លើក​នេះ​ Rock បញ្ចេញ​ស្នាដៃ​​ថ្មី​​ខុស​ប្លែក​ពី​ពេល​មុន​ៗ​

  • 2018-05-29 06:18:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ព្រឹក​មិញ​នេះ​ផលិតកម្ម​ Rock បាន​ធ្វើ​ពិធី​ក្រុង​ពាលី​​ភាព​យន្ត​ខ្នាត​ធំ​រឿង "ឈាម" ជា​ស្នាដៃ​ថ្មី​ប្លែក​មួយ​ទៀត​ ខុស​​ប្លែក​ពី​រឿង​​ធ្លាប់​ចាក់​បញ្ចាំង​នៅ​រោង​កុន​​នា​ពេល​កន្លង​មក។

លោក យឹម សុសត្យា ហៅ​ លី ម៉េង ប្រធាន​គ្រប់​គ្រង​កម្មវិធី​ និង​ជំនួយ​ការ​អគ្គនាយក បាន​ឲ្យ​ដឹង​ថា កន្លង​មក​ផលិតកម្ម​ Rock ធ្លាប់​តែ​ផលិត​រឿង​​ខ្នាត​ធំ​បែប​មនោសញ្ចេតនា កំប្លែង​សើច​ដាក់​បញ្ចាំង​នៅ​រោង​កុន​​ដើម្បី​បំពេញ​ចិត្ត​ទស្សនិកជន។ ប៉ុន្តែ​រឿង​ "ឈាម" នេះ​ខុស​ប្លែក​​ពី​ភាពយន្ត​មុន​ៗ​ ដោយ​សារ​តែ​សាច់​រឿង​ទាំង​មូល​​ពោរពេញ​ទៅ​ដោយ​ភាព​រន្ធត់​ភ័យ​ខ្លាច​ ការ​ច្រណែន​ឈ្នានីស​គ្នា​គំនុំគំកួន​​ រវាង​ប្អូន។

​​​​​“រឿង​នេះ​ខុស​ប្លែក​​ពី​រឿង​មុន​ៗ​ទាំង​អស់ ដោយ​សារ​តែ​រឿង​នេះ​យើង​ប្ដូរ​រសជាតិ មួយ​មាន​ការ​តាម​ដាន មិន​មែន​ជា​ប៉ូលិស​ស៊ើបអង្កេត​ទេ​ តែ​ជា​លក្ខណៈ​តាម​ដាន​រក​រឿង​រ៉ាវ​អាថ៌កំបាំង​ នៅ​ក្នុង​ផ្ទះ​មួយ​ពាក់​ព័ន្ធ​ និង​រឿង​ តួ​ស្រី​គាត់​មាន​គំនុំ​​សងសឹក​ជាមួយ​ក្រុម​គ្រួសារ​របស់​គាត់"។ លោក លី ម៉េង ថ្លែង​បញ្ជាក់។

រឿង​"ឈាម" ជា​ភាព​យន្ត​ខ្នាត​ធំ​លើក​ទី១៥ របស់​ផលិតកម្ម​ Rock ដោយ​គ្រោង​នឹង​ចាយ​ដើម​ទុន​ខ្ទង់​ ៥ម៉ឺន​ដុល្លារ​ក្នុង​ការ​ផលិត។ ចំណែក​ឯ​ទីតាំង​ថត​មាន​នៅ​ រាជធានី​ភ្នំពេញ ខេត្ត​កំពត និង​ជាយ​ក្រុង​ភ្នំពេញ។

ភាពយន្ត​ខ្នាត​ធំ "ឈាម" ​នឹង​ចេញ​ថត​នៅ​ដើម​ ខែ​មិថុនា ឆ្នាំ​ ២០១៨ ដោយ​គ្រោង​ដាក់​បញ្ចាំង​នៅ​ដើម​ឆ្នាំ​២០១៩ ខាង​មុខ។ ចូល​រួម​សម្ដែង​ដោយ អ៊ូ តារា ជីជី សាន ផានិត ស្វែង សុជាតា រ៉ាស៊ី នាយ​ក្រូច លីន លីលី ព្រម​ទាំង​តារា​សម្ដែង​ប្រុស​ស្រី​ជា​ច្រើន​រូប​ទៀត៕

អត្ថបទ៖ ឆុង ស៊ីណាន