រូបវិទូ​ Stephen Hawking ធ្លាប់​លើក​ពី​រឿង​ ៥ យ៉ាង​អាច​ឲ្យ​មនុស្សផុត​ពូជ

  • 2018-03-15 23:52:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Stephen Hawking គឺ​ជា​រូបវិទូ​ដ៏​ល្បី​១​រូប ដែល​មាន​ការ​ទទួល​ស្គាល់​ទូទាំង​ពិភពលោក។ ប៉ុន្តែ​ជា​ដំណឹង​អកុសល លោក Stephen បាន​ទទួល​មរណភាព​ទៅ​ហើយ នៅ​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៨ នេះ ក្នុង​វ័យ​៧៦​ឆ្នាំ។ គួរ​រំលឹក​ថា មុន​ពេល​ស្លាប់ លោក​សាស្ត្រាចារ្យ​ Stephen Hawking ធ្លាប់​បាន​រៀបរាប់​ពី​រឿង​រ៉ាវ​ចំនួន ៥ អំពី​របៀបដែល​ពិភពលោក​ទាំង​មូល​ឈាន​ដល់​ថ្ងៃ​អវសាន ធ្វើ​ឲ្យ​មនុស្សផុត​ពូជ។

សារព័ត៌មាន Cambridge News បាន​ចងក្រង​នូវ​ទ្រឹស្ដី​ចំនួន ៥ គួរ​ឲ្យ​ចាប់​អារម្មណ៍​របស់​លោក Stephen Hawking ដូច​ខាង​ក្រោម៖

១. មនុស្ស​នឹង​ស្លាប់​ដោយសារ​គ្រាប់​បាល់​ភ្លើង​ដ៏​ធំ​​មហិមា

មិន​ដល់ ៦០០​ឆ្នាំ​ទៀត​ទេ អ្នក​​រាល់​គ្នា​លើ​ពិភពលោក នឹង​ស្លាប់ នៅ​ពេល​ដែល​ពិភពលោក​ជួប​ប្រទះ​នឹង​បញ្ហា​កំណើន​ប្រជាជន​ច្រើន​ពេក (លើស​ចំនួន) ហើយ​ការ​ប្រើប្រាស់​ថាមពល​​ដ៏​លើស​លប់​របស់​ពិភពលោក​នឹង​ធ្វើ​ឲ្យ​ផែនដី​រលាយ​ឆេះ​ក្លាយ​ជា​ដុំ​បាល់​ភ្លើង​ដ៏​ធំ​មួយ។ លោក Stephen ថ្លែង​បែប​នេះ កាល​ពី​ខែវិច្ឆិកា​កន្លង​ទៅ ក្នុង​កិច្ច​ប្រជុំ​កំពូល​អ្នក​វិទ្យាសាស្ត្រ ​Tencent WE។

លោក​សាស្ត្រាចារ្យ​ បញ្ជាក់​ថា ប្រសិន​បើ​ចង់​ជួយ​សង្គ្រោះ​ផែន​ដី​ពី​បញ្ហា​​ខាងលើ មនុស្ស​ជាតិ​ត្រូវ​យក​គំរូ​តាម​ខ្សែ​ភាពយន្ត​អាមេរិក​មួយ​ឈ្មោះ​ថា "Star Trek" ដោយ​ស្វែង​រក និង​ធ្វើ​ដំណើរ​ទៅ​កាន់​​កន្លែង​ណា​មួយ​ផ្សេង​ទៀត​​ដើម្បី​រស់នៅ។

២. មនុស្ស​យន្ត​នឹង​គ្រប់គ្រង​ពិភពលោក​ទាំង​មូល

លោក Stephen បាន​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​អំពី​បច្ចេកវិទ្យា AI ដែល​អាច​នឹង​គ្រប់គ្រង​មនុស្ស។

ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​សារព័ត៌មាន Wired.co.uk លោក​និយាយ​ថា៖ "ពួក​យើង​គួរ​តែ​បង្កើន​ការ​ស្រាវជ្រាវ​បន្ថែម​លើ​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា AI តែ​យើង​គួរ​តែ​ប្រុង​ប្រយ័ត្ន​ផង​ដែរ​អំពី​គ្រោះថ្នាក់​ជាក់ស្ដែង​របស់ AI... ច្បាស់​ណាស់ នឹង​មាន​ទម្រង់​ជីវិត​ថ្មី​ម៉្យាង ដែល​នឹង​គ្រប់គ្រង​លើ​មនុស្ស​បាន​វិញ"។

៣. ភាព​ឆេវឆាវរបស់​មនុស្ស និង​បច្ចេកវិទ្យា​នុយក្លេអ៊ែរ នឹង​ឆក់​យក​ជីវិត​អ្នក​រាល់​គ្នា នា​ពេល​ណា​មួយ​មិន​ខាន

