ប៊ឺរី នៅតែដក់ចិត្តនឹងរឿងចាស់ ទោះទទួលបានការងារថ្មីច្រើន (មានវីដេអូ)
- 2018-06-20 10:32:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៊ឺរី នៅតែដក់ចិត្តនឹងរឿងចាស់ ទោះទទួលបានការងារថ្មីច្រើន (មានវីដេអូ)
ចន្លោះមិនឃើញ
តារាសម្តែងរូបសង្ហា ប៊ឺរី ហាក់មានទីផ្សារខ្ពស់ ដោយទទួលបានរឿងថ្មីក្នុងដៃជាហូរហែស្ទើរតែគ្មានពេលវេលាទទួលការងារថត កុំថាឡើយពេលសម្រាក។ មិនលាក់ទេ ចាប់តាំងពីផ្តើមអាជីពសម្តែងមក រឿងដែលលោកចូលចិត្តជាងគេគឺរឿង "ស្រទន់មន្តស្នេហ៍"។
"អាចនិយាយថាខ្ញុំលង់ហើយ ព្រោះចរិតតួអង្គក្នុងរឿងដូចចរិតខ្ញុំស្ទើរតែទាំងស្រុង ជាតួមិនសូវមាត់មិនសូវក ម៉ឺម៉ាត់ឌឺដងច្រើន នេះជាអ្វីដែលខ្ញុំចូលចិត្ត" ប៊ឺរី រៀបរាប់។
និយាយបែបនេះ មិនមានន័យថា តួឯករឿង "ស្រទន់មន្តស្នេហ៍" មិនចូលចិត្តរឿងសម្តែងក្រោយៗនោះទេ នេះគ្រាន់តែជាអារម្មណ៍លោកដិតដាមប៉ុណ្ណោះ។ លោកថា គ្រប់រឿងដែលសម្តែង លោកខំប្រឹងអស់ពីសមត្ថភាពដូចគ្នា មិនមែនសម្តែងឲ្យតែបានបានៗនេោះទេ។
"ខ្ញុំគិតថាការសម្តែងរឿងមួយៗវាមិនមែនមានការងាយស្រួលនោះទេ ព្រោះវាទាក់ទងកត្តាច្រើនដូចជាសាច់រឿងដែលខាងអ្នកនិពន្ធ ក៏ដូចជាផលិតកម្មតម្រូវដែរ....ភាគច្រើនបើជារឿងដែរពួកគាត់សម្រិតសម្រាង ខ្ញុំក៏ត្រូវការពេលវេលាដើម្បីសម្តែងឲ្យចូលត្រូវនឹងតួអង្គ ហើយប៉ារ៉ូក៏ត្រូវចាំស្ទាត់ទើបសម្តែងទៅស្រួលក្នុងខ្លួន"។
ប៊ឺរី កំពុងសម្តែងក្នុងរឿង"ថ្ងៃមុនស្អប់ ថ្ងៃនេះស្រឡាញ់" លោកសម្ដែងជាតួប្រុសឈ្មោះ ហ៊ួត ខេមរិទ្ធិ ដែលជាគិញសម្ងាត់ស៊ើបអង្កេត ដើម្បីសម្រេចផែនការធំមួយ។ ក្នុងរឿងនេះលោកត្រូវប៉ះជាមួយតួឯកស្រី សាឡាត់ ស្រីឡាង៕