នេះបានហៅថា ចិត្តហួសប៉ែតមែន ខឹងឪក្មេក សែងផ្ទះចេញប្រុយទាំងយប់
- 2018-03-12 12:11:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះបានហៅថា ចិត្តហួសប៉ែតមែន ខឹងឪក្មេក សែងផ្ទះចេញប្រុយទាំងយប់
ចន្លោះមិនឃើញ
លោក ប៊ុន នី មកខេត្តព្រៃវែង នឹងជាអ្នកបើកក្បាលដំបូងសម្រាប់សប្ដាហ៍ទី២ខែមីនានេះ។ ប៉ុន្តែអ្វីដែលលោក ត្រៀមនឹងបើកបង្ហាញនាពេលនេះ មិនមែនជាបទពិសោធន៍ផ្ទាល់ខ្លួនរបស់លោកទេ តែជាបទពិសោធន៍របស់មិត្តភ័ក្ដិលោក ដែលលោកបានរៀបរាប់ដូចខាងក្រោម ៖
ជាដំបូងសូមថ្លែងអំណរគុណ ដែលអនុញ្ញាតឲ្យខ្ញុំបានចូលមកទំព័រនេះ ទាំងខ្ញុំគ្មានរឿងផ្ទាល់ខ្លួន តែជារឿងរបស់មិត្តភ័ក្ដិទៅវិញ។ និយាយពីរឿងពួកម៉ាកខ្ញុំនេះ ឲ្យតែនឹកឃើញ ដឹងតែសើច នឹកហួសចិត្តនឹងវា។ អាម៉ាកដ៏មហាអស្ចារ្យរបស់ ខ្ញុំឈ្មោះ អា “ធួន” រស់នៅភូមិស្រុកជាមួយខ្ញុំដែរ ស្រុកមេសាង ខេត្តព្រៃវែង ប៉ុន្តែមិនដូចខ្ញុំដែលគ្រួសាររាងអត្តខាត់បន្តិចទេ គឺវាធូរធារជាងខ្ញុំ និងអ្នកក្នុងភូមិដទៃទៀត ព្រោះសំអាងថា កាលណោះ(អំឡុងឆ្នាំ២០០៣) ឪពុកម្តាយវាមានរោង មេក្រូ និងម៉ាស៊ីនភ្លើងជួលសម្រាប់ពិធីរៀបពិធីមង្គលការ ឬបុណ្យផ្សេងៗ គឺរាងគ្រាន់ដែរ។
ដូច្នេះ ហើយ អាធួន គឺឫកខ្ពស់ជាងគេបន្តិចហើយក្នុងក្រុម និងក្នុងក្រុមគ្រួសារក៏ដូចគ្នាដែរ ព្រោះជាកូនប្រុសទោល។ វាធ្វើអ្វីក៏ដោយ តាមតែចិត្ត និងចង់ឲ្យអ្នកគ្រប់គ្នាស្របតាមវារហូត ហើយវាចូលចិត្តស្តីឲ្យគេ តែមិនចូលចិត្តគេស្តីឲ្យវាឡើយ។ និយាយឲ្យខ្លី គឺវាទំនើងតែម្ដង។
នៅឆ្នាំ២០០៥ មិត្តភក្ដិខ្ញុំ បានស្រឡាញ់កូនស្រីគេម្នាក់នៅភូមិជាប់គ្នា។ ដូច្នេះ វាបានទៅរំអុកឪពុកម្តាយវាដណ្តឹងនារីនោះ ឪពុកម្តាយវាក៏សុខចិត្តទៅស្តីដណ្តឹង និងបានរៀបការឲ្យក្លាយជាប្តីប្រពន្ធ។ ពួកម៉ាកខ្ញុំ វាក៏បានទៅសង់ផ្ទះតូចល្មមមួយធ្វើពីឈើជញ្ជាំងស្លឹក ដំបូលប្រក់ស័ង្កសី នៅជិតផ្ទះឪពុកម្តាយក្មេកក្នុងដីឡូតែមួយ។
បើទោះជារស់នៅជិតភ្នែកជិតច្រមុះឪពុកម្តាយក្មេកក៏ដោយ ប៉ុន្តែចរិតទំនើងរបស់វានៅតែដដែល។រាល់ថ្ងៃ ក្រៅពីជួយលក់ឥវ៉ាន់ចាប់ហួយជាមួយប្រពន្ធរួច វាតែងតែដើរផឹកស៊ីស្រវឹងអួទីនួ មិនលស់ថ្ងៃ ហើយពេលខ្លះមកផ្ទះ ឈ្លោះប្រកែកគ្នាជាមួយប្រពន្ធទៀត នរណាស្តីថា ក៏មិនបាន។
និយាយពី ឪពុកក្មេកវាវិញ គាត់ជាមនុស្សមិនសូវមាត់កអីទេ បើទោះជាកូនចៅសំដីតូចធំដាក់គ្នា ក៏គាត់មិនដែលលូកមាត់ ស្តីឲ្យខាងណា កាន់ជើងខាងណាដែរ ព្រោះយល់ថា ប្តីប្រពន្ធក្មេងៗតែប៉ុណ្ណឹង។ ប៉ុន្តែទំនងទ្រាំទៀតមិនបាន ទើបថ្ងៃមួយ គាត់ក៏ស្តីថាបន្តិចបន្តួច ក៏កើតជារឿងតែម្តង សមនឹងអាម៉ាកខ្ញុំជាមនុស្សទំនើងផង។
