ត្រួសៗពីខ្សែជីវិត ការងារសិល្បៈ ឌីជេ អាលីយ៉ា
- 2018-06-28 08:41:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រួសៗពីខ្សែជីវិត ការងារសិល្បៈ ឌីជេ អាលីយ៉ា
ចន្លោះមិនឃើញ
ឌីជេ អាលីយ៉ា បានលាចាកលោកនេះហើយនៅព្រឹកព្រហាមថ្ងៃទី២៨ ខែមិថុនា នេះ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដោយជំងឺសួតរ៉ាំរ៉ៃ។ ដំណឹងដ៏ក្រៀមក្រំនេះធ្វើឲ្យមហាជន និងមិត្តរួមអាជីពសិល្បៈសោកស្តាយជាទីបំផុតនូវការបាត់បង់សិល្បការិនីមួយរូបដែលធ្លាប់មានស្នាដៃជាច្រើនក្នុងសង្គមសិល្បៈ និងការងារសប្បុរសធម៌ជាហូរហែ។
សពរបស់ឌីជេ អាលីយ៉ា បានតម្កល់ធ្វើបុណ្យនៅវត្តទួលអស់លោក ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ឯពិធីបូជាសព នឹងប្រព្រឹត្តទៅនៅវេលាម៉ោង៣រសៀលថ្ងៃនេះ។ ដើម្បីរម្លឹក និងជូនដំណើរជាចុងក្រោយ Sabay សូមលើកយកប្រវត្តិសង្ខេប និងការងារសិល្បៈខ្លះៗរបស់ ឌីជេ អាលីយ៉ា មកបង្ហាញជូនខាងក្រោមនេះ៖
អាលីយ៉ា មានស្រុកកំណើតនៅរាជធានីភ្នំពេញ និងជាក្មេងកំព្រាឪពុកម្តាយតាំងពីតូចម្ល៉េះ។ នាងធំដឹងក្តីឡើងជាមួយឪពុកម្តាយចិញ្ចឹម។
ដោយសារតែទេពកោសល្យ បូកទាំងរូបសម្រស់ និងចំណេះដឹងភាសាអង់គ្លេសផងដែរ អាលីយ៉ា បានសាងភាពល្បីល្បាញយ៉ាងខ្លាំងក្នុងស្រទាប់មហាជន។ ក្នុងសង្គមសិល្បៈ អាលីយ៉ា ចាត់ចូលជាតារាស្រីដែលមានភាពលេចធ្លោលើគ្រប់ទម្រង់ គឺទាំងបុរាណ សម័យ និងស្ទីលអឺរ៉ុប មិនប៉ុណ្ណោះអ្នកនាងថែមទាំងមានសមត្ថភាពលើការងារអស់ស្ទើរតែទាំងអស់ទៅហើយ ដូចជា DJ តារាម៉ូដែល តារាចម្រៀង និងសម្តែង។
រយៈពេល៨ឆ្នាំចុងក្រោយ ឌីជេ អាលីយ៉ា ក្លាយជាមនុស្សខ្លួនមួយ ដោយចាកចេញពីបន្ទុកម្តាយចិញ្ចឹមមករស់នៅខាងក្រៅ ម្នាក់ឯង។
ក្នុងអំឡុងខែមិថុនា ឆ្នាំ២០១២ អាលីយ៉ា ធ្លាប់បានផ្ដើមគំនិតក្នុងប្រមូលថវិកាមួយចំនួនពីមិត្តរួមអាជីព និងក្រៅរង្វង់សិល្បៈ ដើម្បីជូនដល់សិល្បករចាប៉ីដ៏ល្បីល្បាញលោកតាភិរម្យ ប្រាជ្ញ ឈួន ។ ជាមួយគ្នានោះ នាងក៏បានដឹកនាំអ្នកសិល្បៈ និងក្រុមការងារមួយចំនួនចុះទៅសាកសួរសុខទុក្ខ វីរសិល្បករខាងលើដោយផ្ទាល់ដល់ស្រុកកំណើតភូមិសម៉ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ។
