ចប់​​បាត់​ Miss Global ប្រេស៊ីល​​ គ្រង​មកុដនៅ​កម្ពុជា ​ត្រូវ​បាន​ដកហូត​តំណែង

  • 2018-04-25 02:32:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ម្សិលមិញ​លោក ឌី ពេជ្រ នាយក​ប្រតិបត្តិ​ និង​​ជា​ប្រធាន​​បវរកញ្ញា​ខ្មែរ​អាមេរិក​​បាន​ឲ្យ​ដឹង​ថា បវរកញ្ញា​​គ្រង​មកុដ​​នៅ​កម្ពុជា​ ក្នុង​កម្មវិធី​ Miss Global 2017 កញ្ញា Barbara Vitorelli ជន​ជាតិ​ប្រេស៊ីល​ ត្រូវ​បាន​គណៈកម្មការ Miss Global International ដក​តំណែង​ចេញ​ហើយ​ ក្រោយ​ពី​រក​ឃើញ​ភាព​មិន​ប្រក្រតី​ ក្នុង​ពេល​ប្រកួត​ កាល​ពី​ថ្ងៃ​ទី ១៨ ខែ វិច្ឆិកា ឆ្នាំ២០១៧ កន្លង​ទៅ។

លោក ឌី ពេជ្រ ប្រធាន​​បវរកញ្ញា​ខ្មែរ​អាមេរិក​​

​​លោក ឌី ពេជ្រ បន្ថែម​ថា ចំពោះ​ចំណុច​​​មិន​ប្រក្រតី​នៃ​ការ​ដក​តំណែង​​បវរកញ្ញា​ប្រេស៊ីល​​​ ដោយ​សារ​តែ​​អ្នកនាង​Tea Mark ​ដែល​ជា​ CEO Miss Global Internatoinal ​មាន​ឯក​សារ​គ្រប់​គ្រាន់​ក្នុង​ការ​បញ្ជាក់​ថា​​ការ​ប្រឡង​ Miss Global 2017 ​​​មិន​សុក្រឹត​ មិន​យុត្តិធម៌​​ដល់​បវរកញ្ញា​មក​ពី​ ៦០ ប្រទេស​ផ្សេង​ទៀត។ អំឡុង​ពេល​នេះ​តុលាការ​កំពុង​តែ​ស៊ើបអង្កេត​លើ​ភាព​មិន​ប្រក្រតី​នៃការកិបកេងថវិកាដ៏ច្រើន ចំណែក​ឯ​បវរកញ្ញា​ឯក​ប្រទេស​ណា​លេខ​មួយ​នោះ​មិន​មិន​ទាន់​ដឹង​ច្បាស់​ទេ។

ចំណុច​មិន​ប្រក្រតី​មួយ​ចំនួន​ទៀត​​ទាក់​ទង​ លោក​ រតនៈ អអឿន ដែលជាអ្នកទទួលខុសត្រូវរួមសម្រាប់ការប្រកួត Miss Global 2017 នៅប្រទេសកម្ពុជា ​បាន​កិបកេង​លុយ​រាប់​ម៉ឺន​ដុល្លារ​​​ចូល​ហោប៉ៅ​ខ្លួន​ ដោយ​មិន​យក​មក​ដាក់​ចូល​ក្រុម​ហ៊ុន ​​​និង​មិន​បាន​បំពេញ​តួនាទី​​​ត្រឹម​ត្រូវ​ទៅ​តាម​លក្ខខណ្ឌ​​នៃ​ការ​ប្រកួត​ Miss Global International នោះ​ទេ។

​​លោក​ថា​៖​"មិន​ត្រឹម​តែ​មិន​បាន​បំពេញ​តួ​នាទី​នោះ​ទេ លោក​ រតនៈ អអឿន ថែម​ទាំង​បាន​ប្រើ​សិទ្ធិជា​អ្នក​រៀបចំ​នៅ​កម្ពុជា​ ​ដាក់​គណៈកម្មការ​ជា​ខ្សែ​មួយ​ចំនួន​ បណ្ដាល​ឲ្យ​ពិន្ទុ​ដែល​ត្រូវ​ប្រកាស​ឡើង​មាន​ភាព​មិន​ប្រក្រតី ហេតុ​ដូច្នេះ​ហើយ​ទើប​​គណៈកម្មការ Miss Global International សម្រេច​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​នៅ​អាមេរិក​ ដើម្បី​ទាម​ទារ​ឲ្យលោក រតនៈ អអឿន ​សង​ប្រាក់​ដែល​កិប​កេង​មក​វិញ និង​យុត្តិធម៌​សម្រាប់​បវរកញ្ញា​​ទាំង​៦០​ប្រទេស"។

ប្រធាន​​បវរកញ្ញា​ខ្មែរ​អាមេរិក​​ដដែលនេះ អះអាងបន្តថា ក្រៅ​ពី​ទម្លាក់​បវរកញ្ញា​ឯក​ប្រេស៊ីល​ចេញ​​ លោក រតនៈ អអឿន ប្រើ​សិទ្ធិ ជា​អ្នក​រៀបចំ​កម្មវិធី​​អញ្ជើញ កញ្ញា Barbara Vitorelli ​មក​កម្ពុជា​ម្ដង​ហើយ​ម្ដង​ទៀត​ដើម្បី​ដើរ​រក​ស្ពនស័​រ ទាំង​ដែល​ខ្លួន​លោក​ត្រូវ​បាន​ទម្លាក់​ចេញ​ពី​តំណែង​ទៅ​ហើយ​ក្ដី។

បវរកញ្ញា ប្រស៊ីល

ដូច្នេះ​រាល់​​រឿង​រ៉ាវ​មួយ​ចំនួន​ទាក់​ទង​ទង​ រតនៈ អអឿន នាំ​​បវរកញ្ញា​ប្រេស៊ីល​​ត្រូវ​បាន​ទម្លាក់​ពី​តំណែង​មក​ស្វែង​រក​ស្ពនស័​​នៅ​កម្ពុជា​ ខាង​ក្រុម​ហ៊ុន Miss Global International មិន​ទទួល​ខុសត្រូវ​ឡើយ​ ព្រោះ​ពេល​នេះ Barbara Vitorelli មិន​មែន​ជា​បវរកញ្ញា​ក្នុង​កម្មវិធី​​​ Miss Global 2017 ទៀត​ទេ នេះជាការបញ្ជាក់របស់លោក ឌី ពេជ្រ។

លោក​​​ រតនៈ អអឿន

ចំពោះ​ការ​លើក​ឡើង​ខាង​លើ​នេះ​លោក​​​ រតនៈ អអឿន សុំ​ច្រាន​ចោល​ទាំង​ស្រុង​ថា​ ខ្លួន​មិន​មែន​ជា​ដើម​ហេតុ​ដែល​​ធ្វើ​ឲ្យ​ការ​ប្រកួត​ Miss Global 2017 មាន​ភាព​មិន​ប្រក្រតី​នោះ​ទេ​។ ការ​ជ្រើស​រើស​ឲ្យ​ Barbara Vitorelli ជាប់​ជា​បវរកញ្ញា​គឺ​ត្រឹម​ត្រូវ​ហើយ​ គ្មាន​ករណី​ណាមួយ​​ត្រូវ​ទម្លាក់​នាង​ចេញ​ពី​​តំណែង​ឡើយ។

លោក​ថា៖​"​ អត់​ទេ​អូន​បង​មិន​បាន​កិប​កេង​លុយ​អី​ទេ ចំណែក​រឿង​ទម្លាក់​បវរកញ្ញា​ ប្រេស៊ីល ​ចេញ​ គឺ​អត់​មាន​រឿង​ហ្នឹង​កើត​ឡើង​ទេ គាត់​នៅ​តែ​ជា​បវរកញ្ញា​​ឯក​ដដែល​"៕​​​​​​​​​​​​​​​​​​​​​​​​​​​​

បវរកញ្ញា ប្រេស៊ីល

អត្ថបទ៖ ឆុង ស៊ីណាន