ម៉ែហាមមិនស្ដាប់ ទីបំផុតចូលព្រៃរកសត្វ ជួបរឿងស៊យ ទាល់តែបាន!
- 2018-04-30 11:31:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ែហាមមិនស្ដាប់ ទីបំផុតចូលព្រៃរកសត្វ ជួបរឿងស៊យ ទាល់តែបាន!
ចន្លោះមិនឃើញ
មកដល់ទៀតហើយ "នឹកឡើងហួសចិត្ត" ប្រិយមិត្តនៅខេត្តតាកែវម្នាក់ទៀត បានស្ម័គ្រចិត្តលាតត្រដាងពីបទពិសោធន៍ផ្ទាល់ខ្លួនកាលនៅកុមារ ភាពប្រាប់ប្រិយមិត្តថា គាត់ចូលព្រៃរកសត្វ ហើយក៏ជួបរឿងស៊យតែម្ដង។
កាល ជាង១០ឆ្នាំមុនខ្ញុំមានវ័យទើបតែ១២ឆ្នាំប៉ុណ្ណោះ ជាមួយក្មេងៗក្នុងភូមិដទៃទៀតជាង១៥នាក់ពួកខ្ញុំតែងតែឡើងទៅលើ ភ្នំក៏ដូចជាវាលស្រែនានាដើម្បីរក អណ្តើក ទន្សាយ ក្រួច កណ្ដុរជាដើម។ ការងារនេះ និយាយទៅពួកខ្ញុំចូលចិត្តណាស់ ព្រោះដូចដើរកម្សាន្តដែរ។ ដូច្នេះតែទំនេរពីការរៀនសូត្រ គឺពួកខ្ញុំប្រាកដជានាំគ្នាចូលព្រៃហើយ។
ទោះ យ៉ាងណា ដំណើរពួកខ្ញុំក៏មិនអត់ប្រយោជន៍ដែរ ព្រោះមិនដែលត្រឡប់វិញដៃទទេឡើយ រាល់លើកតែងបានសត្វនេះសត្វនោះមិនស្វាង ខណៈរាល់ពេលបានសត្វទាំងនោះ អ៊ុំ ហ៊ាង ជាអ្នកចម្អិន។ បន្ទាប់ពីគាត់ចម្អិនរួចហើយ ល្ងាចៗឡើងពួកខ្ញុំតែងតែយកបាយម្នាក់មួយចានៗទៅញ៉ាំជុំគ្នានៅ ផ្ទះ អ៊ុំ ហ៊ាង។ មួយសប្ដាហ៍ៗខ្ញុំញ៉ាំបាយល្ងាចនៅផ្ទះបានតែម្ដងទៅពីរដង ប៉ុណ្ណោះ។
ថ្ងៃមួយ នាថ្ងៃចុងសប្ដាហ៍ក្រោយសម្រាកពីការសិក្សា ពួកយើងក៏ចេញដំណើរប្រមាញ់សត្វព្រៃធម្មតា ជាមួយសុនខ៣ក្បាល។ ដៃម្ខាងកាន់ដំបងវែង ដៃម្ខាងទៀតកាន់ស្នខ្ញុំបានរត់យ៉ាងលឿនចេញទៅជាមួយអ្នកភូមិ ដទៃទៀតដោយគ្មានស្បែកជើងពាក់ទេ ដែលស្ទើរតែជាទម្លាប់ទៅហើយ ទាំងខ្ញុំ និងមិត្តភ័ក្ដិឯទៀត គឺមានតែដំបង ខ្វែវ ចប ជាដើមប៉ុណ្ណោះ។