អ្វីដែលមហាជនកាន់តែដោតសរសើរអំពីទឹកចិត្តនាងគឺក្នុងអំឡុងខែ កក្កដាឆ្នាំ២០១២ នាងក៏បានផ្តួចផ្តើមបង្កើតព្រឹត្តិការណ៍ប្រគំតន្ត្រី និងសម្តែងទស្សនីយភាពសិល្បៈដ៏ធំមួយ នៅសាលមហោស្រពចតុមុខ មាន ឈ្មោះថា «តន្ត្រីមនុស្សធម៌រៃអង្គាសប្រាក់ជួយកុមារកំព្រា»។ ជាមួយការងារមនុស្សធម៌នេះនាងក៏តែងតែចូលរួមសកម្មភាពជាមួយសិល្បករដទៃក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តជាច្រើនឆ្នាំបន្តបន្ទាប់គ្នាផងដែរ។ មុនពេលបាត់មុខសិល្បៈ កាលពីអំឡុងចុងខែកញ្ញា ឆ្នាំ ២០១៦ តារាស្រីរូបនេះធ្លាប់បានចូលរួមដោយស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីសប្បុរសធម៌នៅសាកលវិទ្យាល័យន័រតុន ដើម្បីរកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ។ នៅមានសកម្មភាពសង្គមជាច្រើនទៀតដែលតារាស្រីរូបនេះធ្លាប់បានចូលរួមចំណែកជាមួយសិល្បករដទៃជួយដល់សង្គម។
ជីវិតនាងចាប់ផ្តើមប្រែប្រួលក្រោយពីរងអំពើហិង្សាដោយការវាយធ្វើបាបពីបុរសម្នាក់អស់រយៈពេលជាង២ឆ្នាំមកហើយ ហើយពេលនេះនាងនៅមិនទាន់ទទួលបានយុត្តិធម៌នៅឡើយ។ ក្រៅពីរងសម្ពាធផ្លូវចិត្តដ៏ធ្ងន់ធ្ងរ នាងក៏ត្រូវបានគេរំលោភយកហាងលក់សម្លៀកបំពាក់ បូករួមទាំងសម្ភារៈក្នុងហាងជាច្រើន រហូតធ្វើឲ្យនាងកាន់តែបាត់បង់អស់ទីពឹងមួយផ្នែកធំ។
ទោះបែបនេះក្តី តារាស្រីរូបនេះក៏នៅតែប្រឹងប្រែងបន្តសកម្មភាពសិល្បៈនិងធ្វើខ្លួនជាមនុស្សរឹងមាំម្នាក់ ដោយមិនចុះចាញ់នឹងវិបត្តិផ្លូវចិត្ត និងការមាក់ងាយជាច្រើន។ ប៉ុន្តែការប្រឹងប្រែងរបស់នាងកន្លងមក ហាក់មិនអាចទប់ទល់នឹងរឿងរ៉ាវជាច្រើនបន្តបន្ទាប់។
នៅអំឡុងខែកុម្ភៈ ឆ្នាំ២០១៧ អ្នកនាងបានប្រកាសដោយលាក់លៀមពីស្ថានភាពដុនដាបរបស់ខ្លួន ដែលមិនខុសពីអ្នកសុំទាន នោះទេ ព្រោះធ្លាក់ខ្លួនដល់ថ្នាក់សុំបន្ទប់គេស្នាក់នៅ សុំបាយគេហូប គឺរស់ដោយសារតែមិត្តភក្តិលើហ្វេសប៊ុកឲ្យទានប៉ុណ្ណោះ។ ឌីជេ រូបនេះសម្រេចចិត្តប្រកាសសុំជំនួយនៅលើហ្វេសប៊ុក ខណៈចំណូលពីការងារសិល្បៈក្នុងរយៈពេល២ឆ្នាំដែលនាងរងគ្រោះគ្មានទាល់តែសោះ។
ការខ្វះខាតមុខក្រោយ ជំងឺផ្លូវចិត្ត បានរុញច្រានឲ្យជីវិតនាងកាន់តែដុនដាប រហូតធ្លាក់ខ្លួនឈឺស្វិតដៃជើង និងជំងឺរលាកទងសួតកាន់តែខ្លាំង រហូតនាងសុខចិត្តរស់នៅក្នុងទីស្ងប់ស្ងាត់ មិនភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃ។ ទោះបែបនេះក្តី អាលីយ៉ា នៅតែសង្ឃឹមថា យុត្តិធម៌នឹងមិននៅឆ្ងាយពីនាងនោះទេ ហើយនាងក៏ជឿដែរថា ទេវតាពិតជាមានភ្នែកមើលឃើញពីទុក្ខលំបាករបស់នាង ផ្ដល់ឲ្យនាងនូវពន្លឺជីវិតវិញជាថ្មីនៅថ្ងៃខាងមុខ។ តែជាអកុសល ឌីជេអភ័ព្វបានលាចាកលោកនេះទៅទាំងវ័យក្មេង ថែមទាំងមិនទាន់ទទួលយុត្តិធម៌៕