សុំ​សរសើរ​ ឯម រៀម បរិច្ចាគ​​ថវិកា​រាប់​ពាន់​ដុល្លារ​ ជួយ​ដល់​សត្វ​ដំរី​

  • 2018-05-16 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ជា​រឿង​មួយ​ស្ងើច​សរសើរ​បំផុត​ចំពោះ​ បណ្ឌិត​ច្នៃ​ម៉ូដ​ ឯម រៀម បាន​បរិច្ចាគ​ថវិកា​​​ផ្ទាល់​ខ្លួន​រាប់​ពាន់​ដុល្លារ​​ដល់ AIRAVATA ​ជា​អង្គការ​មួយ​បង្កើត​ឡើង​ក្នុង​គោល​បំណង​​ដើម្បី​​ជួយ​អភិរក្ស​​​សត្វ​ដំរី ដែល​រស់​រាន​មាន​ជីវិត​​នៅ​កម្ពុជា។

ថវិកា​រាប់​​ពាន់​ដុល្លារ​​​ដែល បណ្ឌិត​​ច្នៃ​ម៉ូដ​ រូប​នេះ​​​យក​ទៅ​ជួយ​ ដល់​សត្វ​ដំរី​គឺ​បាន​មក​ពី​ការ​លក់​គំនូរ​មួយ​ផ្ទាំង​​​ក្នុង​តម្លៃ ៥ ០០០ ដុល្លារ​​អាមេរិក​កាល​ពី​ពេល​ថ្មីៗ​។ ប៉ុន្តែ​គួរ​ឲ្យ​​​សោក​ស្ដាយ​បំផុត​ ដំរី​មួយ​ក្បាល​ត្រូវ​បាន​ស្លាប់ ដោយ​សារ​តែ​ខ្វះ​ចំណី​អាហារ​ ការ​ថែទាំ​​ពី​សំណាក់​ពេទ្យ​សត្វ។ ដូច្នេះ​ខ្លួន​សង្ឃឹម​ថា ថវិកា​​ដែល​យក​​ទៅ​​​ នឹង​អាច​ជួយ​​ដល់​​ដំរី​មួយ​ចំនួន​ទៀត​ ដែល​កំពុង​តែ​ត្រូវ​ការ​ជំនួយ​ពី​សប្បុរសជន។

លោក ឯម រៀម ថា៖" ជា​អកុសល​ អូន​អើយ​ដំរី​មួយ​ក្បាល​ ឈ្មោះ​ បឹក​គុក​ ​អាយុ​ ៣៥ ក្រោយ​ពី​ដេក​ដួល​​ក្រោក​មិន​រួច​អស់​រយៈ​ពេល​​ជា​យូរ​មក​នេះ​​វា​បាន​ស្លាប់​បាត់​ទៅ​ហើយ។ ប៉ុន្តែ​យើង​ក៏​មាន​សំណាង​ដែរ​មាន​ដំរី​ញី​មួយ​ទៀត​វា​កំពុង​តែ​រក​ឈ្មោល​។ ចំពោះ​គំនូរ​មួយ​ផ្ទាំង​បង​លក់​បាន​តម្លៃ​ ៥ ០០០ ដុល្លារ​ហ្នឹង​គឺ​បង​យក​ទៅ​ជួយ​ AIRAVATA ទាំង​អស់​​ដើម្បី​អភិរក្ស​សត្វ​ដំរី​ នៅ​កម្ពុជា​យើង"។

បច្ចុប្បន្ន​​កម្ពុជា​មាន​ដំរី​សរុប​​​ជាង ៣០០ក្បាល​ ក្នុង​នោះ​ដំរី​ស្រុក​មាន​ចំនួន​ ៧២ក្បាល​ និង​​ដំរី​ព្រៃ​មាន​ ២៥០ក្បាល​ ដើម្បី​ចូល​រួម​ចំណែក​អភិរក្ស​​ ថែទាំ​ និង​ការ​ពារ​សត្វ​ដំរី​នោះ​ អង្គការ​ AIRAVATA សូម​អំពាវ​នាវ​ដល់​សប្បុរស​ជន​ទាំង​ក្នុង​ និង​ក្រៅ​ស្រុក​​ជួយ​ឧបត្ថម្ភ​​ជា​ថវិកា​ ដើម្បី​​ស្រោច​ស្រង់​សត្វ​ដំរី​ដែល​កំពុង​តែ​​ត្រូវ​ការ​ជំនួយ។ នេះ​បើ​តាម ឯម រៀម បញ្ជាក់​៕ ​​​​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម
អត្ថបទថ្មី