អាសូរយាយ ណាង គ្មានប្រាក់ដេកពេទ្យ ដល់ថ្នាក់ដោះយកកងដៃចៅបញ្ចាំយកលុយទិញថ្នាំលេប
- 2018-05-01 04:38:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាសូរយាយ ណាង គ្មានប្រាក់ដេកពេទ្យ ដល់ថ្នាក់ដោះយកកងដៃចៅបញ្ចាំយកលុយទិញថ្នាំលេប
ចន្លោះមិនឃើញ
តារាកំប្លែងជើងចាស់ ណយ សំណាង ដែលមានជំងឺចុកឆ្អល់ធ្លាក់ឈាមតាមទ្វាធំមិនបាត់កាលពីប៉ុន្មានថ្ងៃមុននេះ គិតមកដល់បច្ចុប្បន្ននោះ នៅមិនទាន់ប្រសើរឡើងវិញទេ ក្នុងនោះដោយសារតែគ្មានប្រាក់ អ្នកស្រីបង្ខំចិត្តយកកងដៃចៅ ទៅបញ្ចាំដើម្បីទិញថ្នាំលេប និងចាយវាយប្រចាំថ្ងៃទៀត។
តារាកំប្លែងជើងចាស់រូបនេះ សម្រាកនៅគ្លីនិកឯកជនបានតែ២ថ្ងៃប៉ុណ្ណោះ ក៏សម្រេចចិត្តត្រឡប់មកសម្រាកព្យាបាលនៅផ្ទះវិញ។លោក យាយ ណាង បានឲ្យដឹងថា អាការចុកឆ្អល់ធ្លាក់ឈាមតាមទ្វារធំបច្ចុប្បន្នលែងមានឈាមធ្លាក់ទៀតហើយ ប៉ុន្តែបែរជាបត់ជើងធំមិនចេញចេញទៅវិញ។ អ្នកស្រីបត់ជើងធំមិនចេញ៤ថ្ងៃមកហើយ ចំណែកការពិសាអាហារវិញ នៅតែមិនទាន់បានដដែលគឺ បានតែបបរតិចៗ និងទឹកតែប៉ុណ្ណោះ។
តារាកំប្លែងវ័យ ៧៤ឆ្នាំរូបនេះ បានបន្តឲ្យដឹងថា រយៈពេលដែលអ្នកស្រីបានសម្រាកនៅពេទ្យ២ថ្ងៃកន្លងទៅនោះ បានចំណាយអស់ជាង៣០០ ដុល្លារ។ តាមការបញ្ជាក់របស់គ្រូពេទ្យ អ្នកស្រីថា តម្រូវឲ្យសម្រាកឲ្យបានយ៉ាងតិច១សប្ដាហ៍ ដែលត្រូវការចំណាយច្រើនទៀត។ ដូច្នេះហើយដោយសារ គ្មានប្រាក់ក្នុងការបន្តព្យាបាលសុខភាពទៀតនោះ ក៏សម្រេចបង្ខំចិត្តមកទិញថ្នាំលេបនៅផ្ទះវិញ។
ដោយសារតែក្នុងបន្ទុកអ្នកស្រី ត្រូវចិញ្ចឹមចៅរហូតដល់ទី៦នាក់ ហើយអ្នកស្រីលែងសម្ដែងសិល្បៈជាច្រើនឆ្នាំមកហើយនោះ ដូចនេះប្រាក់ដែលអ្នកស្រីធ្លាប់រកបានប៉ុន្មានមកគឺ ចាយវាយអស់ហើយគ្មានសល់នោះឡើយ។ បច្ចុប្បន្នអ្នកស្រីថា បានតែកូនប្រុសអ្នកស្រីម្នាក់គត់ គឺលោក វណ្ណស័ក្ដិ ជាអ្នកជួយរកប្រាក់ចិញ្ចឹម ប៉ុន្តែទីផ្សារសិល្បៈរបស់កូនអ្នកស្រី ក៏មិនទាន់ទូលំទូលាយដែរ។
អ្នកស្រីបន្តទាំងទឹកភ្នែករលីងរលោងថា ម្សិលមិញអត់មានប្រាក់សោះ បង្ខំចិត្តដោះកងដៃពីចៅយកទៅបញ្ចាំ បានប្រាក់១៥០ ដុល្លារ យកមកទិញថ្នាំ និងម្ហូប ដោះទ័ល១គ្រាសិន។
សូមបញ្ជាក់ផងដែរថា អ្នកស្រី ណយ សំណាយ បានផ្អាកពីសិល្បៈជាង២ឆ្នាំមកហើយ បន្ទាប់ពីសុខភាពរបស់អ្នកស្រី ធ្លាក់ចុះខ្លាំង។ មុនមានជំងឺនេះ សិល្បករវ័យ៧៤ឆ្នាំរូបនេះ ធ្លាប់មានជំងឺលើសជាតិស្ករ និងទឹកនោមផ្អែម។ រ៉ាំរ៉ៃដោយជំងឺ អ្នកស្រីថា ជាង២ខែហើយដែល អ្នកស្រី មិនអាចពិសាបាយបាន គឺបានតែទឹក និង បបរតិចកួចប៉ុណ្ណោះ៕