កប់ក្ដោងបាត់! សាច់អាំង ពងមាន់អាំង ប្រហិតឆ្ងាញ់ ៥កន្លែងនេះ អស់១ម៉ឺនរៀលចង់ប្រេះឡេវ

  • 2018-03-15 08:00:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​នេះ​ Sabay សូម​នាំ​ប្រិយមិត្ត​ទៅ​ស្គាល់​កន្លែង​ញ៉ាំ​អី​ឆ្ងាញ់ៗ នៅ​តាមផ្លូវ​ចំនួន​ ៥កន្លែង ​ទោះ​បី​មិន​មែន​អាហារ​ក្នុង​ហាង​ទំនើប​មែន​តែ​រសជាតិ​ឆ្ងាញ់​មិន​ណយ​ទេ​ មិន​ត្រឹម​ប៉ុណ្ណោះ​​ចំណាយ​ម្នាក់អស់​តែ​១ម៉ឺនរៀល ​​ហូប​តឹង​ពោះ ​អត់​ដឹង​ឆ្អែត​ផង​។ ចង់ដឹងកន្លែងណា តោះមកតាមដានទាំងអស់គ្នា៖

១. ​បណ្ដុំ​អាហារ​ឆ្ងាញ់ៗ​តាម​ចំហៀង​សួនវត្ត​បុទម​វតី

កន្លែង​លក់​អាហារ​ឆ្ងាញ់​ៗដំបូង​នេះ​ គឺ​ជា​តំបន់​យុវវ័យ ដែលសំបូរ​លក់​អាហារ​សឹង​គ្រប់​ប្រភេទ​ដូចជា៖ សាច់​អាំង ​ពងមាន់​អាំង ​ប្រហិត​ស្ងោ​ដោត​ចង្កាក់ បាយ​ឆា មីឆា គុយ​ទាវ គ្រឿង​សមុទ្រ បបរ​មាន់។ល។ អ្នក​លក់​ប្រហិត​​គ្រប់​មុខ​មួយ​រូប​នៅ​ទី​នោះ​ប្រាប់​ Sabay ថា​បើ​និយាយ​ពី​អាហារ​ឆ្ងាញ់​ៗ​វិញ​មាន​គ្រប់​មុខ មិន​ចាញ់​ប៊ូហ្វេ​ក្នុង​ហាង​ប៉ុន្មាន​ឡើយ។ ជាក់​ស្ដែង​ដូច​ជា​រទេះ​លក់​ប្រហិត​នេះ អ្នក​ទៅ​ញ៉ាំ​អាច​ដើរ​ចាប់​ដោយ​ខ្លួន​ឯង​តាម​ការ​ពេញ​ចិត្ត ហើយ​​យក​មក​ចម្អិន​យ៉ាង​ច្រើន​អស់​ត្រឹម ១​ម៉ឺន​រៀល​ញ៉ាំ​មួយ​ឆ្អែត។

២. ត្រើយម្ខាងនៃ​តំបន់​ជ្រោយចង្វារ ក្បែរ​សណ្ឋាគារ​សុខា

​ជិះមក​តាមចំហៀង​ផ្លូវម្ខាង​ មិនជាប់​មាត់ទន្លេ ​លោកអ្នក​ប្រាកដជា​បាន​ទទួល​ក្លិនឈ្ងុញ​ចេញ​ពី​កន្លែង​លក់​អាហារ ​ជាច្រើន​មុខ ​ដូចជា ​បាញ់​ឆែវ ​សង្វាក់​បាត់ដំបង ​សាច់​ក្រក​អាំង​ សាច់គោ​អាំង និង​ពងមាន់​អាំង​ជាដើម​។ អ្នកលក់​កំពុងចម្អិន​អាហារ បានប្រាប់ Sabay ថា​ នៅ​មួយ​ជួរ​នេះ មានលក់​អាហារ​ឆ្ងាញ់ដូចៗគ្នា ជាពិសេស​អាហារ​ល្បី​ជាងគេ​ គឺ​បាញ់​ឆេវ​ ញ៉ាំ​អស់​តែ ៣ ៥០០រៀល ​ចំណេញ​បាយ​ល្ងាច​មួយពេល​។ ​ ៣.​ នៅ​ក្នុង​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក

