ទាំង Miss Universe និង Miss Global ច្រានចោលការកោះ​ហៅ ម៉ៃយ៉ា ឲ្យ​​ទៅប្រកួតតំណាង​ជាតិ​

  • 2018-03-19 08:06:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សារព័ត៌មាន​ផ្លូវ​ការ មិន​ផ្លូវការ​​ជា​ច្រើន​ និង​​​ទូរទស្សន៍​​ក្នុង​ស្រុក​​​ចុះ​ផ្សាយ​ជា​ហូរហែ​ថា តារា​សម្ដែង​កូន​កាត់​អាល្លឺម៉ង់ ម៉ៃយ៉ា នឹង​ជំនួស​តំណែង​បវរកញ្ញា​កម្ពុជា​​ឆ្នាំ​២០១៧​ រឿន ណាត ទៅ​ប្រកួត​ក្នុង​កម្មវិធី Miss Universe ប្រចាំ​ឆ្នាំ​២០១៨​ ខណៈ​ រឿន ណាត នឹង​ចេញ​ទៅ​ប្រកួត​ក្នុង​កម្មវិធី​ Miss World វិញ។

ក្រោយ​មក​ក៏​ធ្លាយ​ដំណឹង​ទៀត​ថា ម៉ៃយ៉ា មិន​ត្រូវ​អញ្ជើញ​ឲ្យ​ចូល​រួម​កម្មវិធីខាង​​លើ​​​នេះ​ទេ ហើយ​​នាង​ត្រូវ​ប្ដូរ​ទៅ​ទិស​ដៅ​ទៅ​ប្រកួត​ក្នុង​កម្មវិធី​ Miss Global វិញ តែ​ស្ថាប័ន​ពាក់​ព័ន្ធ​ទាំង​២​បានច្រាន​ចោល​ព័ត៌មាន​នេះទាំង​ស្រុង។

កញ្ញា រឿន ណាត (រូបភាព​ដោយ Miss Cambodia)

ឆ្លើយ​តប​​បញ្ហា​​ដែល​ ម៉ៃយ៉ា ជាប់​ឈ្មោះ​តំណាង​កម្ពុជា​ទៅ​ប្រកួត​កម្មវិធី​​បវរកញ្ញា​ចក្រវាល​ លោក ម៉ែន និមល​រតន៍ អ្នក​គ្រប់គ្រង​ក្រុមហ៊ុន Arise Agency បាន​បញ្ជាក់​នៅ​ព្រឹក​នេះ​ថា លោក​មិន​បាន​ដឹង​អ្វី​ដែល​ទាក់ទង​នឹង​រឿង​នេះ​ទេ។ ក្រុម​ហ៊ុន​ដែល​ទទួល​សិទ្ធិផ្ដាច់​មុខ​ក្នុង​ការ​បញ្ជូន​កញ្ញា​ឯក​ពី​កម្ពុជា​ទៅ​ប្រកួត​នៅ​កម្មវិធី Miss Universe មិន​បាន​​ស្នើ ឬ​បញ្ជូន ម៉ៃយ៉ា ឲ្យ​ទៅ​ប្រកួត​ឡើយ​។

លោក ម៉ែន និមល​រតន៍

ផ្ទុយ​ទៅ​វិញ​លោក និង​ក្រុម​ការងារ​កំពុង​រៀប​ចំ​ឯកសារ​ដើម្បី​ស្នើ​កញ្ញា​ រឿន ណាត ឲ្យ​តំណាង​ប្រទេស​ចេញ​ទៅ​ប្រកួត ហើយ​ខាង​​លោក​ត្រូវ​ចាំ​ទទួល​បាន​ការ​ព្រមព្រៀង​ពី​ស្ថាប័ន​ធំ​សិន​​ ទើប​អាច​ប្រកាស​ជា​ផ្លូវ​ការ​ថា​ អ្នក​ណា​​នឹង​ទទួល​ស្និទ្ធិចេញ​ទៅ​ប្រកួត​បាន ព្រោះ​កម្មវិធី​នេះ គឺ​បំផុត​ក្នុង​ចំណោម​កម្មវិធី​ប្រកួត​សម្រស់​លំដាប់​ថ្នាក់​​អន្តរជាតិ​ទាំង​អស់។

