បង្ហាញស្នាដៃ ហម ឈរ៉ា ជាមួយ មហាហង្ស ជិត២ឆ្នាំ
- 2018-04-18 06:49:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បង្ហាញស្នាដៃ ហម ឈរ៉ា ជាមួយ មហាហង្ស ជិត២ឆ្នាំ
ចន្លោះមិនឃើញ
ដូចប្រិយមិត្តធ្លាប់បានដឹងរួចមកហើយ តារាសម្ដែងជើងចាស់លោក ហម ឈរ៉ា បានសម្រេចបញ្ចប់កុងត្រាថតភាពយន្តផ្ដាច់មុខទាំងកណ្ដាលទីជាមួយផលិតកម្មមហាហង្សរួចហើយកាលពីពេលថ្មីៗ បន្ទាប់ពីបានអនុវត្តន៍បានជិត២ឆ្នាំ ខណៈកុងត្រាមានរយៈពេលរហូតដល់ពី៤ឆ្នាំឯណោះ។ តើរយៈពេលដែលរៀមច្បងសិល្បៈរូបនេះនៅជាមួយផលិតកម្មមហាហង្សលោក បានធ្វើអ្វីខ្លះ?
ក្រៅពីមាននាទីជាតារាសម្ដែងភាពយន្តផ្ដាច់មុខឲ្យផលិតកម្ម លោក ហម ឈរ៉ា គឺជារៀមច្បងសិល្បៈមួយរូបដែលអ្នកសិល្បៈជំនាន់ក្រោយរៀនសូត្រពីសមត្ថភាពសម្ដែងរបស់លោកផងដែរ។ជាមួយគ្នានោះ លោកក៏ជាទីប្រឹក្សាសំខាន់មួយរូបឲ្យផលិតកម្មផងដែរ។
លោក ហម ឈរ៉ា បានឲ្យដឹងថា ជិត២ឆ្នាំដែលខ្លួនបានធ្វើការជាមួយមហាហង្ស លោកបានថតភាពយន្តជិត១០រឿង ក្នុងនោះមានភាពយន្តមួយចំនួននៅមិនទាន់ចាក់បញ្ចាំងក៏មាន។ តារាសម្ដែងជើងចាស់រូបនេះបានរៀបរាប់ចំណងជើងភាពយន្តដែលលោកបានថតមានដូចជា ទី១/រឿង"ឆ្អែតចិត្ត",ទី២/រឿង"ពេជ្រក្នុងបេះដូង",ទី៣/រឿង"មរតកចុកឈាម",ទី៤/រឿង"មីនុយធ្នាក់អន្ទាក់ស្នេហ៍",ទី៥/រឿង"គំនុំអតីតជាតិ",ទី៦/រឿង"ទឹកចិត្តប្រពន្ធ",ទី៧/រឿង"ឱកូនសម្លាញ់",ទី៨/រឿង"ម្ចាស់បំណុល", និងទី៩រឿង"ចាំបិតមុខ២" គ្រោងចេញថតបន្ត។
មិនមែនមានតែលោក ហម ឈរ៉ា ម្នាក់ទេ ដែលផលិតកម្មមហាហង្ស បានព្រមព្រៀងលុបចោលកុងត្រា ក្នុងនោះមានតារាសម្ដែង អាំង សូនីតា លោក អ៊ឹង រិទ្ធីយ៉ាន និង អ្នកនាង សឿន ផាភួង ជាដើមក៏ព្រមព្រៀងបញ្ចប់កុងត្រាជាមួយគ្នាដែរ។ ការបញ្ចប់កុងត្រារបស់តួសម្ដែងទាំងអស់របស់ផលិតកម្ម លោក អ៊ិន សុភិន បានបញ្ជាក់ថា គឺដើម្បីផ្ដល់ឲ្យពួកគេមានសេរីភាព ក្នុងការទទួលការងារផ្សេងៗបន្ថែម ជាជាងចងជើងទុក នាំឲ្យទីផ្សារការងារមានទំហំតូច។ តាមការបញ្ជាក់ពីលោក អ៊ិន សុភិន ក្នុងចំណោមតារាប្រចាំផលិតកម្មមហាហង្សទាំងអស់ មានតែលោក អូន ឧស្សាហ៍ លោក ភឹម ដារ៉ាវិបុល ប៉ុណ្ណោះ ដែលនៅសល់កិច្ចសន្យាការងារ ក្នុងនោះ ក៏ព្រោះតែ តារាប្រុសទាំងពីរ មិនត្រឹមជាតារារបស់ផលិតកម្មទេ ប៉ុន្តែពួកគេ ក៏ជាបុគ្គលិកបម្រើការពេញសិទ្ធិ ឲ្យក្រុមហ៊ុនលោកផងដែរ។
ទទឹមការប្រកាសបញ្ចប់កុងត្រាផ្ដាច់មុខជាមួយផលិតកម្មនេះ លោក ហម ឈរ៉ា បានស្នើដល់ផលិតកម្មផ្សេងៗទៀតដែលចង់បានលើទៅ ចូលរួមសម្ដែងខ្លួនស្វាគមន៍ជានិច្ច៕