ក្ដៅ​ៗ...លោក ហម ឈរ៉ា និង​ផលិតកម្ម​មហាហង្ស ចែក​ផ្លូវ​គ្នា​ពាក់​កណ្ដាល​ទីនៅ​ថ្ងៃ​នេះ!

  • 2018-04-10 12:36:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ចំណាយ​ពេល ធ្វើ​កិច្ច​សហប្រតិបត្តិការ​រវាង​គ្នា​អស់​មួយ​រយៈ​ពេល​ធំ ពេល​នេះ​តារា​សម្ដែង​ជើង​ចាស់ ហម ឈរ៉ា និង​ផលិតកម្ម​មហាហង្ស បាន​សម្រេច​ចែក​ផ្លូវ​គ្នា​ហើយ។

លោក ហម ឈរ៉ា បាន​ចុះ​កុងត្រា​ជាមួយ​ផលិតកម្ម​របស់​លោក អ៊ិន សុភិន ៤​ឆ្នាំ ដោយ​អំណាច​នៃ​កិច្ច​សន្យា​នេះ តារា​សម្ដែង​រៀម​ច្បង​មិន​អាច​ទទួល​ថត​ឲ្យ​ផលិតកម្ម​ណា​ផ្សេង​ឡើយ។ ប៉ុន្តែ​កិច្ច​សន្យា​ការងារ​រវាង​ភាគី​ទាំង​ពីរ បាន​ត្រូវ​បញ្ចប់​គិត​ត្រឹម​ថ្ងៃ​នេះ យ៉ាង​តក់​ក្រហល់ ពោល​គឺ​បញ្ចប់​មុន​អាយុកាល​នៃ​កិច្ចសន្យា​ទៅ​ទៀត ក្រោយ​ធ្វើ​ការ​ជាមួយ​គ្នា​បាន​ប្រមាណ​ជាង​១​ឆ្នាំ។ នេះ​បើ​តាម​លោក ឈរ៉ា បញ្ចេញ​ឲ្យ​ដឹង។

ចំពោះ​មូលហេតុ តារា​ជើង​ចាស់​រូប​នេះ បញ្ជាក់​ថា មិន​មាន​បញ្ហា​អ្វី​ដុំ​កំភួន​នឹង​គ្នា​ទេ។ លោក​ថា "តាម​ពិត​អីចេះ​ទេ កុង​ត្រា​បង​មាន​រយៈ​ពេល​៤​ឆ្នាំ ប៉ុន្តែ​កន្លង​មក មាន​សិល្បករ​យើង​ចេះ​តែ​ចេញ​បន្តបន្ទាប់ អីចឹង​ក្រុមហ៊ុន​ក៏​សម្រេច​ថា​បញ្ចប់​កុងត្រា​អីចឹង​តែ​ម្ដង​ទៅ"។

លោក ឈរ៉ា បាន​សង្កត់​ធ្ងន់​ទៀត​ថា ត្បិត​ថា​បញ្ចប់​កុងត្រា​ជាមួយ​គ្នា ត្រូវ​បាន​បញ្ចប់​ក៏​ពិត​មែន ប៉ុន្តែ​លោក នៅ​តែ​ថត​ឲ្យ​ផលិតកម្ម​មហាហង្ស​ជា​ធម្មតា​ដដែល គ្រាន់​តែ​មិន​មាន​កុងត្រា​ថត​ផ្ដាច់​មុខ​ដូច​មុន។ ជាក់​ស្ដែង លោក​ក៏​ទើប​នឹង​កុងត្រា​ថត​រឿង​ថ្មី​ឲ្យ​មហាហង្ស​រឿង "កាំបិត​មុខ​២" ថ្មី​ៗ​នេះ​ដែរ រួម​ទាំង​ការងារ​នានា​ទៀត​នា​ពេល​ខាង​មុខ។

រូបភាព៖ ហ្វេសប៊ុក​លោក ហម ឈរ៉ា

ជុំវិញ​ការ​បញ្ចប់​កុងត្រា​រវាង​គ្នា​នា​ថ្ងៃ​នេះ ភាគី​ផលិតកម្ម​មហាហង្ស​ដែល​មាន​លោក អ៊ិន សុភិន ជា​ចាងហ្វាង មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​បាន​ទេ​នៅ​ព្រលប់​នេះ។

ក្រោយ​រួច​ផុត​ពី​កិច្ច​សន្យា​ការងារ នៅ​ពេល​នេះ តារា​ប្រុស​ឈាន​មុខ​លើ​ការ​បំផុស​ឲ្យ​ប្រើ​ប្រាស់​ភាសា​ខ្មែរ​ទូលំទូលាយ​លើ​បណ្ដាញ​សង្គម​រូប​នេះ ប្រកាស​ថា លោក​មាន​សិទ្ធិ​ទូលំទូលាយ​ក្នុង​ការ​ធ្វើ​ការ​ជាមួយ​នឹង​ផលិតកម្ម​ផ្សេងៗ។ ដូច្នេះ​ហើយ ជាមួយ​គ្នា​នេះ លោក​ថា ​អាច​ទទួល​រាល់​ការងារ​ថត​សម្ដែង​នានា​ពី​ផលិតកម្ម​ទាំង​អស់ ប្រសិន​បើ​មាន​តម្រូវ​ការ ទៅ​តាម​ការ​ចរចា ឬ​ពិភាក្សា​ជាក់​ស្ដែង៕

អត្ថបទ៖ ទារិកា