ដំណើរប្រមាញ់សត្វព្រៃរបស់ពួកខ្ញុំ និយាយទៅមិនដែលជួបហេតុភេទអ្វីមិនល្អទេ គឺសុខសប្បាយរហូត ប៉ុន្តែថាដល់ថ្ងៃអន្សា ឬក៏ថ្ងៃស៊យក៏បាន ក៏ស្រាប់តែជួបរឿង ដែលដំបូងឡើយ គ្រាន់តែចេញដំណើរបានប្រមាណ១គីឡូដី ខ្ញុំបានរត់ជាន់អាចម៍មួយដុំនៅកណ្ដាលផ្លូវ អាពួកម៉ាកខ្ញុំឯទៀតសើចគឹល ហើយស្រែកថា “ហាសហា…អាតុលាជាន់អាចម៍ហើយវើយ!”។
មិនត្រឹមប៉ុណ្ណឹង អាឆ្កែបីក្បាលនោះ មិនដឹងថាវាយល់យ៉ាងម៉េចដែរ ស្រាប់តែព្រួសដាក់ខ្ញុំជាខ្លាំង។ មិនខ្ចីមាត់ ខ្ញុំប្រឹងងើបមកវិញទាំងខឹងក្នុងចិត្តនឹងពួកអាដែង ឃើញមិត្តភ័ក្ដិដួល មិនគិតជួយលើកបែរជានាំគ្នាសើចចំអកទាំងឆ្កែ ទាំងមនុស្ស។
ប៉ុន្តែ មិនអីទេ បានបន្ធូរកំហឹងបន្តិចដែរ ខ្ញុំបានទាញដំបងវៃអាឆ្កែ៣ក្បាល រត់បាតជើងសព្រាត។ មិនគិតថា ជាប្រផ្នូល ឬការឲ្យហេតុដឹងមុនអីទេ ពួកខ្ញុំបានប្រញាប់ដើរទៅមុខបន្តទៀត ដើរដល់ជម្រាលជើងភ្នំ ពួកខ្ញុំក៏ចែកគ្នាដើរវែកតាមព្រៃ ដើម្បីស្វែងរកសត្វក្រួច កណ្ដុរ និងទន្សាយ។ បន្តិចក្រោយមក ខ្ញុំស្រាប់តែឃើញឃ្មុំមួយសំបុកនៅក្នុងគុម្ពោតព្រៃ ក៏ស្រែកប្រាប់ពួកអាដែងថា “គ្រប់ទឹកហើយវ៉ើយង៉ៃនេះ ឃ្មុំមួយសំបុក ឃ្មុំផ្លិតទៀតអ្ហា!”។
អាបុល ជីដូនមួយរបស់ខ្ញុំ ក៏ស្រែកតប “ពិតមែន…! ហេងហើយយើង! យកដែកកេះ និងបារីមកឱ្យអញ អញចាត់ការវា!”។ អាបុល ជាអ្នកជំនាញជាងគេក្នុងចំណោមពួកយើង ក្នុងការយកឃ្មុំ តែវាគ្មានចេះបាលីបាគូអីទេ គឺប្រើតែបារីបង្ហុយដេញមេឃ្មុំចេញប៉ុណ្ណោះ។
បានបារីថ្នាំ ខ្លាំងមួយដុំ អាបុលដើរចូលទៅគុម្ពោតព្រៃ យ៉ាងខែងរែង ដេញពួកខ្ញុំឲ្យចេញឆ្ងាយ ខ្ញុំក៏មិននៅដែរ រកកន្លែងពួនខ្លាចឃ្មុំវាយបក។ ស្មានតែវាគ្រាន់ មានអី ចូលក្នុងគុម្ពោតព្រៃបន្តិច លឺសូអាបុល ស្រែក “អីយ៉ូយៗ…ជួយអញផង ឪម៉ាល់ទិចអញ” ។ ឪម៉ាល់ហ្នឹងមិនដឹងមកពីណាទេ វាដេញទិចពួកខ្ញុំរត់ពេញព្រៃ ។