ប្រិយមិត្ត​ដែល​ឧស្សាហ៍​ទៅ​ហាត់​ប្រាណ​នៅ​ស្តាត​អូឡាំពិក ប្រាកដ​ជា​ដឹង​ហើយ​ថា នៅ​ទីនោះ​សម្បូរ​អាហារ​ឆ្ងាញ់​ៗ​មិន​ខ្វះ​ហូប​ទេ។ គ្រាន់​តែ​ដល់​ទី​នោះ​ភ្លាម​ចំហាយ​ក្លិន​អាហារ​ជា​ច្រើន​ជះ​មក​ប៉ះ​នឹង​ច្រមុះ​តែ​ម្ដង​ដូចជា ប្រហិត​ចៀន សាច់គោ​អាំង បុក​ល្ហុង បាយ​ឆា មី​ឆា ដាក់​លក់​តម្រៀប​ហូរហៀ​ ចូល​កន្លែង​ណាក៏​ឆ្ងាញ់ ហើយតម្លៃប្រហាក់ប្រហែលគ្នា។

៤. ជង្រុក​អាហារ​ឆ្ងាញ់ៗ​នៅ​ផ្សារ​ធំ​ថ្មី

អាហារ​ឆ្ងាញ់​ៗ​ជា​ច្រើន​មុខ​ លក់​ហូរហែ​រនៅ​ផ្សារ​ធំ​ថ្មី​ឲ្យ​តែ​បាន​ទៅ​ម្តង​ៗ ចង់​វិល​មុខ​ដោយ​សារ​សម្បូរអី​ញ៉ាំ​ពេក​មិន​ដឹង​ញ៉ាំ​អី​ទុក​អី​។ អាហារ​ឆ្ងាញ់​ជា​ច្រើន​មុខ​ដូចជា មឹក​អាំង បង្កង​អាំង ភ្លៅមាន់​អាំង កោះ​មាន់​អាំង មាន​តម្លៃ​ចាប់​ពី​១ម៉ឺន​រៀល​ឡើង​ទៅ។ ក្រៅ​ពី​នោះ​មាន​ដូចជា សាច់គោអាំង​នំប៉័ង សាច់​ជន្លួញ មួយ​ចង្កាក់​តែ​ ២ ០០០​រៀល​ទេ​ និង​កំពឹស​ចៀន បង្គា​ចៀន​ជាមួយ​ម្សៅ​បំពង​មួយ​បន្ទះ​ចាប់​ពី ៣ ០០០​រៀល​ឡើង​ទៅ។ ដូច្នេះ​បើ​សិន​រក​នឹក​អី​ញ៉ាំ​មិន​ឃើញ​ទេ ទៅ​ផ្សារ​ធំ​ថ្មី​ទៅ​មិន​ខក​បំណង​ទេ។

៥. នៅ​តាម​បណ្ដោយ​សួន​ច្បារ​វិមានឯករាជ្យ​ជិត​ក្រសួង​បរិស្ថាន​ចាស់

មិន​ចាញ់​ទីតាំង​ទាំង៤ ​ខាង​លើ​ប៉ុន្មាន​ឡើយ នៅ​ទី​នេះ​ក៏​សម្បូរ​អាហារ​ឆ្ងាញ់​ៗ​ច្រើន​ណាស់​ដែរ មិន​ថា​ថ្ងៃ​ចុង​សប្ដាហ៍ ឫ​ថ្ងៃ​ណា​ទេ​យុវវ័យ​សម្រុក​ទៅ​រក​អី​ញ៉ាំ​ពេញ​តែ​ម្ដង សឹង​តែ​រក​កន្លែង​ចត​ម៉ូតូ​គ្មាន។ រទេះ​ជា​ច្រើន​ដាក់​តម្រៀប​លក់​ជា​ជួរ​យ៉ាង​វែង​អន្លាយ សុទ្ធ​តែ​អាហារ​គួរ​ឱ្យ​ចង់​ញ៉ាំ​ទាំង​អស់​ដូចជា ប្រហិត​ស្ងោ ប្រហិត​ចៀន បបរមាន់ បាយ​ឆា​មីឆា បុកល្ហុង​ល។ ចំណែក​ឯ​តម្លៃ​វិញ​ក៏​មិន​ខុស​គ្នា​ប៉ុន្មាន​ឡើយ មិន​ចាំ​បាច់​ចំណាយ​អស់​រាប់​ម៉ឺន​ក៏​អាច​ញ៉ាំ​បាន​មួយ​ឆ្អែត។

អត្ថបទ៖ ស៊ិន សាវ៉េត