នៅ ម៉ារីសា មានផលិតករចែចូវច្រើន ក្រោយសម្តែងជាតួឯកស្រទន់ តែនាងបដិសេធ

  • 2018-05-01 00:29:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រម្លឹកដល់ការសម្តែងរឿង «ស្រទន់មន្តស្នេហ៍» កញ្ញា ម៉ារីសា នឹកឡើងអាល័យការងារមួយនេះណាស់ តែនិយាយប្រាប់ត្រង់ នាងក៏បាក់កម្លាំង រហូតធ្លាក់ខ្លួនឈឺជាច្រើន​ថ្ងៃក្រោយថតភាពយន្តនេះចប់ ដោយសារពេលវេលាថតច្រើនម៉ោងស្ទើររៀងរាល់ថ្ងៃ។

ប៉ុន្តែមិនថ្វីទេ ភាពយន្តនេះធ្វើឲ្យកញ្ញា ទទួលបានការគាំទ្រច្រើន ហើយក៏ជាជោគជ័យមួយ ក្រោយបញ្ចប់ការថតភាពយន្ត និងចាក់បញ្ចាំងរួច។ ម៉ារីសា ក៏បាន​ធ្វើ​ឱ្យ​តួឯកស្រទន់ ទទួល​​បានការស្រលាញ់ពេញចិត្ត និងគាំទ្រជាច្រើនដែរក្នុងប្រទេសកម្ពុជា។ លើសពីនេះទៀត យុវតី រូបស្រស់ម្នាក់នេះ ក៏ត្រូវបានផលិតករភាពយន្តខ្លះស្វែងរកដើម្បីបន្តការសម្តែងភាពយន្តថ្មីៗរបស់ខ្លួន តែកញ្ញា រេដៃ សុំសម្រាកសិន។

ការដែលបដិសេធថតភាពយន្តមួយរយៈ ក្រោយបញ្ចប់រឿង «ស្រទន់មន្តស្នេហ៍» ដោយសារកញ្ញា នៅ ម៉ារីសា មានបំណងបន្តការសិក្សាថ្នាក់បរិញ្ញាប័ត្រវិញ ហើយពេលវេលាដែលផលិតករភាពយន្តផ្តល់ឱ្យក្នុង​ការថតរឿងមិនអំណោយផលចំពោះការសិក្សារបស់ខ្លួន។ បច្ចុប្បន្ននេះ កញ្ញា នៅ ម៉ារីសា បានបន្តការសិក្សានៅមហោវិទ្យាល័យមួយ ផ្នែកបដិសណ្ឋារកិច្ច និងសណ្ឋាគារ ហើយ​ក៏​ពិចារណាលើពេលវេលាសម្តែងភាពយន្តដូចគ្នា។

នេះគឺមានន័យថា កញ្ញា គ្មានគម្រោងបោះបង់ការងារសម្តែងភាពយន្តរបស់ខ្លួនដែលកសាងឡើង ៥ ឆ្នាំមកនេះឡើយ។ ម៉ារីសា បញ្ជាក់ថា នាងនឹងទទួលការងារសម្តែងទាំងឡាយណាដែលធ្វើឱ្យនាងមានពេលរៀនសូត្រគ្រប់គ្រាន់ ដោយមានកុងត្រាពេលវេលាថតឱ្យជាក់ច្បាស់លាស់ជាមុន។ តែជាក់ស្តែងតួឯកស្រទន់ ដ៏មានមន្តស្នេហ៍ ក៏បានត្រៀមខ្លួនសម្តែងក្នុងភាពយន្តភាគទូរទស្សន៍ថ្មីមួយទៀតដែរក្នុងឆ្នាំ ២០១៨ នេះ រួមជាមួយការងារសម្តែងក្នុងស៉្បត់ពាណិជ្ជកម្មមួយចំនួនទៀតទាំងផលិតផលក្នុងស្រុក និងក្រៅស្រុក៕

អត្ថបទ៖ Sunny

អត្ថបទថ្មី