ហ៊ុយ យ៉ាឡេង​ លះ​បង់​ខ្ពស់​​បង្អត់​​អាហារ​ខ្លួន​ឯង​ ២ខែ​ក្នុង​រឿង​​ថ្មី​​

  • 2018-06-19 03:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាព​យន្ត​ខ្នាត​ធំ​រឿង​ "ទារុណ​កម្ម​ខ្មោច​" ​ជា​ស្នាដៃ​ទី​៣​​​​របស់​លោក ហ៊ុយ យ៉ាឡេង ដែល​បាន​សហការ​ជាមួយ​​ផលិតកម្ម​​ សិល្បៈ​ខ្មែរ​ភាព​យន្ត​ ត្រៀម​ចេញ​ថត​ក្នុង​ពេល​ឆាប់​​​នេះ​ហើយ ដោយ​ក្នុង​នោះ​លោក បង្អត់​អាហារ​ខ្លួន​ឯង​ដល់​ទៅ​ ២ខែ​ឯណោះ។

ការ​លះ​បង់​ខ្ពស់​​ដល់​ថ្នាក់​បង្អត់​អាហារ​​ខ្លួន​ឯង​ដល់​ទៅ​ ២ខែ និង​យក​ម្ជុល​ចាក់​នៅ​លើ​​សាច់​ស្ដែង​ៗ​ដោយ​គ្មាន​​ញញើត​បែប​នេះ​ ដោយ​សារ​តែ​លោក ចង់​ឲ្យ​ផ្ទៃ​រឿង​ទាំង​មូល​​​ផលិត​ចេញ​មក​មាន​គុណ​ភាព​ល្អ​មិន​ចាញ់​កុន​បរទេស​មួយ​ចំនួន។ ណា​មួយ​រឿង"ទារុណ​កម្ម​ខ្មោច" ក្រៅ​ពី​មាន​គម្រោង​​ដាក់​បញ្ចាំង​នៅ​ប្រទេស​ជិត​ខាង​​ហើយ​នោះ លោក ក៏​មាន​គម្រោង​យក​ទៅ​បញ្ចាំង​នៅ​ អាមេរិក​ និង​អឺរ៉ុប​​ទៀត​ផង​ ទើប​សម្រិត​សម្រាំង​គិត​គុណ​ភាព​ជា​ចម្បង។

ក្រៅ​ពី​យក​ម្ជុល​​ចាក់​នៅ​លើ​ដង​ខ្លួន និង​បង្អត់​អាហារ​ខ្លួន​ឯង​ដល់​ទៅ​ ២ខែ លោក​ ហ៊ុយ យ៉ាឡេង ឲ្យ​ដឹង​ថា៖"ការ​លះ​បង់​មួយ​ទៀត​គឺ​ខ្ញុំ​មិន​ដែល​ហូប​សត្វ​កណ្ដុរ​ទេ តែ​ក្នុង​រឿង​នេះ​ខ្ញុំ​ត្រូវ​ហូប​វា​ហើយ ដើម្បី​មើល​ទៅ​ឲ្យ​សក្ដិសម​ដូច​ជា​មនុស្ស​ស្គម​រីង​រៃ​​ត្រូវ​គេ​បង្អត់​អាហារ​ ប៉ះ​អ្វី​ហូប​ហ្នឹង"។

ចំពោះ​ការ​លះ​បង់​ខ្ពស់​​ក្នុង​រឿង​ថ្មី​នេះ​ លោក ហ៊ុយ យ៉ាឡេង ​ក៏​មាន​ការ​ព្រួយ​បារម្ភ​អំពី​សុខ​ភាព ខ្លះ​ៗ​ដែរ​តែ​មិន​ថ្វី​ទេ មុន​ពេល​​ថត​លោក ទៅ​​ពិគ្រោះ​យោបល់​​ជា​មួយ​គ្រូពេទ្យ​ជា​មុន​សិន​។ ការ​បង្អត់​អាហារ​នេះ​មិន​បាន​ ន័យ​ថា​លោក មិន​បរិភោគ​អ្វី​ទាំង​​អស់​នោះ​ទេ។ ប៉ុន្តែ​លោក សម្រេច​យក​ទទួល​ទាន​តែ​​បបរ​ ជំនួស​បាយ​តែ​ប៉ុណ្ណោះ។

​​រឿង​"ទារុណ​កម្ម​ខ្មោច" ជា​ប្រភេទ​រឿង​​និយាយ​ អំពី​ខ្មោច​ខ្មែរ​ក្រហម​ ​ដែល​ក្រុម​គ្រួសារ​សេដ្ឋី​ទៅ​ទារ​លុយ​មិន​បាន​ក៏​ជ្រុល​សម្លាប់​តែ​ម្ដង​ទៅ។ ក្រោយ​មក​ខ្មោច​ខ្មែរ​ក្រហម​ក៏​តាម​លង​បន្លាច​ដល់​ក្រុម​គ្រួសារ​សេដ្ឋី ដែល​តួ​សេដ្ឋី​សម្ដែង​ដោយ លោក ហ៊ុយ យ៉ាឡេង ម្ដង។

រឿង​"ទារុណ​កម្ម​ខ្មោច​" ត្រៀម​ចេញ​ថត​ក្នុង​ពេល​ឆាប់​ៗ​នេះ​ហើយ​ចូល​រួម​សម្ដែង​ដោយ លោក ហ៊ុយ យ៉ាឡេង ដួង ម៉ានិច ឈឹម សក្កដា ព្រម​ទាំង​តារា​សម្ដែង​ស្រី​ប្រុស​ជា​ច្រើន​រូប​ទៀត៕

​​​

​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម