រឿង​រ៉ាវស្មានមិនដល់កើតមានពិតៗ កម្រមាន​អ្នក​ដឹង​ពី​តារាថៃ Nune "នាងឡាំយ៉ង"

  • 2018-04-30 02:56:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែង​មុខ​ស្រទន់ Nune Woranuch ជា​តារា​ថៃ​ម្នាក់​ក្នុង​ចំណោម​តារា​ផ្សេង​ទៀត​ដែល​ទទួល​បាន​ការ​គាំទ្រ​គួរ​សម​ពី​សំណាក់​ប្រជាជន​កម្ពុជា ពិសេស​ក្រោយ​ដើរ​ជា​តួ​ "នាង​ឡាំយ៉ង” កាល​ពី​ពេល​កន្លង​ទៅ។

ប្រជាប្រិយភាព​របស់​តារា​ស្រី​រូប​នេះ​ កាន់​តែ​កើន​ឡើង​ជា​បន្ត​បន្ទាប់​ តាំង​ពី​ចូល​សិល្បៈ​មក​ទល់​ពេល​បច្ចុប្បន្ន។ ល្បី​បែប​នេះ​ អ្នក​គាំទ្រ​មួយ​ចំនួន​ច្បាស់​ជា​ចង់​ជ្រាប​ពី​រឿង​រ៉ាវ​កម្រ​បង្ហាញ​ទាក់​ទង​នឹង​ Nune ជាក់​ជា​មិន​ខាន។ ដូចនេះ​ ដើម្បី​ជ្រាប​កាន់​តែ​ច្បាស់​ សូម​មក​ដឹង​ដូច​ខាង​ក្រោម៖

Nune ដែល​មាន​ឈ្មោះ​ពិត​ Woranuch Bhirombhakdi ឬ Woranuch Wongsawan កើត​នៅ​ថ្ងៃ​ទី​ ២៤ ខែ​កញ្ញា​ ឆ្នាំ ១៩៨០។ នាង​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជំនាញ​សិល្បៈ​ ពី​​មហាវិទ្យាល័យ​ Nathasin។

Nune ​បាន​ឈាន​ជើង​ចូល​សិល្បៈ​ តាំង​ពី​ឆ្នាំ​ ១៩៩៧ ក្នុង​រឿង​ "Porb Phi Fa”។ បន្ទាប់​ពី​នោះ​ នាង​ក៏​មាន​វត្តមាន​ជា​ហូរហែ​ក្នុង​រឿង​ភាគ​ល្បីៗ​ជា​ច្រើន។ មក​ទល់​ឆ្នាំ​ ២០១៨​នេះ​ រឿង​ដែល​នាង​បាន​សម្ដែង​មាន​មិន​តិច​ជាង​ ៤០​រឿង​ទេ ក្នុង​នោះ​ភាគ​ច្រើន​ជា​រឿង​ភាគ។ ស្នាដៃ​ភាពយន្ត​ដែល​ជោគជ័យ​ និង​នាំ​ឲ្យ​នាង​ឈ្នះ​ពាន​តារាស្រី​ឆ្នើម​ប្រចាំ​ឆ្នាំ​ ២០០៥​ គឺ​រឿង​ "Mae Ai Sae Eun”។

ក្រៅ​ពី​នេះ​ Nune ក៏​បាន​យក​ឈ្នះ​ចិត្ត​ទស្សនិក​ជន​ជា​ច្រើន​ឲ្យ​គាំទ្រ​តាម​រយៈ​រឿង​ល្បី​ផ្សេងទៀត​ដូចជា៖ "Rak Nakara ឆ្នាំ ២០០០”, “Kom Faek ឆ្នាំ ២០០៨”, “ជីវិត​នាង​ឡាំយ៉ង”, “Jao Wayha”, "Pidsawat” និងរឿង​ដែល​សម្ដែង​​ថ្មីៗ​នេះ​មាន​ចំណងជើង​ថា "Ra Rerng Fai”។

ឈុត​ក្នុង​រឿង​នាងឡាំយ៉ង

និយាយ​ពី​ជីវិត​គូ​វិញ​ តារា​ស្រី​កម្ពស់​ ១៦៥សង់ទីម៉ែត្រ​រូប​នេះ​បាន​រៀប​អាពាហ៍ពិពាហ៍​កាល​ពី​ឆ្នាំ ២០១០​ ជាមួយលោក​ Todd Pithi Bhirompakdee ដែល​ជា​អ្នក​នៅ​ក្រៅ​រង្វង់​សិល្បៈ។ ជីវិត​ស្នេហា​របស់​នាង​មាន​ភាព​ល្អូកល្អិន​មិន​ចាញ់​គូស្នេហ៍​ដទៃ​ទៀត​ទេ​ បើ​ទោះ​ពេល​នេះ​ពួកគេ​មិន​ទាន់​មាន​បុត្រ​ជាមួយ​គ្នា​ក៏ដោយ។

ក្រៅពី​អាជីព​ជា​តារាសម្ដែង និង​បង្ហាញម៉ូដ​ តារាស្រី​រូបនេះ​ក៏​កាន់​កាប់​ជំនួញ​ជា​ច្រើន​ក្នុង​ដៃ​ដែរ។ នាង​​រក​ស៊ី​លើ​វិស័យអចលទ្រព្យ​មាន​ឈ្មោះ​ថា​ "The Peach Condominium”, បង្គន់​អនាម័យ​ចល័ត​សម្រាប់​ជួល, ហាង​លក់​មួក "Worra Hat”, ភោជនីយដ្ឋាន "Kuy Teav Pao Pak”, ផលិតផល​ថែរក្សា​សម្រស់ "Worra Cream”, សាលា​បង្រៀន​រាំ​របាំ​ និង​ភោជនីយដ្ឋាន​ "Som Tam Saen Zaap Restaurant”។

ចំណែក​មិត្ត​ល្អ​របស់​នាង​វិញ​ សុទ្ធ​សឹង​ជា​មិត្ត​រួម​អាជីព​សិល្បៈ​ មាន​ដូចជា៖ Aum Patcharapa,  Mai Sukontawa, Bee Matika និង​ Jieb Chompoonuch៕

ប្រភព៖ sharerice   ប្រែ​សម្រួល៖ យី សុធារី