ឈ្នះ​ពាន​ដោយ​មិន​ដឹង​ខ្លួន ទោះ​បី​មិនមែន​ជា​វិស្វករ​ផ្នែក​បច្ចេកវិទ្យា​

  • 2018-03-09 07:04:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជយលាភី​ម្នាក់​ក្នុង​ចំណោម​ជយលាភី​ស្ត្រី​ទាំង ៣ រូប​គឺ​កញ្ញា ចន្ទ ពេញ​លក្ខ បាន​ប្រាប់​មក​កាន់ Sabay ថា "គ្រាន់​តែ​ឮ​គេ​ប្រកាស​ថាឈ្នះ​ពាន ខ្ញុំភ្ញាក់​ផ្អើល​​​ខ្លាំង​ណាស់ បទ​ពិសោធន៍​​ក៏​ស្ទើរ ហើយ​ម្យ៉ាង​ខ្ញុំ​ក៏​មិនមែន​ជា​អ្នកវិស្វករ​ផ្នែក​បច្ចេកវិទ្យា​អីទេ"។

កញ្ញា ចន្ទ ពេញ​លក្ខ

ជា​អ្នក​ផ្ដល់​ប្រឹក្សា​ផ្នែក​បច្ចេកវិទ្យា កញ្ញា​ចន្ទ ពេញលក្ខ​បាន​ឈ្នះ​ពាន​រង្វាន់​ផ្នែក​សហគមន៍បច្ចេកវិទ្យា (Cambodian Woman ICT For Community Award) សំដៅ​ដល់​អ្នក​ដែល​ជួយ​ផ្សព្វ​ផ្សាយ​បច្ចេកវិទ្យា​បាន​ទូលំទូលាយ​ដល់​សហគមន៍។

ត្បិត​តែ​កញ្ញា​មិន​មែន​ជា​វិស្វករ​ផ្នែក​បច្ចេកវិទ្យា​ក៏​ពិត​មែន តែ​កញ្ញា​បាន​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​ក្នុង​ស្រុក​ លើ​​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ទាញ​យក​ទិន្នន័យ​ព័ត៌មាន ចែក​ចាយ​ព័ត៌មាន​ដល់​ប្រជាជន ក៏​ដូច​ជា​អ្នក​ស្រាវជ្រាវ​ផ្នែក​បច្ចេកវិទ្យា ឬ​ស្ថាប័នរដ្ឋ ក្នុង​ការ​យក​យក​ទិន្នន័យ​មក​ដោះ​ស្រាយ ឬ​វិភាគ​។

ក្នុង​ការ​ប្រកួត​ប្រជែង​ពាន​រង្វាន់​ស្ត្រី​ឆ្នើម​ផ្នែក​បច្ចេកវិទ្យា Women In Tech ឆ្នាំ ២០១៨ កញ្ញា​​ប្រាប់​ថា បាន​ចូលរួម​ដោយសារ​​មានការ​ណែនាំ​ពី​មិត្តភ័ក្កិ។ ដោយសារ​ពួកគេ​បានដឹង​ពី​ការងារ​ប្រចាំ​ថ្ងៃ​របស់​កញ្ញា​​ធ្វើការ​ទាក់​ទង​នឹង​បច្ចេកវិទ្យា ទើប​បាន​ជំរុញ​ដាក់​ពាក្យ រហូត​បាន​ជាប់​ជយលាភី។

បើ​តាមម្ចាស់ជយលាភី​រូប​នេះ​ ការ​ឈ្នះពាន​នេះ​ក៏​មិន​មែន​ងាយ​ស្រួល​ដែរ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​មើល​លទ្ធផល​ការងារ ការ​រៀបចំ​គំរោង Proposal និង​ការ​បំពេញ​បែបបទ​ផ្សេងៗ។

កញ្ញា ឡុង លក្ខិណា

កញ្ញា ចាន់ ពេញលក្ខ ឈ្នះ​ពាន​ផ្នែក Cambodian Woman ICT For Community Award។ ចំណែក​ស្រ្តី​ពីរ​រូប​ទៀត​ដែលឈ្នះ​ពាន​រង្វាន់ដែរ​​នោះ​ មាន​កញ្ញា ឡុង លក្ខិណា ឈ្នះ​ពាន​ផ្នែក Cambodian Woman ICT Entrepreneur Award។

កញ្ញា ឡុង លក្ខិណា ជា​សហស្ថាបនិក​នៃ​ក្រុមហ៊ុន​សេវាកម្ម Joonaak ដែល​ផ្ដល់​សេវាកម្ម​និង​ដំណោះស្រាយ​ផ្នែក eCommerce។ កញ្ញា​បាន​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​គ្រប់គ្រង​អាជីវកម្ម​មក​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​និតិសាស្រ្ត​និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច។

ចំណែក​អ្នក​នាង ហ្វាត់ ស៊ីអែម ឈ្នះ​ពាន​ផ្នែក Cambodian Woman ICT Engineer Award។ កញ្ញា​ជា​វិស្វករ​ជំនាញ​ផ្នែក​ទូរគមនាគមន៍Telecom ដែល​ធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុន​ឯកជន​មួយ​តាំង​ពី​ឆ្នាំ ២០០៩។ អ្នក​នាង​មាន​ស្រុក​កំណើត​មក​ពី​ខេត្ត​បន្ទាយ​មាន​ជ័យ​មក​សិក្សា​នៅ​ទីក្រុង​ភ្នំពេញ​តាំង​ពី​ឆ្នាំ ២០០៤ ដោយ​បញ្ចប់​ការ​សិក្សា​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​ជំនាញ​វិស្វកម្ម និង​បាន​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​អក្សរសាស្រ្ត​អង់គ្លេស​ពី​សកលវិទ្យាល័យ​ន័រតុន​៕

ហ្វាត់ ស៊ីអែម

អត្ថបទ៖ រក្សា

អត្ថបទថ្មី