ស្ងាត់ៗ ស្រីតុ មានឱកាសកាន់កម្មវិធីធំ
- 2018-06-07 09:21:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ងាត់ៗ ស្រីតុ មានឱកាសកាន់កម្មវិធីធំ
ចន្លោះមិនឃើញ
តារាសម្ដែង និងកំប្លែងអ្នកនាង កាតុ បានបង្ហាញក្ដីសប្បាយរីករាយ នៅពេលឃើញអាជីពសិល្បៈរបស់នាងកំពុងតែទទួលការគាំទ្រពីទស្សនិកជន ដូចជា ការសម្ដែង កំប្លែង ការច្រៀង និងកាត់សក់ជាដើម។ យ៉ាងណាការក្លាយជា អ្នកផលិតកម្មវិធីទូរទស្សន៍របស់ ថោន កាលពីពេលថ្មីៗ ធ្វើឱ្យអ្នកនាង កាត់តែសប្បាយចិត្ត ហើយអះអាងថា ប្រសិនបើអាជីពមួយនេះពិតជាជោគជ័យថែមទៀត នោះនឹងគ្រប់ជំនាញខ្លួនចង់បានតែម្ដង។
តារាសម្ដែងពូកែវោហារសព្ទអ្នកនាង កាតុ បន្តថា “ឆ្ងាញ់ទេ” ជាកម្មវិធីថ្មីរបស់ទូរទស្សន៍ ដែលអ្នកគ្រប់គ្រងស្ថានីយ ថោន បានផ្ដល់ឱកាសឱ្យអ្នកនាង ផលិត និងដឹកនាំផ្ទាល់ នៅតាមទីជនបទនានា ពីការប្រកបមុខរបរ និងម្ហូបអាហារល្បីៗប្រចាំតំបន់របស់បងប្អូនប្រជាពលរដ្ឋខ្មែរ។
កម្មវិធីនេះមិនបានមិនបានណាត់ ឬព្រៀងទុកនោះទេ គឺចុះទៅសម្ភាសឆៅៗតែម្ដង ដើម្បីធ្វើឱ្យមានភាពភ្ញាក់ផ្អើល និងចាប់អារម្មណ៍ពីមហាជន។ យ៉ាងណាកម្មវីធី មិនបានព្រៀងទុក និងសុំការអនុញ្ញាតពីសាមីខ្លួន និងអាជ្ញាធរដែនដី ជាហេតុមួយធ្វើឱ្យអ្នកនាងជួបបញ្ហាខ្លះៗដែរ។
ជាក់ស្ដែងការចុះតាមបណ្ដាខេត្តមួយចំនួននាពេលថ្មីៗ កាតុ ប្រាប់ថា ម្ចាស់ផ្ទះ ឬសាមីខ្លួន បានដេញក្រុមការងាររបស់ខ្លួនមិនឱ្យថតនោះទេ។ ក៏ប៉ុន្តែក្រោយពីមានការពន្យល់ច្បាស់លាស់ ទើបព្រមផ្ដល់បទសម្ភាន៍។ ទោះជាជួបឧបសគ្គខ្លះ ក្នុងការចេញផលិត និងដឹកនាំកម្មវិធីលើកដំបូងក្នុងអាជីពសិល្បៈក្ដី តារារូបនេះហាក់មានអារម្មណ៍សប្បាយរីករាយ ព្រោះជាអ្វីដែលអ្នកនាងចង់បាន និងដើម្បីឱ្យអាជីពមួយនេះ កាន់តែប្រសើរឡើង។
កាតុ បានបង្ហាញការជឿជាក់ខ្ពស់លើការចេញផលិតរបស់ខ្លួនថា នឹងអាចធ្វើឱ្យការងារមួយនេះ ទទួលបានជោគជ័យដូចជាសម្ដែង កំប្លែង ចម្រៀង និងកាត់សក់។ ម្យ៉ាងការផ្ដល់ទំនុកចិត្តពីថ្នាក់ដឹកនាំទូរទស្សន៍ ថោន និងការសហការយ៉ាងល្អពីបងប្អូនប្រជាពលរដ្ឋ ធ្វើឱ្យអ្នកនាងពេញចិត្តបំផុត។
តារាសម្ដែង និងជាតារាកំប្លែងអ្នកនាង កាតុ ហាក់មានសន្ទុះទីផ្សារខ្លាំងមួយរយៈចុងក្រោយនេះ ហើយនាដើមខែ កក្កដាខាងមុខ អ្នកនាងនឹងចេញទៅសម្ដែងនៅប្រទេសបារាំង៕