ចំពោះ​ការ​បញ្ជូន​ស្រី​ស្អាត​កម្ពុជា​ទៅ​ប្រឡង​ក្នុង​កម្មវិធី Miss World វិញ ក្រុម​ហ៊ុន​លោក​មិន​​ទាន់​ទទួល​បាន​សិទ្ធិនោះ​ទេ ដោយ​ពេល​នេះ​ ក្រុម​ការងារ​កំពុង​​ស្វះស្វែង​​​រៀប​ចំ​ឯកសារ​ស្នើ​ទិញ​ តែ​មិន​ទាន់​ដឹង​លទ្ធផល​យ៉ាង​ណា​ឡើយ។

កញ្ញា ម៉ៃយ៉ា

ចំណែក​ភាគី​ខាង​តារា​សម្ដែង​ ម៉ៃយ៉ា វិញ​បាន​ឲ្យ​ដឹង​ថា​គ្មាន​នរណា​ម្នាក់​ទាក់ទង​​រូប​នាង​ឲ្យ​ទៅ​ប្រឡង​ក្នុង​កម្មវិធី Miss Universe ទេ​ ហើយ​​នាង​មិន​ដឹង​អ្វី​ជុំ​វិញ​ព័ត៌មាន​ដែល​បាន​ចុះ​ផ្សាយ​ព្រោង​ព្រាត​ឡើយ។ ដោយ​ឡែក​​​មាន​ស្ថាប័ន​ផ្សេង​១​ទៀត គឺ​ Miss Global ប្រចាំ​កម្ពុជា​ទាក់ទង​ឲ្យ​នាង​ទៅ​ប្រកួត​នៅ​ចុង​ឆ្នាំ​នេះ តែ​រូប​នាង​មិន​ទាន់​ឆ្លើយ​តប។

“គេ​បាន​ទាក់​ទង​ខ្ញុំ​បង! គេ​ប្រាប់​ថា​គេ​មក​ពី​ Miss Global និង​ចង់​ឲ្យ​ខ្ញុំ​ទៅ​ប្រឡង​នៅ​ខែ​៩​នេះ។ តែ​ខ្ញុំ​អត់​ទាន់​តប​ទេ​ ព្រោះ​ខែ​៩​ហ្នឹង ខ្ញុំ​រវល់​ទៅ​ថត​ម៉ូដែល​នៅ​អាមេរិក"។ ម៉ៃយ៉ា បញ្ជាក់។

កញ្ញា សូរ្យ អេនណា

ត្បិត​សាមី​ខ្លួន​បាន​បញ្ជាក់​ច្បាស់​ដូច​នេះ​មែន តែ​ភាគី​ខាង​ស្ថាប័ន​ Miss Global តំណាង​ដោយ​កញ្ញា សូរ្យ អេនណា បាន​បញ្ជាក់​ប្រាប់​ Sabay ថា​ គ្មាន​ក្រុម​ការងារ​ណា​ម្នាក់​ក្នុង​ស្ថាប័ន​ខ្លួន​ទាក់ទង​ទៅ​តារា​កូន​កាត់​អាល្លឺម៉ង់​ ដើម្បី​អញ្ជើញ​នាង​តំណាង​កម្ពុជា​ចូល​រួម​កម្មវិធី​ខាង​លើ​នេះ​ទេ។

ខណៈ​ ម៉ៃយ៉ា និយាយ​ថា​មិន​ស្គាល់​ឈ្មោះ​ជន​ដែល​ណាត់​ពិភាក្សា​មុន​ចេញ​ទៅ​ប្រកួត​ តំណាង Miss Global ដដែល​បញ្ជាក់​ថា​៖​ "​បង​​សួរ​អ្នក​ក្នុង​ Group របស់​ក្រុមការងារ​ Miss Global Organization ​រួច​ហើយ​ គ្មាន​នរណា​ម្នាក់​ទាក់ទង​ទៅ​ ម៉ៃយ៉ា ឲ្យ​ទៅ​ប្រកួត​ទេ នេះ​អាច​​​ជា​ព័ត៌មាន​មិន​ច្បាស់ ឬ​ជា​​ការ​យល់​ច្រឡំ​"៕

អត្ថបទ៖ សុខណា