្តមាននៅតែក្នុងប្រទេសកម្ពុជា ឡាវ និងឥណ្ឌូណេស៊ីប៉ុណ្ណោះ ហើយចំនួននៅសេសសល់របស់វាភាគច្រើនរស់នៅក្នុងប្រទេសកម្ពុជា។
ចំនួនសត្វត្រយងចង្កំ ក ស មានការធ្លាក់ចុះយ៉ាងខ្លាំង អំឡុងរយៈពេល១០០ឆ្នាំចុងក្រោយនេះ ហើយបច្ចុប្បន្នត្រូវបានគេប៉ាន់ប្រមាណថាមានតិចជាង១ពាន់ក្បាលនៅលើពិភពលោក។
ព្រៃឈើនៅក្នុងសហគមន៍ទេសចរធម្មជាតិត្មាតប៉ើយ គាំទ្រដល់ការរស់នៅរបស់សត្វត្រយងចង្កំ ក សប្រមាណ៥០ក្បាល ស្មើនឹង៥ភាគរយនៃចំនួនរបស់វាទាំងអស់នៅលើពិភពលោក។ ទោះយ៉ាងនេះក្តី ការបាត់បង់ទីជម្រក ការបរបាញ់ និងការរំខាន កំពុងតែគំរាមកំហែងខ្លាំងដល់ការរស់នៅរបស់ត្រយងចង្កំ ក ស៕