អ្នកសរសេរសេនារីយ៉ូកុនវ័យក្មេង សាងស្នាដៃថ្មីក្នុងរឿងភាគធំមួយ
- 2018-05-08 04:15:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកសរសេរសេនារីយ៉ូកុនវ័យក្មេង សាងស្នាដៃថ្មីក្នុងរឿងភាគធំមួយ
ចន្លោះមិនឃើញ
កូនស្រីអ្នកកំពង់ចាមម្នាក់នេះបាន ក្លាយខ្លួនជាសរសេរសេនារីយ៉ូ ឱ្យផលិតកម្ម LA Film ដែលបច្ចុប្បន្នកំពុងសម្រួលអត្ថបទកុនថ្មី រឿង «ថ្ងៃមុនស្អប់ ថ្ងៃនេះស្រលាញ់» ដែលត្រៀមថតផ្សាយលើទូរទស្សន៍ PNN។
កញ្ញា មានឈ្មោះថា អ៉ី ម៉ានិត ហៅ អានិច វ័យ ២៥ឆ្នាំ កាលដើមឡើយកញ្ញាសិក្សាខាងផ្នែកគណនេយ្យ នៅវិទ្យាស្ថានមួយ ក្នុងរាជធានីភ្នំពេញ តែនាងក៏បោះបង់វិជ្ជានេះវិញដោយសារគ្មានថវិការៀនសូត្របន្ត។ ដោយដឹងថាខ្លួនមានដុងខាងការសរសេររឿងប្រលោមលោក និងមានការស្រលាញ់លើវិស័យតែងនិពន្ធ នាងក៏សាកល្បងដាក់ពាក្យចូលធ្វើការក្នុងផលិតកម្មខាងលើ ហើយក៏ទទួលបានឱកាសជាអ្នកសរសេរសេនារីយ៉ូកុនតែម្តង។
ក្នុងរយៈពេលជាងមួយឆ្នាំលើវិស័យភាពយន្ត អានិច បានសរសេរសេនារីយ៉ូរឿងខ្នាតវែង ៣ ចំណងជើងហើយសរុបទាំងរឿងភាគទី៣នេះ គឺរឿង «ថ្ងៃមុនស្អប់ ថ្ងៃនេះស្រលាញ់» ដែលរឿងល្បីមួយនិពន្ធដោយអ្នកស្រី ម៉ីសន សុធារី។ អានិច ត្រូវបានផលិតកម្មទុកចិត្តលើការសម្រួលអត្ថបទនិពន្ធនេះដោយសារនាងមានបទពិសោធន៍សរសេរសេនារីយ៉ូកុនពីមុនខ្លះ ហើយសេនារីយ៉ូនោះមានការទទួលស្គាល់ពីអ្នកនិពន្ធខាងលើថាមានភាពទាក់ទាញ។
កញ្ញា អានិច ប្រាប់ពីតិចនិកសរសេរសេនារីយ៉ូរឿងថា នេះជាការច្នៃផ្សំជាមួយអត្ថបទដើមរបស់អ្នកនិពន្ធ សំខាន់ត្រូវយល់ពីធាតុសំខាន់ក្នុងរឿងហើយកំណត់គោលដៅនៃសាច់រឿងនោះ បន្ទាប់មកទៀតក៏ត្រូវបើកទូលាយនៃគំនិតខ្លួនដើម្បីទទួលយកអ្វីដែលថ្មីមកបន្ថែមក្នុងសាច់រឿង ដូចជាការថែមឈុតឆាក ថែមការផ្ដោះផ្ដង ផ្លែផ្កា ពិសេសចេះស្រង់យកទំនើបសម័យនៃពាក្យពេចន៍ដែលកើតឡើងក្នុងពេលបច្ចុប្បន្នមកបូកបន្ថែមដែរ។
តែទោះជាយ៉ាងណាក្តី កញ្ញា អានិច ប្រាប់ថាសម្រាប់ការសរសេរសេនារីយ៉ូរឿងខ្នាតវែងដែលមានច្រើនជាង ៤០ ភាគនេះមានឧបសគ្គ និងការតាំងចិត្តអំណត់ច្រើនដើម្បីឈានដល់គោលដៅផលិតរឿងនេះ។ តែដោយសារវាជាការងារដែលខ្លួនចូលចិត្ត កញ្ញា ថាខ្លួនមិនមានអារម្មណ៍ហត់ឡើយ ពិសេសកញ្ញាទទួលបានតម្លៃដ៏សមរម្យលើស្នាដៃការងាររបស់ខ្លួន។ នារី ខេត្តកំពង់ចាម ដែលធ្លាប់មានជីវភាពខ្វះខាតម្នាក់នេះលើកទឹកចិត្តដល់ស្ត្រីគ្រប់ឱ្យព្យាយាមធ្វើការ និងរៀនសូត្រអ្វីដែលខ្លួនស្រលាញ់ ជាជាងទៅរៀនតាមគ្នា ឬបោះបង់ការក្តីស្រមៃរបស់ខ្លួន ទោះបីខ្លួនជាស្រីក៏ដោយ៕