ហេង ប៊ុនលាភ​ ប្រកាស​​​លក់អចល​ទ្រព្យ​ច្រើន​សន្ធឹក យកប្រាក់វិនិយោគជំនួញធំ

  • 2018-05-31 07:38:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ជើង​ចាស់ លោក ហេង ប៊ុនលាភ បាន​ប្រកាស​លក់​អចលទ្រព្យ​របស់​លោក​ជា​ច្រើន​ទីតាំង ដោយទ្រព្យ​ទាំង​នោះ​បើ​គិត​ជា​ទឹក​ប្រាក់​រាប់​សិប​ម៉ឺន​ដុល្លារ​ឯណោះ។

អចលនទ្រព្យ​​ដែល លោក ហេង ប៊ុនលាភ ​​ប្រកាស​លក់​នោះ​មាន ដី​ ផ្ទះ​វីឡា​កូន​កាត់​នៅ ខេត្តសៀមរាប ដី​ចម្ការ​នៅ​តំបន់​ទេសចរណ៍​ភ្នំ​កូន​សត្វ ខេត្ត​កំពត និងដី​ចម្ការ​នៅ ខេត្ត កំពង់​ស្ពឺ ដោយ​ទ្រព្យ​​ទាំង​នោះ លោក​បាន​ទិញ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ទើប​ប្រកាស​លក់​ចេញ ដើម្បី​បង្វិល​ប្រាក់​រក​ស៊ីជំនួញ​ធំ​មួយ ក្នុង​ពេល​ឆាប់​នេះ។

ជំនួញ​ដែលតារា​សម្ដែង​ជើង​ចាស់​ និង​ជា​តារា​ចម្រៀង​រូប​នេះ គ្រោង​នឹង​យក​ប្រាក់​ជា​ច្រើន​ទៅ​វិនិយោគ​នោះ ត្រូវ​បាន​លោក​បង្ហើប​ឲ្យ​ដឹង​ថា គឺ​ត្រៀម​​បើក​ជា​ផ្ទះ​សំណាក់មួយ​នៅ ខេត្តសៀមរាប ប៉ុន្តែ​​ដើម​​ទុន​យក​ទៅវិនិយោគ​នោះ លោក​មិន​បាន​ប្រាប់​​ឲ្យ​ដឹង​ឡើយ។ "ខ្ញុំ​ចង់​ធ្វើ Boutique នៅ​សៀមរាប ប៉ុន្តែ​មិន​ដឹង​អស់​ម៉ាណ​អីម៉ាណ​ទេ ព្រោះ​ទើប​ដាក់​លក់​ដី និង ផ្ទះ​នោះ ដើម្បី​យក​លុយ​ទៅ​ធ្វើ​វា" លោក ហេង ប៊ុនលាភ ថ្លែង​ឲ្យ​ដឹង។

លោក ហេង ប៊ុនលាភ ត្រូវ​​បាន​គេ​ដឹង​ថា គឺ​ជា​តារា​ម្នាក់​ដែល​មាន​ទ្រព្យ​ច្រើន ​កន្លង​មក​លោក​​គឺ​ជា​ថៅកែ ​​ឡូ​ត៍នេសាទ និង ជា​ម្ចាស់​ផ្ទះ​សំណាក់​មួយ​នៅ បាត់​ដំបង ប៉ុន្តែ​ក្រោយ​មក​ជំនួញ​របស់​លោក​​បាន​បរាជ័យ ហើយ​ក៏​បាន​សម្រេច​ចិត្ត​វិល​ចូល​សិល្បៈ​វិញ ក្រោយ​ផ្អាក​មួយ​ខ្យល់​ធំ។ ក្រោយ​ពី​វិល​ចូល​សិល្បៈ​វិញ លោក​បាន​ថត​ភាពយន្ត​​​ជា​បន្តបន្ទាប់​ជា​ច្រើន ​ក្នុង​នោះ​មាន​រឿង "ហ្លូង​ព្រះស្ដេច​កង", រឿង " វិថីនារី", រឿង"ទឹក​ចិត្ត​ប្រពន្ធ" និង រឿង "បំណុល​ស្នេហ៍" ជា​ដើម។

ម្ចាស់​បទ "ជីដូន​កាកី" ​​រូប​នេះ មិន​​ទាន់​ហ៊ាន​បង្ហាញ​ក្ដី​រំពឹង​លើ​ជំនួញ​ខាង​លើ​ឡើយ ត្បិត​អី​ស្ថិត​ក្នុង​គម្រោង​នៅ​ឡើយ ប៉ុន្តែ​បើ​ផ្អែក​លើ​ទីតាំង និងបទ​ពិសោធន៍លោក អាច​មាន​ភាគ​រយ​ច្រើនក្នុង​ការ​ទទួល​បាន​ផល​ចំណេញ​មក​វិញ៕

អត្ថបទៈ ស៊ុនហួត