​​ស្គាល់​ច្បាស់! ពី​កីឡា​ការិនី​ស្រស់​ស្អាត និង​ឆ្នើម​​កម្ពុជា​រូប​នេះ​ ​ក្រោយ​ស៊ុត​ទីម័រ​ ៦ គ្រាប់

  • 2018-07-11 00:32:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​ជម្រើស​ជាតិ​កម្ពុជា ហួត គឹមហុង ដែល​បាន​ទាត់​បញ្ចូល​ទី​​ក្រុម​​​បាល់ទាត់​នារី​ទីម័រខាងកើត ៦ គ្រាប់​​ម្នាក់​ឯង ជួយ​ឲ្យ​កម្ពុជា​យក​ឈ្នះ ១២-០​ ក្នុង​ការ​ប្រកួត​​បើក​ឆាក​ពាន​រង្វាន់ AFF Women's Championship 2018 ​បង្ហើប​គោល​ដៅ​ធំ​ក្នុង​ជីវិត​របស់​ខ្លួន។

ហួត គឹមហុង (រូបថត៖ គឹម​ហុង)

ហួត គឹម​ហុង ជា​កូន​អ្នក​បាត់​ដំបង​ មាន​ឪពុក​ឈ្មោះ កង ពុង (ស្លាប់) ម្ដាយ​ឈ្មោះ នួន សុខុន មុខរបរ​អ្នក​លក់​​ឥវ៉ាន់​ចាប់ហួយ​។ ​កីឡា​ការិនី​រូប​នេះ​ជា​កូន​ពៅ​ក្នុង​គ្រួសារ​ក្នុង​ចំណោម​បង​ប្អូន ៥ នាក់​ គ្មាន​អ្នក​ណា​ចេះ​លេង​បាល់ទាត់​ឡើយ មាន​តែ​ ហួត គឹមហុង​ ម្នាក់​គត់​ជា​​កីឡា​ការិនី​​បាល់ទាត់​។

គោល​បំណង​ធំ​បំផុត​របស់​កីឡា​ការិនី​រូប​នេះ​គឺ​ចង់​ក្លាយ​ជា​គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​ក្រុម​ជម្រើស​ជាតិ​នារី​កម្ពុជា។ ​មូលហេតុ​គឺ​ដោយសារ​កញ្ញា​មាន​​​ចិត្ត​ស្រលាញ់ និង​ចង់​ជួយ​វិស័យ​បាល់ទាត់​នារី​នៅ​កម្ពុជា​ ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​។

គោល​ដៅ​ក្នុង​ការ​ឈប់​លេង​របស់​កញ្ញា​​គឺ​នៅ​វ័យ ២៧ ឆ្នាំ ​ដែល​ពេល​នោះ​ជា​វ័យ​មិន​អាច​លេង​​បាន​តទៅ​ទៀត ព្រោះ​យល់​ថា​ខ្លួន​ចាស់​។ បច្ចុប្បន្ន​​រូប​គេ​មាន​អាយុ ២០ ឆ្នាំ​ និង​ជា​​គ្រូ​បង្វឹក​បាល់ទាត់​​ក្មេងៗ​​នៅ​​ក្លឹប​ភ្នំពេញ​ក្រោន​ផង​ដែរ។

គឹមហុង​ ឲ្យ​ដឹង​ទៀត​ថា តាំង​ពី​បាន​ចូល​លេង​បាល់ទាត់​មក​ បាន​ផ្ញើ​លុយ​ទៅ​កាន់​ម្ដាយ​យូរ​​ៗ ម្ដង ដើម្បី​សម្រួល​ជីវភាព​ក្នុង​គ្រួសារ​។ ការ​ចូល​ខ្លួន​លេង​បាល់ទាត់​​ក្រុម​គ្រួសារ​របស់​​កីឡា​ការិនី​រូប​នេះ​ មិន​ដែល​ហាមឃាត់​អ្វី​ឡើយ ​​ផ្ទុយ​ទៅ​វិញ​ជំរុញ​ឲ្យ​ខិតខំ​ហ្វឹកហាត់​ ដើម្បី​ជួយ​ប្រទេស​ជាតិ​។ បច្ចុប្បន្ន​គ្រូ​បង្វឹក​បាល់ទាត់ និង​ជា​កីឡា​ការិនី​ជម្រើស​ជាតិ​កម្ពុជា​រូប​នេះ​​ កំពុង​សិក្សា​នៅ​សកលវិទ្យាល័យ​មួយ​នៅ​ភ្នំពេញ​ ផ្នែក​ទំនាក់​ទំនង​ថ្នាក់​​ឆ្នាំ​ទី​១។

កីឡា​ការិនី​ស្រស់​ស្អាត​រូប​នេះ​ចាប់​លេង​បាល់​ដំបូង​នៅ​ឆ្នាំ​២០០៨ ដែល​ពេល​នោះ​​ចាប់​លេង​បាល់​ភ្លាម​​ បាន​ជាប់​ជម្រើស​ជាតិ​​នារី​ក្រោម​អាយុ១៨​ ឆ្នាំ​ ដោយ​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​ឡាវ។ ​តាំង​ពី​ឆ្នាំ​២០០៨ ដល់ ២០១៥ ​ គឹមហុង តែង​ទទួល​បាន​ឱកាស​ចេញ​ទៅ​ប្រកួត​ពាន​ក្រៅ​ប្រទេស​ជា​​ញឹកញាប់ និង​ទាត់​ចូល​ដៃ​គូ​សឹង​គ្រប់​​ការ​ប្រកួត​៕ ​​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​