ឧកញ៉ា ឃ្លោក​ ពិត​ជា​ដក​ខ្លួន​ចេញ​ពី​ពិភព​គុន​លែង​វិលវិញ​

  • 2018-04-12 02:52:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​​តារា​កំប្លែង នាយ ឃ្លោក ​ពិត​ជា​សម្រេច​ដើរ​ចេញ​ពី​ការងារ​សិល្បៈ​ លែង​មក​ចាប់​ផ្តើម​ជា​ថ្មី​មែន​ ទោះ​ជា​ពេល​នេះ​វិស័យ​សិល្បៈ​មាន​ការ​រីក​ចម្រើន​ ទាំង​ការ​ថត​​ខ្សែ​ភាព​យន្ត​ក្តី​ ដោយ​លោក​ចង់​ទុក​ឱកាស​ដល់​ក្មេង​ជំនាន់​ក្រោយ​។

តារា​កំប្លែង​ដែលទទួលបានងារជាឧកញ៉ារូបនេះបាន​សម្រេច​ចិត្ត​ទៅ​បើក​ជំនួញ​ផ្ទាល់​ខ្លួន​ដោយ​មិន​នឹកស្រណោះ​ ដល់​ការងារ​ចាស់​សោះ​។ លោក​បាន​ប្រាប់​ថា ​ពេល​ខ្លះ​លោក​ក៏​នឹក​ដល់​ការងារ​ចាស់ ជាពិសេស​មិត្ត​រួម​ការងារ​​ដែរ។ ទោះ​ជា​ឃើញ​​វិស័យ​សិល្បៈ​កំពុង​មាន​ទីផ្សារ​ លោក​មាន​ការ​សប្បាយ​ចិត្ត​ ប៉ុន្តែ​​គ្មាន​បំណង​វិល​មក​ផ្លូវ​នេះ​ម្ដង​ទៀត​នោះ​ទេ​ បែបនេះព្រោះតែលោក​ចង់​ទុក​ឱកាស​ឲ្យ​អ្នក​សិល្បៈ​ជំនាន់​ក្រោយ​។

«ពេល​សិល្បៈ​យើង​មាន​ការ​រីក​ចម្រើន​អីចឹង ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ ។ ចំពោះ​ការ​វិល​ត្រលប់​មក​សម្ដែង​មក​វិញ​ខ្ញុំ​មិន​មានបំណង​ទេ ​​ព្រោះ​ខ្ញុំ​ចាស់​ យើង​ចេញ​ពីសិល្បៈមក​​ច្រើន​ឆ្នាំ​មក​បើក​របរ​ផ្ទាល់​ខ្លួន​ហើយ​ ខ្ញុំ​មិន​ចង់​ចូល​ ណា​មួយ​ទុក​ឲ្យ​ក្មេង​ៗ​ចុះ»។

តារា​កំប្លែង មាន​កំណើត​មក​ពី​ខេត្ត ស្វាយរៀង​​ម្នាក់​នេះ មានឈ្មោះដើម ទុំ សារុត ត្រូវ​បាន​ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ព្រះ​បាទ នរោត្តម សីហ​មុនី ត្រាស់​បង្គាប់​តែង​តាំង​ជា​ឯក​ឧត្ដម កាល​ពី​ដើម​ឆ្នាំ ២០១៤ បន្ទាប់​ពី​តារា​កំប្លែង​រូប​នេះ ​បាន​ជួយ​កិច្ចការ​សង្គម​ជា​ច្រើន​កន្លង​មក ដូច​ជា សាលា​រៀន ស្រះ​ទឹក និង ​ជួយ​វត្ត​អារាម​ជា​ដើម ។ បន្ទាប់ពីទទួលតំណែងជាឯកឧត្តម នាយ ឃ្លោកក៏ដកខ្លួនពីសិល្បៈ ហើយនៅឆ្នាំ ២០១៥ លោកទទួលបានងារជាឧកញ៉ាមួយបន្ថែមទៀត៕

អត្ថបទ៖ ច្រឹក ស្រីអូន