ឈ្មោះជាអគារខ្ពស់ផុតគេនៅស្រុកខ្មែរ ដឹងខាងក្នុងអគារ វឌ្ឍនៈ កាពីតាល មានអ្វីខ្លះអត់?

  • 2018-06-04 03:18:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈ្មោះជាអគារខ្ពស់ផុតគេនៅស្រុកខ្មែរ ដឹងខាងក្នុងអគារ វឌ្ឍនៈ មានអ្វីខ្លះអត់? ក្រោយដំណើរការបានជាង ៤ ឆ្នាំ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានសម្ពោធអគារមជ្ឈមណ្ឌលពាណិជ្ជកម្ម វឌ្ឍនៈ កាពីតាល (Vattanac Capital) របស់ខ្លួនជាផ្លូវការហើយ កាលពីថ្ងៃទី២៦ ឧសភា កន្លងទៅ ក្រោមអធិបតីភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សមេ្តចកិត្តិព្រឹទ្ធបណ្ឌិត ថ្នាក់ដឹកនាំជាតិ និងអង្គទូតនានាចូលរួមយ៉ាងអធិកអធម។

អគារបែរមុខទៅទិសខាងកើតដែលទើបសម្ពោធនេះ សាងសង់ឡើងមានរាងជានាគរាជ ស្រោបកញ្ចក់ បំពាក់ដោយបរិក្ខារទំនើបៗ មានកម្ពស់ ១៨៧,៣ ម៉ែត្រ ឈរលើផ្ទៃដីសរុប ១៣១ ០០០ ម៉ែត្រការ៉េ ចែកជា៣៩ ជាន់។

អគារខ្ពស់ជាងគេនៅកម្ពុជានេះ ធ្លាប់ឈ្នះពានរង្វាន់ជា "មជ្ឈមណ្ឌលពាណិជ្ជកម្មល្អដាច់គេក្នុងអាស៊ាន" នៅឆ្នាំ២០១២ និងទទួលវិញ្ញាបនបត្រមាស LEED (Leadership in Energy and Environmental Design) ពីអាមេរិកនៅឆ្នាំ២០១៦។

លោកជំទាវឧកញ៉ា ឈុន លាង សហស្ថាបនិក វឌ្ឍនៈ គ្រុប លើកឡើងថា មជ្ឈមណ្ឌលពាណិជ្ជកម្ម វឌ្ឍនៈ កាពីតាល ជានិមិត្តរូបនៃភាពជោគជ័យមួយក្នុងការខិតខំកសាងប្រទេសជាតិឡើងវិញរបស់វិស័យឯកជន និងរដ្ឋាភិបាល ដើម្បីចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិ។ វឌ្ឍនៈ គ្រុប បានចំណាយពេលវេលាជាច្រើនឆ្នាំក្នុងការត្រួសត្រាយឲ្យលេចចេញជារូបរាងអគារមជ្ឈមណ្ឌលពាណិជ្ជកម្ម វឌ្ឍនៈ កាពីតាល ដ៏ស្រស់បំព្រងមួយនេះ ដោយចំណាយអស់ទឹកប្រាក់សរុប ២៥០ លានដុល្លារ និងត្រូវវិនិយោគជាបន្តបន្ទាប់ទៀត។

ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញអារម្មណ៍រំភើប និងមានមោទកភាពពេលឃើញវិស័យឯកជនបានរីកចម្រើនធំធាត់ ជាមួយអគារខ្ពស់ៗនៅរាជធានីភ្នំពេញយ៉ាងដូច្នេះ។ សម្ដេចមានប្រសាសន៍បន្តថា វត្តមានមជ្ឈមណ្ឌលពាណិជ្ជកម្មនេះ ជាសមិទ្ធផលថ្មីសន្លាងមួយទៀតរបស់កម្ពុជាក្រោយឆ្លងកាត់ដំណាក់កាលដ៏សែនលំបាកជាច្រើន បន្ទាប់ពីប្រទេសត្រូវបានបំផ្លិចបំផ្លាញដោយសង្គ្រាមជាង៣ទសវត្ស។

ចង់ដឹងទេថាក្នុងអគារដែលមានទីតាំងស្ថិតនៅមហាវិថីព្រះមុនី្នវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញនេះ មានផ្នែកសំខាន់ៗអ្វីខ្លះ?

