បដិមា គង់ស៊ីអ៊ីម លើ​សមុទ្រ ធ្វើ​ពី​មាស ខ្ពស់​បំផុត​ក្នុង​លោក ខ្មែរៗ​កាត់​ចិន​និយម​ទៅ​លេង

  • 2018-06-17 13:40:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ខ្មែរៗ​កាត់​ចិន ចាប់​ផ្ដើម​និយម​ទៅ​លេង​តំបន់​ទេសចរណ៍​បែប​តំបន់​ភ្នំ សមុទ្រ ធម្មជាតិ និង​វប្បធម៌​មួយ​កន្លែង​ទៀត​របស់​ចិន បន្ទាប់ពី​តំបន់​ទេសចរណ៍​នោះ​បាន​បើក​ឲ្យ​មាន​ជើង​ហោះ​ហើរ​ផ្ទាល់ (Direct Flight) ទៅ-មក​ភ្នំពេញ តាម​ក្រុមហ៊ុន​អាកាសចរណ៍ Hainan Airlines ដោយ​ត្រូវ​ធ្វើ​ដំណើរ​ត្រឹម ១ ម៉ោង និង ៥០ នាទី​ប៉ុណ្ណោះ។

តំបន់​ទេសចរណ៍​ដែល​សម្បូរ​ភ្ញៀវ​រុស្ស៊ី​ទៅ​សម្រាក​លម្ហែ​កាយ​បែប​អ្នក​មាន និង​ភ្ញៀវ​ចិន កូរ៉េ​ខាង​ត្បូង ទៅ​លេង​ដែរ​នោះ គឺ​ជា​ទីក្រុង​សាន​យ៉ា (Sanya) ភាគ​ខាង​ត្បូង​នៃ​កោះ​ហៃណាន (Hainan) នៅ​សមុទ្រ​ចិន​ខាង​ត្បូង។

សានយ៉ា សម្បូរ​កន្លែង​ទេសចរណ៍​ស្អាតៗ​ជា​ច្រើន​ស្ទើរ​រៀប​រាប់​មិន​អស់ ទាំង​បែប​ធម្មជាតិ និង​វប្បធម៌។ ក្នុង​នោះ រូប​បដិមា​ព្រះម៉ែ គង់ស៊ីអ៊ីម ខ្ពស់​ជាង​គេ​លើ​លោក នៅ​ឧទ្យាន​វប្បធម៌​ណានសាន (Nanshan Cultural Park) ជា​តំបន់​ទេសចរណ៍​ពិសេស​មួយ​កន្លែង​ដែល​អ្នក​ទៅ​លេង​សានយ៉ា មិន​អាច​ចោល​បាន ហើយ​មាន​មនុស្ស​ទៅ​លេង​ខ្ទង់​ម៉ឺនៗ​នាក់​ក្នុង​មួយ​ថ្ងៃ (យោង​តាម​ទិន្នន័យ​សារព័ត៌មាន​ចិន​ស៊ីនហួរ)។

បដិមា​ព្រះ​ម៉ែ គង់ស៊ីអ៊ីម ដែល​មាន​ពណ៌​ស កម្ពស់ ១០៨ ម៉ែត្រ (រាប់​ចាប់​ពី​ទម្រ​ផ្កា​ឈូក) ខ្ពស់​ជាង​បដិមា គង់ស៊ីអ៊ីម ណាៗ​ទាំង​អស់​ក្នុង​ពិភព​លោក​អង្គ​នេះ ត្រូវ​បាន​សាង​ឡើង​ពី​ដែក​យន្ត​ហោះ (ដង​ខ្លួន) និង​មាស​សុទ្ធ​ភ្លឺ​ឆ្អិនឆ្អៅ (កេតនភណ្ឌ​ដែល​ព្រះ​ម៉ែ​កាន់​នឹង​ព្រះហស្ត) នៅ​លើ​កោះ​សិប្បនិម្មិត​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ ចិន​ចំណាយ​ពេល ៦ ឆ្នាំ​ដើម្បី​សង់ ហើយ​បញ្ចប់​នៅ​ឆ្នាំ​២០០៥។

ទ្រង់​មាន​ព្រះភក្ត្រ ៣ ដោយ​មួយ​បែរ​មក​ទីក្រុង​សាន​យ៉ា មាន​កាន់​គម្ពីរ​ធម៌ ជា​កេតនភណ្ឌ ឯ​ពីរ​ទៀត​បែរ​ទៅ​សមុទ្រ​ចិន​ខាង​ត្បូង មាន​កាន់​ផ្កាឈូក និង​អង្កាំ ជា​កេតនភណ្ឌ។ ព្រះ​ភក្ត្រ​ទាំង ៣ តំណាង​ឲ្យ​ការ​ស្រលាញ់ និង​ការពារ​របស់​ព្រះ​ម៉ែ គង់ស៊ីអ៊ីម។

