កូន​ស្រី​តារា​សម្តែង​ជើង​ចាស់ ឌី សាវ៉េត បង្ហាញ​មហិច្ឆតាខ្លាំង​ជាង​ម្ដាយ

  • 2018-05-10 02:14:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"ខ្ញុំ​ចង់​ធ្វើ​អ្នក​សិល្បៈ​ ​ប៉ុន្តែ​ខ្ញុំ​មិន​ចង់​ចេះ​តែ​១​មុខ​ទេ ខ្ញុំ​ចង់​ចេះ​ទាំង​អស់​គ្រប់​ទម្រង់ អ្នក​សិល្បៈ​គាត់​ចេះ​ច្រើន​មុខ​​មែន ប៉ុន្តែ​បើ​ជា​ជំនាញ​វិញ គឺ​គាត់​មាន​តែ​១​មុខ​​អី​ទេ តែ​សម្រាប់​ខ្ញុំ គឺ​អាច​​ធ្វើ​បាន​​ទាំង​អស់" នេះ​ជា​ការ​លើក​ឡើង របស់​កញ្ញា ខឹម ឌី​ហ្ស៊ូលី កូន​ពៅ​របស់ វិរៈ​សិល្បករ​ ឌី សាវ៉េត ​ក្នុង​ពិធី​ខួប​ម្ដាយ​កាល​ពី​ពេល​ថ្មីៗ​នេះ។

ខឹម ឌី​ហ្ស៊ូលី និងអ្នកម្តាយ

​​ឌី​ហ្ស៊ូលី បាន​ឲ្យ​ដឹង​ថា រាល់​ថ្ងៃ​នាង​ចេះ​ជំនាញ​សិល្បៈ​ច្រើន​មុខ មាន​របាំ​​​ប្រពៃណី​ខ្មែរ​ស្ទើរ​គ្រប់​ទម្រង់ ច្រៀង​សម័យ សម្ដែង និង ច្រៀង​ភ្លេង​ការ​ជា​ដើម ដោយ​ជំនាញ​ទាំង​នោះ​មិនមែន​ចេះ​លំៗ​​​នោះ​ឡើយ គឺ​ចេះ​លក្ខណៈអាជីព​តែ​ម្ដង។ ការ​នាំ​ឲ្យ​ចេះ​នូវ​ជំនាញ​ដែល​បាន​រៀបរាប់ នាង​ថា​គឺ​ដោយសារតែ​ការ​ជំរុញ​​ និង​ការ​បង្ហាត់​បង្ហាញ​ពី​ម្ដាយតែ​ម្ដង។

ឌី​ហ្ស៊ូលី​ថា បច្ចុប្បន្ន​នាងមាន​ក្រុម​សិល្បៈ​របាំ​បុរាណ​មួយ​ក្រុម ហើយ​តែង​តែ​​ឧស្សាហ៍​ចេញ​ច្រៀង​ញឹក​ញាប់ តាម​កម្មវិធី​​ជា​ច្រើន​​ដូច​តាម​មហោស្រព​សិល្បៈ និង​ការ​ឡើង​សម្ដែង​តាម​​កម្មវិធី​សិល្ប​ៈរបស់​បណ្ដា​ទូរទស្សន៍​មួយ​ចំនួន។ ចំពោះ​អាជីព​ជា​តារា​សម្ដែង កូន​ស្រី​ពៅ អ្នក​ស្រី ឌីសាវ៉េត ​រូប​នេះ ប្រាប់​ថា ទើប​តែ​​សម្ដែង​​ភាពយន្ត​​បាន​១រឿង​ប៉ុណ្ណោះ គឺ​រឿង"​ញើស​ក្រហម" ដែល​ដឹក​នាំ​ដោយ​លោក ឆាយ បូរ៉ា កាល​២ឆ្នាំ​មុន។

តាម​ការ​​លើក​ឡើង​របស់​​កញ្ញា ឌី​ហ្ស៊ូលី នាង​មាន​បង​ប្អូន​បង្កើត​តែ៣នាក់​ប៉ុណ្ណោះ ប្រុស​១ស្រី២ បង​ទាំង​២នាក់​របស់​នាង មិន​បាន​ចាប់​អាជីព​ជាអ្នក​សិល្ប​ៈដូច​នាង​នោះ​ឡើយ ​ហើយ​បច្ចុប្បន្ន​​​រៀបការ​អស់​ហើយ និង​កំពុងតែ​របស់​នៅ​ប្រទេស​ថៃ។

ទោះបី​ជា​បច្ចុប្បន្ន​ទីផ្សារ​សិល្បៈ​របស់ កញ្ញា ឌី​ហ្ស៊ូលី ហាក់​មិន​ទាន់​មាន​ច្រើន​ដូច តារា​ល្បីៗ​ជួរមុខ ប៉ុន្តែ​អនាគត​នាង​ មាន​មហិច្ឆតា​ចង់​អភិវឌ្ឍន៍​ខ្លួន​ឲ្យ​ក្លាយ​ជា តារា​ល្បី​មិន​ចាញ់​ម្ដាយ​នោះ​ឡើយ៕

អត្ថបទៈ ស៊ុនហួត