សូរ្យ អេនណា នាំ​ស្រី​ស្រស់​ប្រុស​ក្មេង​ ហោះ​ទៅ​ដណ្ដើម​ពាន​នៅ​កូរ៉េ​យប់​មិញ

  • 2018-04-24 02:22:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យប់​មិញ​​នេះ កញ្ញា សូរ្យ អេនណា ​ប្រធាន​ក្រុម​​ម៉ូដែល​"តារា​រះ​​ថ្មី​កម្ពុជា" បាន​ដឹក​នាំ​កូន​ក្រុម​របស់​ខ្លួន​ចំនួន​២​រូប​ទៅ​ចូល​រួម​ការ​ប្រកួត​មួយ​​នៅ​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ ដែល​កម្មវិធី​គ្រោង​ធ្វើចាប់​ពី​ថ្ងៃ​ទី២៥ ខែ មេសា រហូត​ដល់ ថ្ងៃទី៧ ​ខែ ឧសភា ឆ្នាំ ២០១៨ ដោយ​នៅ​ក្នុង​នោះ មាន​ប្រទេស​ចំនួន​២៦ នៅ​ទ្វីប​អាស៊ី​​ចូល​រួម។

កញ្ញា ប៉ូ​ គឹមថេងសុតធីតា លោក ប្រាជ្ញ​ ឆវ័ន្ដ និង កញ្ញា សូរ្យ អេនណា (រាប់ពីឆ្វេងទៅស្តាំ)

កម្មវិធី​ប្រកួត​ខាង​លើ​​មាន​ឈ្មោះ​ថា Asia Model Festival 2018 ដែល​ជាកម្មវិធី​​​ប្រកួត​ការ​ដើរ​បង្ហាញ​ម៉ូដ​អន្តរជាតិ​ល្បី​ឈ្មោះ​មួយ ហើយ​នេះ​គឺ​ជា​ឆ្នាំ​ទី១៣ ដែល​កម្មវិធី​បាន​ប្រារព្ធ​ឡើង សម្រាប់​ប្រទេស​កម្ពុជា​វិញ​ទើប​តែ​ចូល​រួម​២លើក​តែ​ប៉ុណ្ណោះ។ កាលឆ្នាំ​២០១៧ ក្រុម​ម៉ូដែល​ខាង​លើ​ បាន​បញ្ជូន​បេក្ខជនរបស់​ខ្លួន​ចំនួន​៣រូប​ មាន​ស្រី​២រូប និង​ប្រុស​១រូប គឺ លោក ដូ រីកូ កញ្ញា ផល សុផានីកា និងកញ្ញា នាង វណ្ឌី ដែល​កាល​ណោះ បាន​ទទួល​ពាន១ គឺ​ពាន​​តំណាង​ប្រទេស​ដែល​ចូល​រួម និង ប័ណ្ណ​សរសើរ​១។ ចំណែក​នៅ​ឆ្នាំ​នេះ បាន​បញ្ជូន​តែ​២រូប​ទេ គឺ​បេក្ខជន​ឈ្មោះ លោក ប្រាជ្ញ​ ឆវ័ន្ដ និង បេក្ខនារី​​​កញ្ញា ប៉ូ​ គឹមថេងសុតធីតា។

តាម​ការ​លើក​ឡើង​របស់ ​សូរ្យ អេនណា មុន​សម្រេច​បញ្ជូន​​ស្រី​ស្រស់​ប្រុស​ស្អាត​ទាំង​ពីរ​ទៅ​ចូល​រួម​ប្រកួត គឺ​មាន​ការ​ជ្រើសរើស​ពី​​គណៈកម្មការ​​​ "Asia Model Festival” នៅ​ប្រទេស​កូរ៉េ មិនមែន​ធ្វើ​​ឡើងស្រេច​​តែ​ចិត្ត​ឡើយ។ ត្រង់​នេះ ប្រធាន​ក្រុម​ម៉ូដែល​​រូប​នេះ​ពន្យល់​ថា ដោយសារតែ​ក្រុម​របស់​នាង គឺ​ជា​ក្រុម​ម៉ូដែល​ឧស្សាហ៍​ចេញ​​ទៅ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ច្រើន​លើក ហើយ​មាន​ទំនាក់ទំនង​ល្អ​ជា​មួយ​ ​agency ​តាម​បណ្ដា​ប្រទេស​ទាំង​នោះ ដូច​នេះ ​agency ស្គាល់​​ទុកចិត្តនាង។ នាង​ថា ក្រុម​​ម៉ូដែល​របស់​នាង​បាន​បញ្ជូន​តារា​ម៉ូដែល​ក្នុង​ប្រទេស​កម្ពុជា​ជា​ច្រើនរូប ដើម្បី​ឲ្យ​គណៈកម្មការ"Asia Model Festival” នៅ​ប្រទេស​កូរ៉េ​ជ្រើស​រើស ហើយ​ជា​​លទ្ធផល គណៈកម្មការ​ជ្រើស​រើស​តែ​២នាក់​ប៉ុណ្ណោះ គឺ​ លោក ប្រាជ្ញ​ ឆវ័ន្ដ និង កញ្ញា ប៉ូ​ គឹមថេងសុតធីតា។

តាម​បទ​ពិសោធ​លោក ប្រាជ្ញ​ ឆវ័ន្ដ មិន​ធ្លាប់​ចូល​រួម​ប្រកួត​លក្ខណៈ​អន្តរជាតិ​បែប​នេះ​ទេ ពោល​កន្លង​មក​តារា​ម៉ូដែល​រូប​នេះ​ធ្លាប់​ដើរ​​ម៉ូដ​ក៏​ដូច​ជា​សម្ដែង​ការងារ​សិល្បៈ​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ។ ចំណែក​កញ្ញា ប៉ូ​ គឹមថេងសុតធីតា ធ្លាប់​បាន​ចេញ​ទៅ​ប្រកួត​លក្ខណៈ​អន្តរជាតិ​បែប​នេះ​ម្ដង​កាល​ពី​ខែ​កញ្ញា ឆ្នាំ ២០១៧ នៅ​ប្រទេស​ចិន ដែល​កាល​​​ណោះ ស្រី​ស្អាត​រូប​នេះ ធ្លាប់​បាន​ទទួល​ចំណាត់​ថ្នាក់​លេខ​៤។​​​

លោក ប្រាជ្ញ​ ឆវ័ន្ដ និង កញ្ញា ប៉ូ​ គឹមថេងសុតធីតា

បេក្ខភាព​ទាំង​២ សុទ្ធតែ​បង្ហាញ​​ជំនឿ​ជាក់​លើ​ការ​ប្រកួត​នេះ ហើយ​ពួក​គេ​បាន​​ប្ដេជ្ញា​ថា នឹង​ខិត​ចំ​ឲ្យ​អស់​ពី​សមត្ថភាព ដើម្បី​ដណ្ដើម​ពាន​ណា​មួយ​ពី​ការ​ប្រកួត មក​ជូន​ក្រុម​របស់​ខ្លួន​ក៏​ដូច​ជា​ប្រទេស​ជាតិ។ ក្រៅ​ពី​ការ​ត្រៀម​លក្ខណៈ​សម្បត្តិ​លើ​ជំនាញ​ដើរ​​ម៉ូដ និងទម្រង់​សិល្បៈ​មួយ​ចំនួន អ្នក​ទាំង​ពីរ​ក៏​បាន​នាំ​នៅ​ឈុត​សម្លៀក​បំពាក់​តំណាង​ជាតិ​ម្នាក់​១​ឈុត​ផង​ដែរ។

អត្ថបទៈ ស៊ុនហួត