អូនតូច ជូលី មានមហិច្ឆតាធំក្នុងវិស័យសិល្បៈ
- 2018-03-15 00:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អូនតូច ជូលី មានមហិច្ឆតាធំក្នុងវិស័យសិល្បៈ
ចន្លោះមិនឃើញ
តារាសម្ដែងវ័យក្មេង និងពោរពេញដោយបទពិសោធន៍សម្ដែងកុមារី ជា វ៉ាន់ពុទ្ធាលី ហៅ ជូលី បាននិយាយពីគោលបំណងនៅពេលធំឡើងថា ប្អូនស្រីចង់ក្លាយជាកំពូលតារាសម្ដែងប្រចាំប្រទេស។
ការជឿជាក់ដូច្នេះព្រោះតែប្អូនស្រី ទុកអាជីពសិល្បៈជាចំណុចចម្បងរបស់ខ្លួន តាំងពីធំដឹងក្ដីមកម្ល៉េះ ហើយម្យ៉ាងទៀត ការបានចូលសម្ដែងភាពយន្តធំៗរហូតដល់លំដាប់ហូលីវូដ គឺជាអ្វីដែលជូលីគិតថា នឹងអាចទៅរួចសម្រាប់មហិច្ឆតាដ៏ធំរបស់ខ្លួន។
ភាពយន្តហូលីវូដដ៏ល្បីរបស់អ្នកស្រី Angelina Jolie គឺរឿង ”មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ” គឺតារាវ័យក្មេង ជូលី ក៏បានចូលរួមចំណែកយ៉ាងសកម្ម ធ្វើឱ្យស្នាដៃមួយនេះទទួលការគាំទ្រខ្លាំងពីទស្សនិកជន។ ចំណែកខ្សែភាពយន្តភាគរឿង”ពស់កេងកង” ទើបចាក់បញ្ចាំងចប់លើកញ្ចក់ទូរទស្សន៍ PNN កាលពីពេលថ្មីៗ ក៏ដោយទទួលការគាំទ្រខ្លាំងដូចគ្នា ក៏ជាអ្វីធ្វើឲ្យ ជូលី គិតថា ជាបទពិសោធន៍មួយអាចឱ្យប្អូនទទួលយក និងរៀនសូត្របន្ថែម ដើម្បីក្លាយជាតារាលំដាប់ប្រទេសនាពេលខាងមុខ។
ទន្ទឹមស្នាដៃទាំងពីរតារាសម្ដែងវ័យ ១០ឆ្នាំរូបនេះ កំពុងមានស្នាដៃថ្មីមួយទៀតគឺរឿង ”គ្រាប់បាល់អង្រួនបេះដូង” កំពុងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ CTN ដែលប្អូនស្រីសម្ដែងជាតួឯកក្នុងវ័យកុមារភាព។ ស្នាដៃសម្តែងរឿងថ្មីនេះ ធ្វើឱ្យប្អូនស្រីរំពឹងជាខ្លាំងថា នឹងទទួលការគាំទ្រពីទស្សនិកជន។
ក្រៅតែពីស្នាដៃមួយនេះ ជូលី បានបញ្ជាក់ថា នៅពេលស្នាដៃផ្សេងៗជាច្រើនទៀត ដែលប្អូនស្រីត្រៀមថត ទាំងរឿងដុំ និងរឿងភាគ។ ការទទួលបានស្នាដៃថ្មីជាបន្តបន្ទាប់ ធ្វើឱ្យប្អូនសប្បាយរីករាយជាខ្លាំង ដែលជាឱកាសមួយអាចឱ្យប្អូនក្ដោបដើម្បីក្លាយជាតារាលំដាប់ប្រទេស នាពេលធំឡើង។
ចំណុចដ៏ពិសេសមួយទៀតដែល ជូលី នឹងរៀនសូត្រតាម ដើម្បីក្លាយជាតារានាំមុខក្នុងពេលឆាប់ៗខាងមុខ គឺរៀនសូត្រពីអ្នកស្រី អម្ពរ ទេវី ដែលប្អូនស្រីចាត់ទុកជាតារាក្នុងដួងចិត្ត និងចង់ឱ្យការសម្ដែងរបស់ខ្លួន ស្ថិតក្នុងភាពកំពូលដូចតារារូបនេះ។
តារាវ័យក្មេងកុមារី ជា វ៉ាន់ពុទ្ធាលី ហៅ ជូលី បានបោះជំហានចូលសិល្បៈតាំងពីអាយុ ៥ឆ្នាំមកម្ល៉េះ នៅពេលប្អូនរៀនថ្នាក់ទី១។ ឆ្នាំនេះជូលី មានអាយុ ១០ឆ្នាំ និងកំពុងរៀនថ្នាក់ទី៥។ ជូលី មិនអាចរៀបរាប់អស់ទេពីចំនួនភាពយន្តបានថតរយៈពេល ៥ឆ្នាំ នៃការចូលសិល្បៈរបស់ខ្លួន ដោយគ្រាន់តែដឹងថាស្នាដៃល្បីខ្លាំងគឺរឿង ”មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ” និងរឿង ”ពស់កេងកង” តែប៉ុណ្ណោះ៕