មកមើលមុខជំនួញធំៗក្នុងដៃ យក់ ថិតរដ្ឋានិង ឃុំ ប៉ុណ្ណាដែត មានអ្វីខ្លះ?
- 2018-07-04 00:33:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកមើលមុខជំនួញធំៗក្នុងដៃ យក់ ថិតរដ្ឋានិង ឃុំ ប៉ុណ្ណាដែត មានអ្វីខ្លះ?
ចន្លោះមិនឃើញ
ជាច្រើនឆ្នាំមកហើយ ដែល លោក ឃុំ ប៉ុណ្ណាដែត បានទម្លាក់ចោលអាជីពជាតារាចម្រៀង ទៅរកស៊ីជំនួញដីធ្លី និងសំណង់ផ្ទះល្វែង ដែលជាមុខជំនួញមួយធ្វើឲ្យសេដ្ឋកិច្ចគ្រួសារអ្នកសិល្បៈមួយគូនេះកាន់តែមានទ្រព្យច្រើនជាងកាលប្រឡូកសិល្បៈទាំងពីរនាក់។ ទោះបីជា លោក ឃុំ ប៉ុណ្ណាដែត ទម្លាយថា លោកទៅរកស៊ីជំនួញដីធ្លី និងសំណង់ផ្ទះល្វែងក៏ពិតមែន ប៉ុន្តែតារាចម្រៀងរូបនេះមិនដែលធ្លាប់ប្រាប់ថា ក្រុមហ៊ុនរបស់លោកមានឈ្មោះអ្វីនោះឡើយ ហើយមានភាគហ៊ុនបែបណាឡើយ។
ក្នុងជំនួបជាមួយ Sabay កាលពីពេលថ្មីនេះបន្ទាប់ពីមានការជជីកសួរជាច្រើនជុំវិញជំនួញរបស់អ្នកទាំងពីរ លោក ឃុំ ប៉ុណ្ណាដែត បានទម្លាយឲ្យដឹងថា ក្រុមហ៊ុនដែលលោករកស៊ី និងកំពុងដំណើររាល់ថ្ងៃលើជំនួញដីធ្លី និងសំណង់ផ្ទះល្វែង មានឈ្មោះថា "គូរ៉ុង កម្ពុជា" ដែលមានភាគហ៊ុនច្រើន ក្នុងការបើកជំនួញនេះ។ តារាចម្រៀងដែលវិវឌ្ឍខ្លួនជាអ្នកជំនួញអចលនទ្រព្យល្បីឈ្មោះរូបនេះ មិនបានប្រាប់ពីដើមទុនឡើយ ប៉ុន្តែលោកបានបង្ហើបឲ្យដឹងថា គិតមកដល់បច្ចុប្បន្នក្រុមហ៊ុនខ្លួនបានលក់ផ្ទះ ឈានដល់ ៦ ទៅ៧ គម្រោងហើយ ដោយគម្រោងដំបូងគេ គឺការធ្វើផ្ទះលក់នៅតំបន់សំណង់១២។
ក្រៅពីជំនួញដ៏ធំខាងលើ លោក ឃុំ ប៉ុណ្ណាដែត បានបើកហាងបែប Pub មួយទៀត ឈ្មោះថា "វិចធើរីផាប" នៅខាងកើតស្ថានទូតរុស្សី ដោយគិតមកដល់ពេលនេះ លោកថា បានដំណើរការ២ឆ្នាំមកហើយ។ ជំនួញទាំង២នេះលោក ឃុំ ប៉ុណ្ណាដែត គឺជាអ្នកមើលការខុសត្រូវទាំងអស់ ចំណែកឯ ភរិយា អ្នកនាង យក់ ថិតរដ្ឋាវិញ ក៏មិនបណ្ដោយឲ្យខ្លួនទំនេរឡើយ ក្រៅពីការងារសិល្បៈដែលនាងមិនព្រមទម្លាក់ចោលនោះ គឺអ្នកនាងមានបើកហាងលក់ផលិតផលកែសម្ផស្សមួយទៀតផង។
មុខជំនួញទាំង៣នាងលើ បើគិតជាទឹកប្រាក់ តាមការប៉ាន់ប្រមាណក្រៅផ្លូវការ រាប់លានដុល្លារឯណោះ ប៉ុន្តែបែបនេះក្ដី ដូចបានលើកឡើងខាងលើ អ្នកទាំងពីរសូមមិនបញ្ចេញពីដើមទុនឡើយ។
តារាចម្រៀង យក់ ថិតរដ្ឋា និង ឃុំ ប៉ុណ្ណាដែត បានចូលរោងការជាមួយគ្នាអំឡុងឆ្នាំ ២០០៥ ទទួលបានកូនប្រុស ២ នាក់ជាចំណងដៃ។ កូនទី១ឈ្មោះ ឃុំរដ្ឋា ណាលីដូ អាយុ ១០ឆ្នាំ រៀនថ្នាក់ទី៤ ចំណែកឯកូនទី២ឈ្មោះ ឃុំរដ្ឋា ណាលីឌី អាយុ៣ឆ្នាំ។ក្រោយផ្អាកជាង១០ឆ្នាំ លោកទើបតែបង្ហាញស្នាដៃរួមគ្នាជាថ្មីជាមួយភរិយាគឺរឿង ”ចិញ្ចៀនខ្មោច” កាលពីពេលថ្មីៗនេះ។ ជាមួយគ្នានោះ តារាចម្រៀងដែលវិវឌ្ឍខ្លួនជាអ្នកជំនួញអចលនទ្រព្យល្បីឈ្មោះរូបនេះ កំពុងពិចារណាវិលចូលអាជីពចម្រៀង បើសិនជាទស្សនិកជន ក៏ដូចជាអ្នកដឹកនាំសម្ដែងនៅតែគាំទ្ររូបលោក៕