សាច់រឿងនោះ គឺថ្ងៃមួយវេលាម៉ោងប្រមាណ ៧យប់ ក្រោយពីវាត្រឡប់ពីស៊ីផឹកវិញមកដល់ផ្ទះ អាសំឡាញ់ខ្ញុំវារកប្រពន្ធមិនឃើញក៏ឡូឡារកបាយស៊ី ព្រោះបើកឆ្នាំងអត់មានបាយអាលីង។ ម្តាយក្មេកដែលនៅជិតគ្នាក្នុងដីឡូតែមួយនោះ ក៏ស្រែកប្រាប់ថា “ប្រពន្ធឯងលឺថាមានបញ្ហាលុយតុងទីន ឥឡូវចេញទៅជួបដោះស្រាយហើយ ចាំបន្តិចទៅ ព្រោះម៉ែក៏អត់បានដាំបាយដែរ គឺស៊ីបាយកកទាំងអស់គ្នាអស់ហើយ!”។
ដោយ ស្រវឹងផង អាម៉ាកខ្ញុំក៏តបវិញ “ម៉េចប្រុងបង្អត់បាយប្តីឲ្យងាប់នឹងអាលយកប្តីទៀត!”។ ដោយសារតែការឆ្លើយទាំងទទឹងទិសបែបនេះ ឪពុកក្មេកដែលមិនមាត់កយូរហើយក៏ចេញមកស្តីឲ្យ "វាមិនដល់ថ្នាក់ហ្នឹងទេ...បាយមួយពេល ម៉េចទៅនិយាយរឿងងាប់រស់ អីណា នាំរឿងឲ្យធំធ្វើអី"។ គ្រាន់តែប៉ុណ្ណឹង ក៏មានការតទៅតមក កើតជារឿង រហូតទ្រាំមិនបាន ឪពុកក្មេកក៏ធ្លោយមាត់ថា “អ្ហែងនៅជាមួយពុក គ្រាន់តែពុកស្តីប្រដៅបន្តិចបន្តួចមិនបាន អីចឹងទៅនៅឯណាក៏ទៅទៅ…!”។
គ្រាន់តែប៉ុណ្ណឹង អាម៉ាកខ្ញុំឆ្លើយវិញផូងវិញថា “មិនអីទេ បើពុកមិនឲ្យនៅ ខ្ញុំចេញក៏បាន!”។ រួចអ្វីៗក៏បានបញ្ចប់ ឯអាសម្លាញ់ខ្ញុំ ក៏បានដើរចេញទៅវិញបាត់ ដោយមិនដឹងថាវាទៅណាទេ។ ប៉ុន្តែប្រមាណជា ១ ម៉ោងក្រោយទើបវាមកវិញ ដោយនាំបងប្អូនខាងវាប្រមាណជិត២០នាក់ផង ទើបដឹងថា តាមពិតវាចេញទៅកេណ្ឌបងប្អូនវាមកជួយសែងផ្ទះសោះ។
តិបតុប ប្រមាណ ២ម៉ោងប៉ុណ្ណោះ ផ្ទះសរសរឈើ ជញ្ជាំងក្ដារប្រក់ស័ង្កសីរបស់អាម៉ាកខ្ញុំ ត្រូវបងប្អូនវាសែងចេញប្រុយ កាត់មុខឪពុកម្តាយក្មេកវាដែលឈរមើលទាំងហួសចិត្ត។ រឹតតែគួរឲ្យហួសចិត្ត និងទ្រាំសើចមិនបានទៀតនោះ គឺមុនពេលចេញទៅ អាធួន វាបានដើរទៅចាប់ដៃឪក្មេកវារលាក់ និងនិយាយទៀតថា “អរគុណហើយពុក កូនលាពុកហើយ!”។ ឪក្មេកវាហួសចិត្តនិយាយអីមិនចេញសូម្បីមួយម៉ាត់។
និយាយពី ប្រពន្ធវាវិញ ម៉ោងជាង០៩ យប់ទៅហើយត្រឡប់មកវិញ ស្រាប់តែស្រែកភ្លាត់សំឡេងគ្រាន់តែដើរចូលផុតរបងផ្ទះ។ “ហ្អាក…ឯណាផ្ទះខ្ញុំ ផ្ទះខ្ញុំទៅណាបាត់ហើយម៉ែ…!”។ ម្តាយក្មេកអាពួកម៉ាកខ្ញុំ ប្រាប់វិញទាំងសើចហួសចិត្ត “ប្តីនាងឯងសែងយកទៅបាត់ហើយ!”។ “ហើយមានរឿងអី…” “ទៅសួរមហាប្តីនាងឯងទៅ!” ម្ដាយក្មេកពួកម៉ាកខ្ញុំឆ្លើយ។ ទាំងម្តាយទាំងកូនឈរសើចមើលមុខគ្នាទាំងហួសចិត្ត រកថ្លែងអីមិនចេញ។
ស្អែក ឡើង ឪពុកក្មេកវា បានមកផ្ទះខ្ញុំដែលនៅមិនឆ្ងាយពីផ្ទះគាត់ដែរ និយាយប្រាប់ឪពុកខ្ញុំពីរឿងរ៉ាវខាងលើ។ គាត់ថ្លែងទាំងសើចថា “ស្មានតែវានិយាយលេង…យីអានេះចិត្ត អីក៏ចិត្ត…!”។
អាម៉ាកខ្ញុំ បានសែងផ្ទះរបស់វា មកដាក់នៅលើស្រែក្បែរផ្ទះឪពុកម្តាយបង្កើតវា និងបន្តរស់នៅមកដល់សព្វថ្ងៃ។ បច្ចុប្បន្ន អាធួន រៀងចាស់ចិត្ត ចាស់គំនិតជាងមុន និងកែប្រែចិត្តគំនិតខ្លះៗហើយ៕