យាយ យ៉យ​ កាន់​តែ​តក់​ស្លុត​​ ខណៈ​វ័យ​កាន់​តែ​ចាស់​

  • 2018-04-04 04:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​សិល្បៈ​ជើង​ចាស់​ផ្នែក​អាយ៉ៃ​ អ្នក​ស្រី​ យ៉យ​ ដែល​មាន​វោហារ​សារ​ស័ព្ទ​អស្ចារ្យ​ និង​ជា​ដៃគូ​សិល្បៈ​ដ៏​សាក​សម​ ជាមួយ​លោក​ព្រហ្ម ម៉ាញ​ បាន​បង្ហាញអារម្មណ៍ ព្រួយ​បារម្ភ​ខ្លាំងនៅ​ពេល​ខ្លួន​កាន់​តែ​ចាស់​ទៅ​មិន​ទាន់​ផ្តល់​ចំណេះ​ផ្នែក​អាយ៉ៃ​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​។

អ្នក​ស្រី​យ៉យ បាន​បង្ហាញ​អារម្មណ៍​តក់​ស្លុត​ពេល​ឃើញ​សិល្បករ​ចាស់​ៗ​ លោក​ចេះ​តែ​ចាក​ចេញ​ទៅ​ម្តង​ម្នាក់​ដោយ​បាន​នាំ​យក​​ចំណេះ​​ដឹង​ជា​ច្រើន​យក​ទៅ​ជាមួយ​មិន​បាន​​ផ្តល់​ចំណេះ​​ដឹង​ដល់​ក្មេង​ជំនាន់​ក្រោយ​។ អ្នក​ស្រី​បាន​បន្ត​ថា​​សិល្បៈ​ផ្នែក​ កំប្លែង​គេ​ចេះ​តែ​កើត​មាន​ឡើង​ជា​បន្ត​បន្ទាប់ ប៉ុន្តែ​អាយ៉ៃ​គ្មាន​អ្នក​ណា​រៀន​ទេ​។

អ្នកស្រីយ៉យ និង អ្នក​ស្រី អ៊ុក​ សុផា

អ្នក​ស្រី យ៉យ រៀបរាប់​ទាំង​អួល​ដើម​ក ​៖«​​ខ្ញុំ​​ស្លុត​ដែរ! ព្រោះ​អ្វី​សិល្បៈ​បើ​កំប្លែង​ ចេះ​តែ​កើត​មក​ច្រើន​! កើត​មាន​បន្ត​បន្ទាប់​គ្រាន់​ថា​សម្ដែង​ ឬ​មិន​ល្អ​ខ្ញុំ​ក៏​អត់​ដឹង​ដែរ។ តែ​បើ​សិល្បៈ​អាយ៉ៃ​គឺ​អស់​ហើយ​និយាយ​ទៅ​គឺ​អស់​តែ​ម្ដង​​ នៅ​តែ​ចាស់ៗ មាន​ខ្ញុំ​យាយ​អឿន​ យាយ​ណាង​តែ​ប៉ុណ្ណឹង​ឯង​ស្រី​ហើយ​នឹង​អ្នក​ស្រី​អ៊ុក​ សុផា តែ​លោក​បោះបង់​យូរ​ហើយ! ខ្ញុំ​មាន​វ័យ​ចំណាស់​ហើយ​ខ្ញុំ​មាន​ការ​សោក​ស្តាយ ចំណេះ​របស់​យើង​ដែល​មាន ហើយ​យើង​មិន​ទាន់​បាន​សាប​ព្រោះ​ ដល់​ក្មេង​ជំនាន់​ក្រោយ​បាន បើ​យើង​បាន​សាប​​ព្រោះ​ដល់​ក្មេង​ជំនាន់​ក្រោយ​បាន​យើង​អស់​មាន​ការ​សោក​ស្ដាយ​ទេ​។ ខ្ញុំ​មិន​អាច​ធានា​បាន​ទេ​ខ្ញុំ​ចាស់​ហើយ​សេច​ក្តី​ស្លាប់​មិន​ទាង​ទេ​ខ្ញុំមិន​មែន​ដង្ហោយ​រក​សេចក្តី​ស្លាប់​ទេ​ ប៉ុន្តែ​មនុស្ស​​មាន​កើត​មាន​ស្លាប់​ហើយ​ ។​ ប៉ុន្តែ​បើមាន​អ្នក​បន្ត​វេន​សង្ឃឹម​ថា​វប្បធម៌​ចេះ​តែ​មាន​ ​យើង​មិន​ស្ដាយ​ទេ​ !»​​​​​​

តាម​​អ្នក​អាយ៉ៃ​ជើង​ចាស់ ដែល​មាន​វ័យ ជិត ៦០ឆ្នាំ​​រូប​នេះ​ បញ្ជាក់​ថា​កន្លង​មក​ លោក​ព្រហ្ម​ ម៉ាញ​ ប្រកាស​ជួយ​បង្រៀន​ ដោយ​ឥត​គិត​ថ្លៃ​ក៏​គ្មាន​អ្នក​អ្នក​ចូល​រៀន​ផង៕

អត្ថបទ៖ ច្រឹក ស្រីអូន