ល្បីយូរហើយ យាយ​យ៉យ និង ព្រហ្ម ម៉ាញ ស៊ី​ថ្លៃ​១កម្មវិធី​ប៉ុន្មាន​ទៅ?

  • 2018-06-18 02:27:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជិត​៣០ឆ្នាំ​ហើយ​ដែល​​​វីរ​សិល្បករ​អាយ៉ៃ​ជើង​ចាស់​លោក ព្រហ្ម ម៉ាញ និង​អ្នក​ស្រី នួន សារី ហៅ​យាយ យ៉យ បាន​ចាប់​ដៃគូ​ច្រៀង​ជា​មួយ​គ្នា។ ទន្ទឹម​គ្នា​នោះ​ដែរ​ប្រិយមិត្ត​ក៏​បាន​ស្គាល់​យ៉ាង​ច្បាស់​​ណាស់​ពី​ប្រជាប្រិយភាព​របស់​លោក​ទាំង​ពីរ។ ងាក​មិន​​​មើល​ពី​តម្លៃ​ខ្លួន​របស់​​​​វីរ​សិល្បករ​អាយ៉ៃ​ជើង​ចាស់​ទាំង​ពីរ​នេះ ច្បាស់​ជា​មិន​ទាន់​បាន​ដឹង​នៅ​ឡើយ​ទេ។ ចង់​ដឹង​ថា អ្នក​ទាំង​ពីរ​ទទួល​បាន​តម្លៃ​ខ្លួន​ប៉ុន្មាន​ក្នុង​មួយ​កម្មវិធី?

ក្នុង​ជំនួប​មួយជា​មួយSabay កាល​ពី​ពេល​ថ្មីៗ​នេះ​អ្នក​ស្រី នួន សារី ហៅ​យាយ យ៉យ ​បាន​ទម្លាយ​ឲ្យ​ដឹង​ថា ប្រសិន​បើ​កម្មវិធី​ចុះ​ខេត្ត មាន​ទាំង​វង់ភ្លេង​ទៅ​ជា​មួយ​ផង​នោះ អ្នក​ទាំង​ពីរ​ស៊ី​ថ្លៃ​ពី​ ១ ៥០០ ដុល្លារ​ទៅ ២ ០០០ដុល្លារ​ក្នុង​មួយ​កម្មវិធី ហើយ​​សម្រាប់​នៅ​​ក្នុង​រាជធានី​​ភ្នំពេញ​វិញ ស៊ី​ថ្លៃ​ ១ ៥០០ ដុល្លារ ឬ​អា​ចុះ​តិចតួច​អាស្រ័យ​លើ​ការ​ចរចា​​ និង​ការ​រាប់​អាន​គ្នា​កន្លង​មក។

អ្នក​ស្រី នួន សារី ហៅ​យាយ យ៉យ

ប្រសិន​បើ​ច្រៀង​តែ​ម្នាក់​ឯង ទួល​បាន​តម្លៃ​ខ្លួន​៣០០ ទៅ៥០០ ដុល្លារ ក្នុង​មួយ​កម្មវិធី។ អ្នក​ស្រី​ថា តម្លៃ​នេះ គឺ​អ្នក​ដែល​ធ្លាប់ ជួល​អ្នក​ស្រី​ទៅ​ច្រៀង​បាន​ដឹង​ហើយ ​មិន​មាន​ការឡើង​​ថ្លៃ​អី​នោះ​ទេ។

អ្នក​ស្រី​បាន​រម្លឹក​ថា កាល​អ្នក​ស្រី​ច្រៀង​ជា​មួយ​គ្នា​លើក​ដំបូង ដើរ​ច្រៀង​​ដូរ​ស្រូវ​អង្ករ​ទេ ហើយ​ការ​ច្រៀង​ភាគ​ច្រើន​ចុះ​តាម​ខេត្ត មិន​សូវ​នៅ​ភ្នំពេញ​ឡើយ ដែល​កាល​នោះ ១យប់​ទទួល​បាន​អង្គរ​១តៅ​ទៅ​២តៅ ក្នុង​ម្នាក់​ប៉ុណ្ណោះ។

នៅ​ទំព័រ​ក្រោយ Sabay នឹងលម្អិត​ពី​​កត្តា​​អ្វី​ដែល​នាំ​ឲ្យ​អ្នក​ទាំង​ពីរ​អាច​ចាប់​ដៃគូ​ជា​មួយ​គ្នា​បាន​ច្រើន​ឆ្នាំ ហើយ​អាច​រក្សា​​ប្រជាប្រិយភាព​​រហូត​មក​ដល់​បច្ចុប្បន្ន ​និង​ត​កូន​ត​​ចៅ​ថែមទៀត ដូច​នេះ​សូម​ប្រិយមិត្ត​​រង់ចាំ​តាមដាន​​ទាំង​អស់​គ្នា៕​

អត្ថបទៈ ស៊ុនហួត