ទឹកចិត្តបុណ្យ! ទោះ អាលីយ៉ា ទៅឆ្ងាយហើយ តែអ្នកនាង សារីណា នៅប្រឹងរៀបចំគ្រប់យ៉ាងឲ្យនាងទៀត
- 2018-07-05 03:09:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទឹកចិត្តបុណ្យ! ទោះ អាលីយ៉ា ទៅឆ្ងាយហើយ តែអ្នកនាង សារីណា នៅប្រឹងរៀបចំគ្រប់យ៉ាងឲ្យនាងទៀត
ចន្លោះមិនឃើញ
តាមរយៈវីដេអូជាង ២ម៉ោង អ្នកនាង សារីណា ភរិយាលោក ស៊ុក សុភា នៅថ្ងៃនេះ បានបង្ហាញឲ្យឃើញថា អ្នកនាង បាន និងកំពុងរៀបចំរបស់របរប្រើប្រាស់មួយចំនួន ធ្វើជាបាឡុងសម្រាប់ប្រគេនព្រះសង្ឃឧទ្ទិសទៅឲ្យសព ឌីជេ អាលីយ៉ា ដែលចែកឋានទៅបានជាង១សប្ដាហ៍ទៅហើយ។
របស់ទាំងនោះ មានដូចជារបស់ប្រើប្រាស់ក្នុងផ្ទះបាយមាន ចាន ស្លាបព្រា ឆ្នាំង ខ្ទះ រួមទាំងរបស់ប្រើប្រាស់ផ្សេងៗទៀតមាន ខ្នើយកើយ ស្បែកជើង ម្សៅ ឡេ សម្រាប់លាភជាដើម។ ទាំងនេះ គឺបានមកពីការចែករំលែក ក៏ដូចជាបច្ច័យចូលបុណ្យរបស់បងប្អូនខ្មែររស់នៅប្រទេសអូស្ត្រាលី និងកន្លែងផ្សេងៗទៀត ដែលអ្នកនាង ទទួលបានតាំងពីពេល អាលីយ៉ា សម្រាកឈឺនៅក្នុងមន្ទីរពេទ្យ រហូតដល់នាងបានចែកឋាន ហើយនាង នឹងរៀបរាប់ឈ្មោះសប្បុរសជននាពេលបន្ទាប់នេះ។
សរុបថវិកាទាំងអស់ សារីណា ប្រមូលបានប្រមាណជាង ៣,០០០ដុល្លារអាមេរិក ស្មើនឹងជិត៥,០០០ដុល្លារអូស្ត្រាលី។ ថវិកាទាំងនេះ អ្នកនាង បានយកទៅចំណាយចាត់ចែងលើបុណ្យសព អាលីយ៉ា ខ្លះៗហើយ ដូចជាការចំណាយលើការទិញមឈូសប្រណិតមួយជាដើម អស់ប្រាក់ ២,១៨០ដុល្លារ ដែលនាងឧបកិច្ចថា នេះជាបន្ទប់ VIP សម្រាប់អាលីយ៉ា ដែលមុនស្លាប់នាងប្រាថ្នាចង់បាន។
“ឥឡូវនេះ ខ្ញុំកំពុងចង់រកទិញដីនៅកន្លែងណាមួយ ដើម្បីធ្វើចេតិយឲ្យ អាលីយ៉ា ព្រោះមានគេប្រាប់មកថា ឥឡូវកោដិដាក់ធាតុ អាលីយ៉ា អត់មានកន្លែងដាក់ អីចឹងហើយ ខ្ញុំកំពុងសម្លឹងរកដីកន្លែងណាម្ដុំ ដើម្បីធ្វើចេតិយឲ្យគាត់"។ សារីណា បន្ថែម។
ស្ត្រីមេផ្ទះរូបនេះ អះអាងថា មិនទាន់យឺតពេលទេ សម្រាប់ការជួយដល់ អាលីយ៉ា។ ដូច្នេះហើយ ប្រសិនបើបងប្អូនចង់ចែករំលែកទឹកចិត្តបុណ្យ អាចចូលរួមបានតាមរយៈនាងផ្ទាល់។ សារីណា លើកឡើងថា នាងចង់ធ្វើអ្វីដែលអាចធ្វើបាន ព្រោះពេលដែល អាលីយ៉ា នៅរស់ នាងមិនអាចធ្វើអ្វីបានច្រើន ដោយសារតែនាងនៅឆ្ងាយ ព្រមទទួលដំណឹងពីស្ថានភាព តារាស្រីកម្សត់រូបនេះ យឺតពេលទៅហើយ។
“គ្រាន់តែទទួលដំណឹង ខ្ញុំខំទាក់ទងទៅអាយ៉ា ហើយនាងប្រាប់ថា នាងកំពុងពិបាកក្នុងខ្លួនខ្លាំង ព្រោះដង្ហក់ ជាង១០ម៉ោងទៅហើយ...ហើយពេលនោះ ខ្ញុំនៅឆ្ងាយ ធ្វើអីមិនកើត បានតែទឹកចិត្តចូលរួមលំបាកជាមួយប៉ុណ្ណឹង។ ត្រង់ចំណុចនេះ ខ្ញុំបន្ទោសបន្តិចដែរ ហេតុអ្វីមិនឲ្យដំណឹងតាំងពីដំបូង លុះដល់ពេលខ្ញុំដឹង គឺយឺតពេលទៅហើយ ហើយក្រោយបានប៉ុន្មាន ខ្ញុំក៏ទទួលដំណឹងថាគាត់ស្លាប់ទៅហើយ ខ្ញុំស្លុតចិត្តណាស់"។
ដោយសារតែបែបនេះ ទើប សារីណា បញ្ជាក់ថា នឹងធ្វើអ្វីដែលនាងអាចធ្វើបានចំពោះសពសិល្បការិនីកម្សត់ ដោយយកថវិកាដែលសេសសល់ រៀបចំរបស់របរមួយចំនួន ដែលគិតថា អាលីយ៉ា គួរបាន។ ក្រៅពីនេះ ក៏កំពុងព្យាយាមរកលទ្ធភាព រកទីកន្លែង ធ្វើចេតិយឲ្យនាងថែមទៀត៕