មិនបាច់លក់អីធំដុំ គ្រាន់តែមានធុងទឹកកកតូចមួយ នៅមុខអង្គរដូចទៅកើបលុយស្រួលៗ
- 2018-04-17 01:43:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនបាច់លក់អីធំដុំ គ្រាន់តែមានធុងទឹកកកតូចមួយ នៅមុខអង្គរដូចទៅកើបលុយស្រួលៗ
ចន្លោះមិនឃើញ
ក្នុងឱកាសឈប់សម្រាកថ្ងៃបុណ្យចូលឆ្នាំ ក៏ដូចជាព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅលើកទឹកដីអង្គរមានភ្ញៀវទេសចរជាតិ អន្តរជាតិណែនណាន់តាន់តាប់ ធ្វើដំណើរកម្សាន្ត។ ក្នុងនោះការលក់ដូររបស់អាជីវករក៏ដាច់មិនធម្មតាដែរ។ ចុះចំណែកអ្នកលក់ទឹកសុទ្ធតាមធុងទឹកកកតូចៗវិញ ក្នុងមួយថ្ងៃអាចរកចំណូលបានប៉ុន្មានទៅ?
ទើបតែមកលក់ទឹកសុទ្ធជាលើកដំបូង នៅមុខប្រាសាទអង្គរវត្ត លោក សុវណ្ណ ច័ន្ទ ដែលលក់រយៈពេល៤ថ្ងៃមកហើយនោះ ប្រាប់ថា ក្នុងមួយថ្ងៃអាចរកប្រាក់ចំណូលបាន ដោយមិនទាន់ប្រាក់ចំណេញ ពី២០ ទៅ៣០ម៉ឺនរៀល។ បើទូទាត់ថ្លៃដើមចេញ អាចចំណេញបានពី ៤ ទៅ៥ម៉ឺនរៀលដែរ ដោយគិតតែទឹកសុទ្ធតែម្ដង មិនគិតពីភេសជ្ជៈផ្សេងៗនោះទេ។
មានត្រឹមធុងទឹកកកតូចមួយ មានលក់ទឹកសុទ្ធ និងភេសជ្ជៈបន្តិចបន្តួច អ្នកស្រីលីដា ដែលមកដើរលេង និងឆ្លៀតលក់ដូរផងនោះ ប្រាប់ថា ក្នុងមួយថ្ងៃអាចរកចំណូលបានចន្លោះពី៤០ ទៅ៥០ម៉ឺនរៀលឯណោះ។ ក្រៅពីមានលក់ជាភេសជ្ជៈ ទឹកសុទ្ធ អ្នកមកពីត្បូងឃ្មុំនេះ ក៏ឆ្លៀតលក់ខោអាវ ថែមទៀត ហើយអាចរកចំណូលបានកប់ក្ដោងមិនធម្មតានោះទេ។
មកជួបជាមួយអ្នកស្រី ចន្ធី ដែលមានធុងទឹកកកតូចមួយដាក់លក់ទឹកសុទ្ធ ក្នុងបរិវេណអង្គរដែរនោះ អាចរកចំណូលបាន ពី១០ ទៅ២០ម៉ឺនរៀលក្នុងមួយថ្ងៃ។ អ្នកមកពីខេត្តពោធិ៍សាត់រូបនេះ ឲ្យដឹងថា ចំពោះតម្លៃវិញ មិនមានឡើងថ្លៃនោះទេ គឺដូចតែថ្ងៃធម្មតាដែរ តែដោយសារធុងតូចពេក ទើបរកចំណូលមិនសូវបានច្រើនដូចគេ។
ដោយឡែកអ្នកស្រី ចាន់ថា មានមុខរបរជាលក់ភេសជ្ជៈ តាមកម្មវិធីបុណ្យនានានោះ ប្រាប់ថា លក់ដាច់ខ្លាំងជាងថ្ងៃធម្មតា ដោយអាចរកបាន ពី៣០ម៉ឺន ទៅ៤០ម៉ឺនរៀលក្នុងមួយថ្ងៃ៕