“Solo: A Star Wars Story” ចំណែក​ថ្មី​របស់​ខ្សែ​រឿង​ “Star Wars” អ្នក​មិន​ធ្លាប់​ឃើញ​ពី​មុន

  • 2018-06-02 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“Solo: A Star Wars Story” គឺ​ជា​ចំណែក​ថ្មី​មួយ​របស់​សែស្រឡាយ​រឿង​ "Star Wars” ដ៏​ល្បី​តាំង​ពី​ទសវត្សរ៍​ទី ៧០​ ព្រម​ទាំង​ជា​ស៊េរី​រឿង​ដែល​ត្រូវ​គេ​ចាត់​ទុក​ថា ធ្វើ​ឲ្យ​ប្រភេទ​ភាពយន្ត​បែប​វិទ្យាសាស្ត្រ Sci-Fi និង Fantasy ចាប់​ផ្ដើម​មាន​គេ​ទទួល​ស្គាល់​កាន់​តែ​ខ្លាំង។ បន្ទាប់​ពី​ក្រុមហ៊ុម​ Disney បាន​ទិញ​សិទ្ធិ​ផលិត​ភាពយន្ត​ពី​ក្រុមហ៊ុន Lucas Film កាល​ពី​ឆ្នាំ ២០១២​ មក​ក្រុមហ៊ុន​យក្ស​នេះ​បាន​បញ្ចេញ​ភាពយន្ត​ "Star Wars” ថ្មី​ជា​រៀងរាល់​ឆ្នាំ​គិត​តាំង​ពី​ឆ្នាំ ២០១៥។

ជាក់​ស្ដែង​ចំពោះ​ឆ្នាំ​នេះ សាច់​រឿង​អំពី​តួអង្គ​ដ៏​ល្បី​ឈ្មោះ​មួយ​គឺ Han Solo ត្រូវ​បាន​គេ​ផលិត​ជា​សាច់​រឿង​ រៀប​រាប់​ពី​ជីវិត​របស់​​តួអង្គ​មួយ​នេះ​ មុន​ពេល​ខ្លួន​ជា​អ្នក​បើក​យាន​ដ៏​ល្អ​ពូកែ​ ម្នាក់​នៅ​ទូទាំង​ហ្គាឡាក់ស៊ី។ ភាពយន្ត​នេះ​បាន​ដឹក​នាំ​ដោយ​ លោក Ron Howard ដោយ​មាន​តារា​សម្ដែង Alden Ehrenreich សម្ដែង​ជា​តួអង្គ​ឯក Han Solo។ គូស​បញ្ជាក់​ថា​តួអង្គ​នេះ ធ្លាប់​សម្ដែង​រួច​មក​ហើយ​ដោយ​លោក​ Harrison Ford តាំង​ពី​ទសវត្សរ៍​ទី​៧០ និង​នៅ​ក្នុង​រឿង "Star Wars: The Force Awakening” កាល​ពី​ឆ្នាំ ២០១៥។

ភាពយន្ត​នេះ​ក៏​បាន​ចូលរួម​សម្ដែង​ពី​តារា​ល្បីៗ​ដូច​ជា Emilia Clark ពី​រឿង "Game of Throne” លោក​ Donald Glover និង Woody Harrelson។ ក្នុង​សាច់រឿង​នេះ​អ្នក​និពន្ធ បាន​ព្យាយាម​បង្ហាញ​ឲ្យ​ដឹង​កាន់​តែ​ច្បាស់​នៅ​អតីតកាល​របស់ Han Solo មុន​ពេល​លោក​ទទួល​បាន​យាន Millenium Falcon ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​យាន​ល្អ​បំផុត​មួយ​នៅ​ក្នុង​កាឡាក់ស៊ី។

ចំណុច​ល្អ​របស់​សាច់​រឿង៖

“Solo” បាន​បង្ហាញ​ឲ្យ​ឃើញ​ផ្នែក​មួយ​ទៀត​នៃ​កាឡាក់ស៊ី​ដែល​រៀបរាប់​ហេតុការណ៍​កើត​ឡើង បន្ទាប់​ពី "Star Wars: Episode III Revenge of the Siths” បាន​កើត​ឡើង​។ Han Solo បាន​រស់​នៅ​ភព​មួយ​ដែល​រញ៉េរញ៉ៃ​និង​គ្មាន​ច្បាប់​ទម្លាប់​ច្បាស់​លាស់​ ប៉ុន្តែ​ខ្លួន​មាន​មហិច្ឆតា​ក្លាយ​ជា​អ្នក​បើក​បរ​យាន​ដ៏​ពូកែ​ម្នាក់។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ក៏​បាន​បង្ហាញ​ពី​ជំនួប​គ្នា​ដំបូង​របស់ Han និង​ដៃ​គូ​បើកបរ​ស្វា​ភព​ក្រៅ Chewbacca ផង​ដែរ។ សាច់​រឿង​បាន​បង្ហាញ​ពី​ដំណើរ​ផ្សងព្រេង​របស់ Han និង​ឧបសគ្គ​ផ្សេងៗ​ជា​ច្រើន​ដែល​គេ​ត្រូវ​ឆ្លង​កាត់ ដោយ​មាន​បញ្ចូល​នូវ​ឈុត​ឆាក​បាញ់​ប្រហារ​ជា​ច្រើន​គួរ​ឲ្យ​គយ​គន់​។

