ចាងហ្វាងផលិតកម្មមហាហង្ស ឆ្លើយតបជុំវិញហើយ រឿងផ្ដាច់កុងត្រា ហម ឈរ៉ា
- 2018-04-11 02:36:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាងហ្វាងផលិតកម្មមហាហង្ស ឆ្លើយតបជុំវិញហើយ រឿងផ្ដាច់កុងត្រា ហម ឈរ៉ា
ចន្លោះមិនឃើញ
ចាងហ្វាងផលិតកម្មមហាហង្សលោក អ៊ិន សុភិន ព្រឹកនេះបានឆ្លើយតបនឹងរឿងផ្ដាច់កុងត្រាជាមួយតារាសម្ដែងជើងចាស់ ហម ឈរ៉ា ថា រវាងផលិតកម្ម និងតួសម្ដែង គឺមិនមានបញ្ហាអ្វីនឹងគ្នាឡើយ។
ផលិតកម្មមហាហង្ស ទើបបានចែកផ្លូវជាមួយតារាសម្ដែងមួយចំនួនរបស់ខ្លួន តាមរយៈការផ្ដាច់កុងត្រារវាងគ្នា ក្នុងនោះលោក ហម ឈរ៉ា ភាគីទាំងពីរ ទើបព្រមព្រៀងលុបចោលកិច្ចសន្យាការងារជាមួយគ្នា ត្រឹមថ្ងៃម្សិលមិញ។ ប៉ុន្តែតារាផ្សេងទៀត ត្រូវបានលុបចោលកុងត្រាបន្តបន្ទាប់រួចមកហើយ។
បញ្ហានេះ ថ្នាក់ដឹកនាំផលិតកម្មមហាហង្ស បានបញ្ជាក់ថា មិនមានការថ្នាំងថ្នាក់ណាមួយរវាងភាគីទាំងពីរឡើយ។លោក អ៊ិន សុភិន ឲ្យដឹងទៀតថា អ្វីដែលក្រុមហ៊ុនបានធ្វើ គឺដើម្បីផ្ដល់សិទ្ធិសេរីភាពដល់សិល្បៈ ជាជាងចងជើងពួកគេទុកតាមរយៈកិច្ចសន្យានោះ។ លោកថា "អត់មានបញ្ហាអីទេ អត់មានរឿងអីទាំងអស់ គ្រាន់តែដំបូងឡើយ គឺតួខ្លះគាត់បានស្នើសុំ អីចឹងក៏មានការប្រជុំ ហើយយើងក៏ព្រមតាមហ្នឹងទៅ ព្រោះក៏ចង់ឲ្យពួកគាត់មានសិទ្ធិសេរីភាពដែរ អត់មានបញ្ហាអីទេ"។
តាមការបញ្ជាក់របស់ចាងហ្វាងផលិតកម្មដដែល មិនមែនមានតែលោក ហម ឈរ៉ា ម្នាក់ទេ ដែលក្រុមហ៊ុនព្រមព្រៀងលុបចោលកុងត្រា ក្នុងនោះមានតារាសម្ដែង អាំង សូនីតា លោក អ៊ឹង រិទ្ធីយ៉ាន និង អ្នកនាង សឿន ផាភួង ជាដើមក៏ព្រមព្រៀងបញ្ចប់កុងត្រាជាមួយគ្នាដែរ។ ដូចប្រាប់ពីខាងលើ លោកថា ការបញ្ចប់កុងត្រារបស់តួសម្ដែងទាំងអស់របស់ផលិតកម្ម គឺដើម្បីផ្ដល់ឲ្យពួកគេមានសេរីភាព ក្នុងការទទួលការងារផ្សេងៗបន្ថែម ជាជាងចងជើងទុក នាំឲ្យទីផ្សារការងារមានទំហំតូច។
“យើងបញ្ចប់កុងត្រាពួកគាត់មែន ប៉ុន្តែពួកគាត់នៅតែថតឲ្យយើងដដែល គ្រាន់មិនមានកុងត្រា គឺយើងធ្វើតាមការស្នើសុំរបស់ពួកគាត់ ដែលមិនចង់មានកុងត្រា ចង់មានសេរីភាពហោះហើរជាងមុន គឺគាត់សុំថតស៊ីតាម Project មួយៗចឹងណា"។ លោក អ៊ិន សុភិន បន្ថែម។
ក្នុងចំណោមតារាប្រចាំផលិតកម្មមហាហង្សទាំងអស់ មានតែលោក អូន ឧស្សាហ៍ ភឹម ដារ៉ាវិបុល ប៉ុណ្ណោះ ដែលនៅសល់កិច្ចសន្យាការងារ ក្នុងនោះ ក៏ព្រោះតែ តារាប្រុសទាំងពីរ មិនត្រឹមជាតារារបស់ផលិតកម្មទេ ប៉ុន្តែពួកគេ ក៏ជាបុគ្គលិកបម្រើការពេញសិទ្ធិនៅផលិតទៀតផង៕