សៀវភៅ​ជីវប្រវត្តិ​ថ្មី១បង្ហាញ​ពី​ការ​ប្រើ​កញ្ឆា និង​មូលហេតុ​ថ្មី​នៃ​ការ​ស្លាប់​របស់​លី សៀវ​ឡុង

  • 2018-06-07 07:37:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សៀវភៅ​ជីវប្រវត្តិ​ថ្មី​ដែល​មាន​ចំណង​ជើង​ថា "Bruce Lee:A Life” ដែល​សរសេរ​ដោយ​លោក Matthew Polly ព្រមទាំងចេញ​ផ្សាយ​ដោយ Simon & Schuster បាន​បង្ហាញ​ពី​ព័ត៌មាន​ថ្មី ដែល​គ្រប់​គ្នា​មិន​សូវ​បាន​ដឹង​អំពី​ប្រវត្តិ​របស់​អតីត​តារា​សម្ដែង Bruce Lee (លី សៀវ​ឡុង)។

ក្នុង​សៀវភៅ​នោះ​ដែរ​ បាន​ចង​ក្រង​ចាប់​តាំង​ពី​ប្រវត្តិ​របស់លោក លី​ សៀវឡុង ព្រមទាំងម្ដាយ​ដែល​ជា​កូន​កាត់​អាស៊ី-អឺរ៉ុប និង​ឪពុក​ជា​តារា​សម្ដែង​​មួយ​រូប។ ក្រៅពីនេះ​ក៏មាន​បង្ហាញ​ពី​ប្រវត្តិរឿងរ៉ាវ​កាល​ពី​វ័យ​កុមារ​ និង​មរណភាព​របស់​លោក។

មួយ​វិញ​ទៀត សៀវភៅ​ថ្មី​នេះ​ដែរ ក៏​បាន​ជីក​កកាយ​ដល់​រឿង​អាស្រូវ​ជុំវិញ​ការ​ស្លាប់​របស់​លោក រួម​មាន​ការ​ប្រើប្រាស់​កញ្ឆា និង​ទំនាក់ទំនង​ស្នេហា​លួច​លាក់​របស់​លោក​ជាមួយ​នឹង​តារា​សម្ដែង Betty Ting Pei។

សម្រាប់​សៀវភៅ​មួយ​ក្បាល​នេះ​ដែរ លោក Polly បាន​ចំណាយ​ពេល​រាប់​ឆ្នាំ​ក្នុង​ការ​សរសេរ និង​សម្ភាសន៍​សមាជិក​គ្រួសារ មិត្តភ័ក្ដិ និង​អ្នក​ជំនួញ​រាប់​រយ​នាក់​ដែល​ដឹង​ពី​រឿង​របស់​តារា​សម្ដែង​លី សៀវ​ឡុង។ ក្នុង​កិច្ច​សម្ភាសន៍​មួយ​នោះ លោក​ក៏​បាន​សម្ភាសន៍​ផ្ទាល់​ជាមួយ​ប្រពន្ធ កូន​ស្រី ប្អូន​ស្រី ក៏​ដូច​ជា​ស្រី​ស្នេហ៍​លួច​លាក់​របស់​លោក Betty Ting Pei ដោយ​ផ្ទាល់​ផង​ដែរ។

ចុង​ក្រោយ អ្នក​និពន្ធ​រូប​នេះ ក៏​បាន​បង្ហាញ​ពី​ទ្រឹស្ដី​ថ្មី​របស់​លោក​ជុំវិញ​ការ​ស្លាប់​របស់​លី សៀវ​ឡុង​។ បើ​តាម​ការ​សម្ភាសផ្ទាល់មួយ​ជាមួយអ្នកនិពន្ធរូបនេះបាន​និយាយ​ថា៖

“ប្រាកដ​ណាស់​ អ្នក​ទាំង​អស់​គ្នា​មិន​ដឹង​ច្បាស់​នោះ​ទេ ប៉ុន្តែ​តាម​ទ្រឹស្ដី​របស់​ខ្ញុំ Bruce Lee គឺ​ស្លាប់​ដោយ​សារ​ការ​ត្រូវ​កម្ដៅ​ខ្លាំង​ពេក។ ដប់​អាទិត្យ​មុន​ពេល​លោក​ស្លាប់ លោក​បាន​ដួល​សន្លប់​ខណៈ​កំពុង​បញ្ចូល​សំឡេង​ឲ្យ​រឿង​មួយ។ ពួក​គេ​បាន​បិទម៉ាស៊ីន​ត្រជាក់ ហើយ​ពេល​នោះ​ អាកាសធាតុក្ដៅ​បំផុត​​ក្នុង​ទីក្រុង​ហុងកុង។ លោក​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្រោយ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ។ នៅ​លើក​ទី​២ លោក​បាន​ដួល​សន្លប់​ម្ដង​ទៀត ហើយ​ក៏​លែង​ដឹង​ខ្លួន​រហូត​មក​ដល់​សព្វ​ថ្ងៃ។ បើ​តាម​ការ​វះ​សាកសព​ពិនិត្យ​បាន​រក​ឃើញ​ថា​លោក​ទទួល​រង​ជំងឺ​ដុំ​ពក​ក្នុង​ខួរ​ក្បាល​ដែល​បង្ក​ឡើង​ដោយ​ការ​ត្រូវ​កម្ដៅ​ខ្លាំង​ពេក។ ប្រហែល​មួយ​ខែ​មុន​លោក​ដួល​សន្លប់​លើក​ដំបូង លោក​បាន​ទៅ​ពេទ្យ​ដើម្បី​វះ​កាត់​ក្រពេញ​បញ្ចេញ​ញើស​ក្លៀក​របស់​លោក​ចោល ព្រោះ​លោក​គិត​ថា​ក្លៀក​នៅ​ពេល​ដែល​ចេញ​ញើស​គឺ​មិន​ល្អ​ទេ​ក្នុង​ពេល​ថត​កុន​។ ការ​បំពេញ​ការងារ​លើស​កម្រិត​ពេក ក៏​បាន​ធ្វើ​ឲ្យ​រូបរាង​កាយ​របស់​លោក​ទ្រុឌទ្រោម​ខ្លាំង។ លោក​គេងមិន​សូវ​បាន និង​ស្រក​ទម្ងន់​ខ្លាំង​ថែមទៀតផងមុន​ពេល​លោក​ស្លាប់"៕

ប្រភព៖ nextshark   ប្រែ​សម្រួល៖ អន សុភក្ត្រា