ជីវប្រវត្តិសង្ខេប អ្នកម្នាង អ៊ុក ផល្លា មុនទទួលមរណភាពនៅវ័យ ៣៩ឆ្នាំ (វីដេអូ)
- 2018-06-18 04:11:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជីវប្រវត្តិសង្ខេប អ្នកម្នាង អ៊ុក ផល្លា មុនទទួលមរណភាពនៅវ័យ ៣៩ឆ្នាំ (វីដេអូ)
ចន្លោះមិនឃើញ
អ្នកម្នាង អ៊ុក ផល្លា កើតថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៧៩ អ្នកម្នាងជាអតីតតួអង្គអប្សរាស ក្នុងរបាំព្រះរាជទ្រព្យដ៏ល្បីល្បាញនៅក្នុងប្រទេសកម្ពុជា និងលើឆាកអន្តរជាតិ ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ ។
អ្នកម្នាងបានចូលហាត់របាំនៅសាលាភូមិន្ទវិចិត្រសិល្បៈតាំងពីអាយុ៩ឆ្នាំ ហើយបានចេញសម្តែងលើកដំបូងក្នុងវ័យ ១៣ឆ្នាំ។ អ្នកម្នាងមិនត្រឹមតែមានទេពកោសល្យលើផ្នែករបាំប៉ុណ្ណោះទេ ថែមទាំងមានរូបឆោមស្រស់សោភាទៀតផង។
អតីតតួអង្គអប្សរាសរូបនេះ មានចំណងអាពាហ៍ពិពាហហ៍ដំបូងជាមួយឯកឧត្តម វេង សេរីវុឌ្ឍ អតីតរដ្ឋមន្រ្តីក្រសួង ទេសចរណ៍។ មិនយូរប៉ុន្មានជីវិតអាពាហ៍ពិពាហ៍របស់អ្នកនាង អ៊ុក ផល្លា បានដល់ផ្លូវបំបែក។ ក្រោយពីបែកបាក់ស្វាមី តួឯកអប្សរាស្រស់សោភានេះ ត្រូវបានសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ សព្វព្រះទ័យ និងបានសាងជីវិតគ្រួសារជាមួយគ្នាក្រោយពីព្រះអង្គបានលែងលះជាមួយអ្នកម្នាង មារី រណឫទ្ធិ។
វីដេអូរបាំរបស់អ្នកម្នាង អ៊ុក ផល្លា
ការរួមរស់ជាមួយសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានដាក់ព្រះនាមអ្នកម្នាងថា នរោត្តម ផល្លារណឬទ្ធិ និងប្រសូតបានបុត្រ២អង្គជាចំណងដៃ គឺបុត្រច្បងមាននាម នរោត្តម សុធាឫទ្ធិ ប្រសូតក្នុងឆ្នាំ ២០០៣ និងបុត្រទី២ មាននាម នរោត្តម រណវង្ស ប្រសូតក្នុងឆ្នាំ ២០១១។
ដោយឡែក នៅក្នុង២០១៨នេះ អ្នកម្នាងបានចូលប្រឡូកក្នុងឆាកនយោបាយជាមួយព្រះស្វាមី សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដោយអ្នកម្នាងបានឈរឈ្មោះ ជាបេក្ខជនតំណាងរាស្ត្រពេញសិទ្ធិ លំដាប់លេខរៀងទី១ នៃគណបក្សហ្វ៊ុនស៊ិនប៉ិច មណ្ឌលព្រៃវែង សម្រាប់នីតិកាលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអណត្តិទី៦ ដែលនឹងត្រូវបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ។
ជាអកុសលនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ អ្នកម្នាង អ៊ុក ផល្លា បានទទួលមរណភាពក្នុងព្រះជន្ម ៣៩ឆ្នាំ ដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ក្នុងដំណើរជាមួយព្រះស្វាមី ដើម្បីយាងចុះសួរសុខទុក្ខប្រជាជនដែលជាសមាជិក សមាជិកា គណបក្សហ្វ៊ុនប៉ិច នៅផ្លូវជាតិលេខ៤ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ សពរបស់អ្នកម្នាងត្រូវបានដឹកមកដល់ភ្នំពេញនាព្រឹកនេះ និងបានតម្កល់នៅវត្តបុទមវតី។
គួររម្លឹកថា កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០១៥ កន្លងទៅ ក្រោយពីវិលត្រឡប់មកពីជួបអ្នកគាំទ្រខ្លួននៅក្នុងខេត្តកំពង់ចាម ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ និងអ្នកម្នាង អ៊ុក ផល្លា បានជួបគ្រោះថ្នាក់ចរាចរណ៍នៅកំណាត់ផ្លូវជាតិលេខ៧ ក្នុងភូមិព្រៃខ្វិត ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ម្តងរួចមកហើយ ដោយរថយន្តដឹកដីបានបើកចូលកាត់ក្បួនរថយន្តទ្រង់ ក្នុងដំណើរមកកាន់រាជធានីភ្នំពេញ៕