ដឹង​លក្ខណៈ​ពិសេស​របស់​ពិភព​បាត​សមុទ្រ មាន​សត្វ-ត្រី​រយ​ប្រភេទ ត្រៀម​បើក​នៅ​អ៊ីអន​២

  • 2018-06-04 08:56:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាជន​ខ្មែរ​ធ្លាប់​តែ​ឃើញ​សត្វ និង​ត្រី​សមុទ្រ​តែ​ក្នុង​ទូរទស្សន៍​ប៉ុណ្ណោះ ឬ​បើ​មិន​អ៊ីចឹង​ទេ មាន​តែ​អ្នក​បាន​ដើរ​លេង​ក្រៅ​ប្រទេស​ទេ​ដែល​ឃើញ​ផ្ទាល់​នឹង​ភ្នែក ពេល​ទិញ​សំបុត្រ​ចូល​មើល​ពិភព​បាត​សមុទ្រ​នៅ​ប្រទេស​គេ។ តែ​មិន​ថ្វី​ទេ សល់​តែ​ប៉ុន្មាន​សប្ដាហ៍​ទៀត ព្រោះ​កម្ពុជា​នឹង​បើក​ពិភព​បាត​សមុទ្រ​លើក​ដំបូង​បំផុត​នៅ​ផ្សារ​ទំនើប​អ៊ីអន សែន​សុខ ស៊ីធី (អ៊ីអន​២) ជាន់​ទី១។

ពិភព​បាត​សមុទ្រ​នៅ​កម្ពុជា​ដែល​មាន​ឈ្មោះ Fantasea Aquarium មាន​លក្ខណៈ​ពិសេស​ខុស​ពី​ពិភព​បាត​សមុទ្រ​នៅ​បរទេស ដោយ​សារ​មិន​ត្រឹម​តែ​មាន​សត្វ-ត្រី​ទឹក​ប្រៃ​នោះ​ទេ ថែម​ទាំង​មាន​ត្រី​ទឹក​សាប​ពី​ទន្លេ​មេគង្គ​ទៀត​ផង សរុប​មាន​ជាង ១០០ ប្រភេទ​ឯណោះ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក តាំង សុគន្ធ​ពិសិដ្ឋ ប្រធាន​គ្រប់​គ្រង​ទូទៅ​របស់ Fantasea Aquarium។

លោក តាំង សុគន្ធ​ពិសិដ្ឋ ប្រធាន​គ្រប់​គ្រង​ទូទៅ​ (ស្ដាំ) និងលោក Lum Kit Mun Co. Founder Fantasea Aquarium (ឆ្វេង)

អ្នក​គ្រប់គ្រង​រូប​នេះ​ប្រាប់ Sabay ថា៖ "ចំណុច​ពិសេស​របស់​យើង គឺ​យើង​មាន​សត្វ-ត្រី​ទឹក​សាប ហើយ​មាន​ទឹក​ប្រៃ​ទៀត។ យើង​យក​សត្វ​ទាំង​នោះ​ពី​ទន្លេ​អាម៉ាហ្សូន ទន្លេ​មេគង្គ មហា​សមុទ្រ​ប៉ាស៊ីហ្វិក ជា​ដើម សរុប​មាន​ប្រមាណ​ជាង ១០០ ប្រភេទ។

ម្យ៉ាង អ្នក​ទៅ​មើល Fantasea Aquarium នឹង​មាន Guide (អ្នក​ផ្ដល់​ព័ត៌មាន) នៅ​គ្រប់​កន្លែង ដើម្បី​ប្រាប់​លម្អិត​ពី​លក្ខណៈ​នៃ​រស់​នៅ​របស់​សត្វ​ទាំង​នោះ"។

មាន​ន័យ​ថា អ្នក​មើល​មិន​ត្រឹម​តែ​ស្គាល់ និង​ឃើញ​រាង​ស្អាត​របស់​សត្វ-ត្រី​ទាំង​នោះ​ទេ ថែម​ទាំង​យល់​ដឹង​ពី​ស៊ី​ជម្រៅ​ពី​ប្រភេទ​សត្វ​ទាំង​នោះ​ផង​ដែរ មិន​ថា វា​ស៊ី​អី​ជា​អាហារ ការ​បន្ត​ពូជ ភាគ​ច្រើន​សម្បូរ​រស់​នៅ​ទី​ណា ជា​ដើម។

ពិភព​បាត​សមុទ្រ Fantasea Aquarium ដែល​មាន​ទំហំ ៦០០ ម៉ែត្រ​ការ៉េ​នេះ នឹង​មាន​ត្រី​ឆ្លាម ត្រី​ក្នុង​រឿង Finding Nemo/Dory, Jellyfish, បបែល ផ្កា​សមុទ្រ និង​ត្រី​ផ្សេងៗ​ទៀត​ជា​ច្រើន។

បើ​តាម​គម្រោង ពិភព​បាត​សមុទ្រ​នេះ នឹង​បើក​ដំណើរ​ការ​នៅ​ពាក់​កណ្ដាល​ខែ​មិថុនា ដោយ​មាន​តម្លៃ​អាច​ក្រោម ១០ ដុល្លារ និង​មាន​ប្រភេទ​សម្រាប់​ក្មេង និង​មនុស្ស​ធំ។ លោក ពិសិដ្ឋ បញ្ជាក់។

សម្រាប់​ព័ត៌មាន​បន្ថែម ចូល​ទៅ​ផេក​ហ្វេសប៊ុក Fantasea Aquarium KH

អត្ថបទ៖ វិទូ

អត្ថបទថ្មី