ទឹកចិត្តឪពុក! ឯកឧត្ដម ថៃ នរៈសត្យា សន្យាដឹកនាំកូនប្រុសដើរលើផ្លូវល្អ ក្រោយពីចេញពីពន្ធនាគារ
- 2018-03-07 09:32:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទឹកចិត្តឪពុក! ឯកឧត្ដម ថៃ នរៈសត្យា សន្យាដឹកនាំកូនប្រុសដើរលើផ្លូវល្អ ក្រោយពីចេញពីពន្ធនាគារ
ចន្លោះមិនឃើញ
តាំងពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ មក លោក ថៃនរៈ ពិទូ បានចេញពីពន្ធនាគារហើយ ក្រោយពីជាប់ឃុំអស់រយៈពេល១ឆ្នាំ ពាក់ព័ន្ធនឹងគ្រឿងញៀន។ នេះជាការបញ្ជាក់របស់លោកឪពុករបស់ ពិទូ គឺ ឯកឧត្ដម ថៃ នរៈសត្យា។
អតីត Freshie Boy លេខ១ ប្រចាំឆ្នាំ២០០៦ លោក ថៃ នរៈពិទូ ដែលត្រូវបាននគរបាលចាប់ឃាត់ខ្លួន ពីបទរក្សាទុកគ្រឿងញៀន កាលពីថ្ងៃទី ០៩ មករា ឆ្នាំ២០១៧ ពេលនេះលោកបានទទួលសេរីភាពវិញហើយ ក្រោយពីជាប់ ពន្ធនាគារ ១ឆ្នាំ ។ ឯកឧត្ដម ថៃ នរៈសត្យា បានបញ្ជាក់ថា លោកកូនប្រុសលោកបានទទួលសេរីភាពវិញហើយក្រោយពីអនុវត្តតាមច្បាប់តុលាការរួចមក។ ឯកឧត្តមមានសុទិដ្ឋិនិយមចំពោះកូនប្រុសថា នឹងអាចដើរផ្លូវដ៏ត្រឹមត្រូវ ដើម្បីសាងជីវិតថ្មី ក្រោយពីទទួលកំហុសខុសឆ្គងរបស់ខ្លួន។
ឯកឧត្ដម ថៃនរៈ សត្យា ៖« ខ្ញុំលើកទឹកចិត្តកូនថា ទីណាក៏ជាសាលារៀន នៅទីនោះយើងចាត់ទុកថាជាកន្លែងលុតដំខ្លួនដែរ។ ក្រោយពីកូនខ្ញុំបានរួចខ្លួនពីទោសទណ្ឌ ដែលដាក់ដោយច្បាប់ហើយ ខ្ញុំមានចិត្តសប្បាយរីករាយខ្លាំងក្រៃលែង។ ខ្ញុំសង្ឃឹមនិងកំពុងដឹកនាំកូនដើរវិថីទៅរកក្តីសង្ឃឹមថ្មីៗ ហើយខ្ញុំមិនបណ្ដោយឲ្យដើរលើផ្លូវខុសឆ្គងទៀតទេ»។
ឯកឧត្ដម ថៃនរៈ សត្យា រៀបរាប់ពីស្ថានភាពកូនប្រុសខ្លួនថា ពិទូមានការសោកស្ដាយយ៉ាងខ្លាំងចំពោះកំហុសឆ្គងរបស់ខ្លួនកន្លងមក ហើយវានៅតែលងបន្លាចក្នុងអារម្មណ៍ខ្លួនជាប់ជានិច្ច។ ម្សិលមិញនេះលោកក៏បានបង្ហាញវត្តមានក្នុងកម្មវិធីជំនួបនាយរដ្ឋមន្រ្តី និងក្រុមសិល្បករ ក្នុងទិវាវប្បធម៌ជាតិ។
ក្នុងនាមជាឪពុក ឯកឧត្ដម ថៃនរៈ សត្យា បានរក្សាជំហរមិនធ្វើអត្តរាគមន៍អ្វីទាំងអស់ជុំវិញបញ្ហារបស់កូនប្រុសខ្លួន ទោះជាភរិយាលោកធ្លាប់បានបង្ហាញពីភាពពិបាកចិត្តខ្លាំងក្រោយកូនជាប់ទោសក៏ដោយ៕