ឈុត​ខ្លះ​បាន​តម្រូវ​ឲ្យ​ពួក​គេ​ឈរ​លើ​រថ​ភ្លើង​ប្រយុទ្ធ​គ្នា ក៏​ដូច​ជា​ប្រយុទ្ធ​គ្នា​លើ​ផ្លូវ​អាកាស​ផង​ដែរ។ ចំពោះ​ឈុត​ឆាក​នីមួយ​គឺ​ពិត​ជា​ស្រស់​ស្អាត​ខ្លាំង ដោយ​សារ​តែ​បច្ចេកទេស​ផលិត​និង​ថត​ដោយ​សុទ្ធ​តែ​អ្នក​ជំនាញ។ ចំពោះ​ការ​សម្ដែង​គឺ​ក៏​ពិត​ជា​ល្អ​ខ្លាំង​ផង​ដែរ ដោយ​ធ្វើ​ឲ្យ​អ្នក​ទស្សនា​រំភើប​រហូត​ជា​ពិសេស​ឈុត​ឆាក​សំខាន់ៗ​មួយ​ចំនួន។ ក៏​ប៉ុន្តែ​ភាពយន្ត​នេះ​ក៏​មាន​ចំណុច​ខ្វះ​ខាត​ជា​ច្រើន​ផង​ដែរ ដែល​ធ្វើ​ឲ្យ​ មិន​មាន​លទ្ធភាព​រក​ចំណូល​បាន​ច្រើន​តាម​ការ​រំពឹង​ទុក។

ចំណុច​មិន​ល្អ​និង​ខ្វះ​ខាត៖

អ្វី​ដែល​សំខាន់​បំផុត​នោះ​ គឺ​អ្នក​គាំទ្រ​ភាពយន្ត​ "Star Wars” ជា​ច្រើន​មិន​ចង់​ឃើញ​តារា​ថ្មី​ណា​ម្នាក់​ មក​សម្ដែង​ជា​តួអង្គ​ Han Solo នោះ​ឡើយ​។ ចំណែក​ឯ​ការ​សម្ដែង​របស់​តួ​អង្គ​ឯក​​ លោក Alden Ehrenreich គឺ​ពិត​ជា​ល្អ ប៉ុន្តែ​នៅ​មាន​កម្រិត​នៅ​ឡើយ​ព្រោះ​លោក​ត្រូវ​ចាំបាច់ ធ្វើ​ត្រាប់​តាម​សកម្មភាព​ខ្លះៗ​របស់​តួអង្គ​ចាស់​លោក Harrison Ford។ បែប​នេះ​ហើយ​បាន​ជា​តួអង្គ​របស់​លោក មាន​លក្ខណៈ​ធម្មតា​ៗ សឹង​តែ​ចាញ់​តួអង្គ​សំខាន់ៗ​ផ្សេងៗ​ទៀត​នៅ​ក្នុង​សាច់​រឿង​ដូច​ជា​តួអង្គ​សម្ដែង​ដោយ​ លោក Donald Glover និង Emiliar Clark។

ចំពោះ​បច្ចេកទេស​នៃ​ការ​ថត​គឺ​ល្អ​គ្រប់​គ្រាន់​ប៉ុន្តែ​ ពេល​ទស្សនា​នៅ​រោង​កុន​អ្នក​ទស្សនា​ជា​ច្រើន​កត់​សម្គាល់​ថា​គឺ​វា​មាន​លក្ខណៈ​ងងឹត​បន្តិច​ខុស​ពី​ធម្មតា​ជា​ហេតុ​ធ្វើ​ឲ្យ​ពិបាក​មើល​ខុស​ធម្មតា។​ នេះ​អាច​ជា​អ្វី​ដែល​អ្នក​ដឹក​នាំ​ចង់​បាន​ ឬ​ក៏​សាច់​រឿង​តម្រូវ​ឲ្យ​រូប​ភាព​បង្ហាញ​បែប​នេះ។

សរុប​សេចក្ដី​មក​ “Solo: A Star Wars Story” គឺ​ជា​ប្រភេទ​ភាពយន្ត​បែប Pop-Corn flick ពោល​គឺ​មិន​មែន​ល្អ​មើល​ខ្លាំង ប៉ុន្តែ​ក៏​មាន​ឈុត​ឆាក​មួយ​ចំនួន​ធ្វើ​ឲ្យ​អ្នក​ពេញ​ផង​ដែរ ជា​ពិសេស​គឺ​អ្នក​ចូលចិត្ត​ភាពយន្ត​ចម្បាំង​ភព​ផ្កាយ "Star Wars”។

ទស្សនា​វីដេអូ Review ខាង​ក្រោម៖

អត្ថបទ៖ ធារ៉ូ