បើ​អ្នក​បាន​ទៅ​លេង​ទី​សក្ការ​ដ៏​ធំ​នៅ​ចិន​នេះ ពេល​ចូល​ដល់​វិហារ​កម្ពស់ ៧ ជាន់​នៅ​ក្រោម​រូប​បដិមា​ភ្លាម អ្នក​ប្រាកដ​ជា​លាន់​មាត់​ស្ទើរ​មិន​ជឿ​អ្វី​ដែល​ឃើញ​នឹង​ភ្នែក គឺ​បដិមា​ព្រះ​ម៉ែ គង់ស៊ីអ៊ីម មួយ​អង្គ​ផ្សេង​ទៀត​ធ្វើ​ពី​គជ់ មាស​ភ្លឺ​ចិញ្ចាច និង​មាន​មកុដ​ពេជ្រ​ដាំ​ចាំង​ជះ​ពន្លឺ​ផ្លេកៗ នៅ​កណ្ដាល​វិហារ​តែ​ម្ដង។ នៅ​តាម​ផ្លូវ​ឡើង​ទៅ​ជាន់​លើ​បង្អស់​ដើម្បី​មើល​ទេសភាព​ទាំង​មូល អ្នក​នឹង​ឃើញ​រូប​ព្រះ​ម៉ែ គង់ស៊ីអ៊ីម គ្រប់​ប្រភេទ រាប់​ម៉ឺន​អង្គ ធ្វើ​មាស និង​គជ់ និង​គម្ពីរ​ធម៌​រាប់​ម៉ឺន​ក្បាល​នៅ​តាម​ជញ្ជាំង​វិហារ។

នៅ​ទី​នោះ ក៏​មាន​លក់​វត្ថុ​អនុស្សាវរីយ៍​ស្អាតៗ​ដ៏​កម្រ​ជា​រូប​ព្រះ បន្តោង​ខ្សែ​ក ចិញ្ចៀន ធ្វើ​ពី​គជ់ និង​ប្រភេទ​ថ្ម​ផ្សេងៗ​ដែល​មាន​តម្លៃ​ធូរ និង​ថ្លៃ​គួរ​សម​ដែរ។ បើ​អ្នក​ចូលចិត្ត​របស់​ទាំង​នោះ កុំ​ភ្លេច​ទុក​លុយ​ទិញ​ខ្លះ​ផង ប្រយ័ត្ន​ស្ទើរ​លុយ​ចិន (នៅ​ទី​នោះ ចាយ​តែ​លុយ​យន់​ចិន​ប៉ុណ្ណោះ) ព្រោះ​បើ​អ្នក​ទៅ​លេង​តាម​ក្រុមហ៊ុន​ទេសចរណ៍ តំបន់​ទេសចរណ៍​នេះ ជា​កម្មវិធី​ទៅ​លេង​ចុង​ក្រោយ មុន​ឡើង​យន្ត​ហោះ​មក​វិញ។

ឧទ្យាន​វប្បធម៌​ណានសាន ទាំង​មូល មាន​ផ្ទៃដី​សរុប ៥០ គីឡូម៉ែត្រ​ការ៉េ​ឯ​ណោះ ដោយ​មាន​វិហារ​បែប​ព្រះពុទ្ធ​សាសនា​ច្រើន ដើរ​ពេញ​មួយ​ថ្ងៃ​ស្ទើរ​មិន​អស់។ ដោយសារ​បរិវេណ​ធំ​ពេក នៅ​ទី​នោះ មាន​សេវា​ជិះ​ឡាន​អាគុយ​ដឹក​ភ្ញៀវ​ទេសច​រមើល​ទេសភាព​ជុំវិញ​ឡើង​ស្រួល​ខ្លួន​តែ​ម្ដង។

សានយ៉ា ក៏​នៅ​មាន​កន្លែង​ច្រើន​ផ្សេង​ទៀត​ត្រូវ​ទៅ​លេង​ផង​ដែរ។ ចង់​ដឹង សូម​មើល​វីដេអូ​ខាង​ក្រោម៖

បើ​ចង់​ទៅ​លេង​សានយ៉ា អ្នក​អាច​ទាក់ទង​ក្រុមហ៊ុន​ទេសចរណ៍ World Pop Travel & Tour តាម​លេខ 012 317 789 / 012 217 789 / 012 673 012 ឬ​ផេក​ហ្វេសប៊ុក World Pop Travel & Tour

អត្ថបទ៖ សុផាត

អត្ថបទថ្មី