១. ផ្សារទំនើប វឌ្ឍនៈ កាពីតាល៖

ជាផ្សារទំនើបប្រណីតដំបូងគេលាតសន្ធឹង ៣ ជាន់ សម្បូរដោយហាងទំនិញម៉ាកល្បីៗលំដាប់អន្តរជាតិ ដូចជា Hugo Boss, Brioni, Canali, Christofle, Clarins, Lacoste, L’Occitane, Rimowa, Timepieces, Salvatore Ferragamo, Pazzion, Petit Bateau, Jimmy Choo, Roberto Cavalli, Santoni, និង Stefano Ricci ជាដើម។

ផ្សារទំនើបនេះក៏នៅមានសេវាកម្មជាច្រើន ដូចជា៖ ធនាគារវឌ្ឍនៈ ការិយាល័យកណ្ដាល សម្រាប់ផ្តល់សេវាធនាគារ ៧ ថៃ្ងក្នុង១សប្ដាហ៍ សេវាបង់ប្រាក់ពន្ឋ-អាករគ្រប់ប្រភេទ ភោជនីយដ្ឋាន ហាងតែ TWG និងហាងអាហារបារាំង Eric Kayser។

២. មជ្ឈមណ្ឌលពាណិជ្ជកម្ម

ជាការិយាល័យកម្រិត A ផ្តល់ទីកន្លែងដ៏មានផាសុកភាព សុវត្ថិភាពខ្ពស់ បែងចែកជាបន្ទប់ប្រណីត ការិយាល័យធំៗ ដែលបំពេញតាមតម្រូវការរបស់អ្នកវិនិយោគជាតិ និងអន្តរជាតិ ដោយមានភ្ជាប់ជាមួយប្រព័ន្ធគ្រប់គ្រងមជ្ឈមណ្ឌលពាណិជ្ជកម្ម ប្រព័ន្ធជណ្ដើរយន្តទំនើប និងប្រព័ន្ធការពារផ្សេងៗទៀត ។

៣. មជ្ឈមណ្ឌលពាណិជ្ជកម្ម ប្រណីតភាព (Lifestyle Cube)

ជាទីតាំងការិយាល័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បូករួមជាមួយគ្លីនិកទន្តសាស្រ្ត Denriche Asia សេវាសម្ពព និងការិយាល័យសំខាន់ផ្សេងៗទៀត។

៤. សណ្ឋាគារ Rosewood ភ្នំពេញ លំដាប់ផ្កាយ៥

ចាប់ពីជាន់ទី ២៥ ដល់ ៣៩ គឺជាសណ្ឋាគារ រ៉ូសវូដ (Rosewood) ដែលមានបន្ទប់ស្នាក់នៅសរុប ១៧៥ បន្ទប់ កនែ្លងហាត់ប្រាណ អាងហែលទឹក សាលប្រជុំ ៣ និងភោជនីយដ្ឋានជាច្រើន ដូចជា ហាងអាហារបារាំង-ខ្មែរ Brasserie Louis ហាងតែ The Living Room ហាងអាហារជប៉ុន Iza ហាងគ្រឿងសមុទ្រ Cuts និង Sora Sky bar។

សម្រាប់ព័ត៌មានបន្ថែម អាចទាក់ទង​៖ 023 938 888 (មណ្ឌលពាណិជ្ជកម្ម) / 023 936 888 (សណ្ឋាគារ Rosewoodភ្នំពេញ) ឬចូលវិបសាយ www.vattanaccapital.com

អត្ថបទ៖ សុខណា