ថ្លែង​ប្រាប់​​សារព័ត៌មាន BBC នៅ​ក្នុង​គម្រប់​ខួប​៧៥​ឆ្នាំ លោក Stephen បាន​ឲ្យ​ដឹង​​ថា លោក​មាន​ក្ដី​បារម្ភ​ចំពោះ​ការ​វិវឌ្ឍ​​​របស់​មនុស្ស ដែល​​អាច​ធ្វើ​ឲ្យ​ហ្សែន​​របស់​អ្នក​រាល់​គ្នា​កាន់តែ​មាន​ភាព​លោភលន់ និង​ភាព​ឆេវឆៅ។ ជាក់​ស្ដែង បញ្ហា​នយោបាយ​ពិភពលោក បាន​ធ្វើ​ឲ្យ​មាន​ការ​អភិវឌ្ឍ​ជា​ខ្លាំង​នូវ​វិស័យ​យោធា ក៏​ដូចជា​អាវុធ​ទំនើបៗ​ជា​ច្រើន។ ​រឿង​ទាំង​នេះ​ហើយ​នឹង​បង្ក​ឲ្យ​មាន​មហន្តរាយ​ជៀស​មិន​ផុត​នោះ​ឡើយ។

៤. យើង​ត្រូវ​សង្វាត​រក​ពិភព​ដទៃ ដើម្បី​រស់នៅ​ក្នុង​រយៈពេល​១០០​ឆ្នាំ​ខាង​មុខ

យើង​ត្រូវ​តែ​រុករក​បច្ចេកវិទ្យា​ថ្មី​ទៀត ដើម្បី​ជៀសវាង​ភាព​ដាច់​ពូជ​នៃ​មនុស្ស​ជាតិ។ នេះ​ជា​ការ​លើក​ឡើង​របស់លោក Stephen ទៅ​កាន់ BBC។

យ៉ាង​ណា​មិញ ប្រសិន​បើ​យើង​មិន​អាច​រក​ភព​ថ្មី​រស់នៅ​ទាន់​ពេល​ទេ នោះ​បម្រែបម្រួល​អាកាសធាតុ កំណើន​ប្រជាជន​ជ្រុល​ហួស ជំងឺ​រាតត្បាត និង​សង្គ្រាម នឹង​​ធ្វើ​ឲ្យ​ពិភពលោក​ឈាន​ដល់​ដំណាក់កាល​ចុង​ក្រោយ។

៥. ដូណាល់ ត្រាំ

លោក Hawking ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​ដែល​រិះគន់​ចំពោះ​នយោបាយ​លោក ដូណាល់ ត្រាំ។ នៅ​ពេល​ដែល​លោក ត្រាំ ប្រធានាធិបតី​អាមេរិក កាល​ពី​ខែ​ឧសភា មិន​ព្រម​​ចុះ​ហត្ថលេខា​បន្ត​កិច្ច​ព្រម​ព្រៀង​ជួយ​សង្គ្រោះ​បម្រែ​បម្រួល​អាកាសធាតុ​ក្រុង​ប៉ារីស លោក Stephen គឺ​មនុស្ស​ម្នាក់​ដែល​ជំទាស់​នឹង​គំនិត​លោក ត្រាំ ខ្លាំង​ជាង​គេ​មួយ​រូប។

លោក​ព្រមាន​ថា ការ​សម្រេច​ចិត្ត​របស់ ត្រាំ នឹង​រុញ​ច្រាន​ពិភពលោក​ឈាន​ទៅ​ដល់​ថ្ងៃ​បញ្ចប់ ហើយ​មាន​លក្ខណៈ​ដូច​ភព​ផ្កាយ​ព្រះ​សុក្រ ដែល​មាន​សីតុណ្ហភាព​ដល់​២៥០​អង្សា និង​មាន​ធ្លាក់​ភ្លៀង​អាស៊ីត​ថែម​ទៀត​ផង។ លោក​បន្ត​ថា៖ "បម្រែ​បម្រួល​អាកាសធាតុ​គឺ​ជា​គ្រោះថ្នាក់​ធំ​បំផុត​យើង​កំពុង​ជួប​ប្រទះ ហើយ​វា​ជា​បញ្ហា​មួយ​ដែល​យើង​អាច​បង្ការ​មុន​បាន ប្រសិន​បើ​យើង​ចាប់​ផ្ដើម​ពី​ឥឡូវ"។ "ដោយសារ​តែ​ការ​មិន​ព្រម​ជឿ​លើ​បម្រែបម្រួល​អាកាសធាតុ និង​បដិសេធ​លើ​កិច្ច​ព្រមព្រៀង​​អាកាសធាតុ​ក្រុង​ប៉ារីស លោក ដូណាល់​ ​ត្រាំ នឹង​បង្ក​ឲ្យ​កើត​មាន​ការ​បំផ្លិចបំផ្លាញ​បរិស្ថាន​មិន​អាច​ជៀស​ផុត​បាន​ឡើយ ​ចំពោះ​ពិភពលោក​ដ៏​ស្រស់បំព្រង​របស់​យើង"៕

ចុចអាន៖

ប្រភព៖ Kley Kley   ប្រែសម្រួល ៖ ឈាង.

អត្ថបទថ្មី