ពេល ហ្នឹង អត់មានអ្នកណាជួយអ្នកណាទេ ដូចគេថា “សក់អាណាក្បាលអាហ្នឹង” ពួកខ្ញុំបានរត់ចែកផ្លូវគ្នារៀងខ្លួន ផ្លោះព្រៃប្រោក បន្លាមុតពេញខ្លួន។ ខ្ញុំឯណេះរត់ចង់ដាច់ខ្យល់ ហើយមិនដឹងថាថ្ងៃស៊យអីទេ ស្រាប់តែរត់ៗរបូតខោអស់ ហើយដួលព្រូស អាសន្នមកដល់ ខំប្រវេប្រវាយកក្បាលទៅពូនក្នុងគុម្ពោតព្រៃ ភ្លេចថាគូថននលគកនៅកណ្តាលវាល។
ចំប្លង់ បងឪម៉ាល់ គាត់លេងកំប៉េះគូថខ្ញុំម៉ាត់ៗពីរបីមេ ខ្ញុំៗស្រែកយ៉ៃយំ ហៅអាពួកម៉ាកឱ្យមកជួយ។ តែមាននរណាជួយ ប្រាស់អាយុតែរៀងខ្លួនអស់ មិនដឹងនៅឯណា ចុងក្រោយប្រឹងរត់ទៅហក់ទឹកត្រពាំងមួយ ទើបដឹងថា ពួកអាដែងក៏នៅហ្នឹងដែរ។
និយាយពីឪម៉ាល់វិញ មិនដឹងថា វាគំពួកខ្ញុំ តាំងពីអង្កាល់ ដល់ថ្នាក់រត់មកសម្ងំនៅក្នុងទឹកហើយ វានៅតែក្រវែលពីលើក្បាលដែលពួកខ្ញុំលឹបផ្លឹមៗទៀត។ ពួកខ្ញុំត្រាំទឹកប្រហែល១ម៉ោង ទើបពួកវារំសាយកំហឹង ហើរទៅវិញ ឯពួកខ្ញុំក៏ឡើងពីទឹក មើលមុខគ្នា។ អាបុល ហើមមុខពោរស្ទើរមើលមិនស្គាល់ អាបីបួននាក់ទៀត រួចខ្លួន ខ្ញុំឯណេះ ហើមកំប៉េះគូទឡើងរឹង ចុកដើរមិនកើតថែមទៀត។
ចុងក្រោយ ខ្ញុំត្រូវពួកអាដែងសែងមកផ្ទះ។ម៉ាក់ខ្ញុំឯណេះ ឃើញគេសែងខ្ញុំមកដូច្នេះ ក៏ស្រែកសួរ “ម៉េចហើយ មានរឿងអីស្រែកយំខ្លាំងម្ល៉េះ។ ពួកម៉ាកខ្ញុំឆ្លើយ “ឪម៉ាល់ទិចគូថវា”។
ម៉ែសើច “អញថាហើយ ថាកុំទៅៗ ឥឡូវខូចទេ...មើលអាណានោះ មុខហើមស្ពុលហ្នឹង?” អាបុល ឆ្លើយ “ញ៉ុម អាបុល អ៊ុំ…” “អើសមមុខហើយ ពួកអ្ហែង...សត្វវាចង់រស់ដូចតែពួកអ្ហែងអីចឹង!”។
ស្នាដៃឪម៉ាល់ ធ្វើបាបខ្ញុំពីរអាទិត្យ ពោលគឺអង្គុយអត់បានទេ សូម្បីតែបាយក៏ឈរដែរ។ ដោយឡែកដេកពួនយប់ព្រលប់វិញ រឹតតែមិនស្រួលទៀត គឺដេកបានតែផ្កាប់ប៉ុណ្ណោះ ធ្ងន់ធ្ងរជាងនេះទៀត គឺសូម្បីតែខោ ក៏ស្លៀកអត់កើតដែរ។ សំណាងហើយកាលនោះ នៅក្មេងអាយុ១២ឆ្នាំ បើឥឡូវស្លៀកខោអត់កើតអីចឹង ចប់បណ្ដោយ...៕
បងប្អូនមានអនុស្សាវរីយ៍ហួសចិត្ត សើចសប្បាយ ចង់ចែករំលែក សូមទាក់ទងលេខ ០១០ ៥៥៥ ៦៩៥ ឬផ្ញើសារជាសំឡេងមកប្រអប់សារនៃទំព័រ នឹកឡើងហួសចិត្ត ក៏បាន!!!