ចាន់ សម័យ ភរិយា និងកូនៗ រៀបរាប់ជីវិតរស់ក្នុងភាពលំបាកជាង១០ឆ្នាំទាំងអួលដើម ក (វីដេអូ)
- 2018-07-13 00:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាន់ សម័យ ភរិយា និងកូនៗ រៀបរាប់ជីវិតរស់ក្នុងភាពលំបាកជាង១០ឆ្នាំទាំងអួលដើម ក (វីដេអូ)
ចន្លោះមិនឃើញ
តារាចម្រៀង ចាន់ សម័យ បានប្រាប់ថា អស់ពេលជាង១០ឆ្នាំមកហើយ ដែលគ្រួសារលោករស់នៅក្នុងជីវភាពក្រដុនដាប រស់ដោយសារខ្ចីប្រាក់គេ ជួនកាលមិត្តភ័ក្ដិគេអាណិត គេជួយជាប្រាក់បន្តិចបន្តួច និងពេលណាមានកម្មវិធីបុណ្យ ឬរៀបការតាមខេត្ត លោកចេញច្រៀងម្ដងម្កាលគ្រាន់រកប្រាក់ចិញ្ចឹមគ្រួសារ។
មួយរយៈចុងក្រោយនេះ ជំងឺរបស់លោកកាន់តែធ្វើទុក្ខខ្លាំង រហូតឈរមិនបានយូរ ម្ល៉ោះហើយគ្រួសារទាំងមូលរស់ដោយសារការស្ទូចត្រីពីទន្លេ ហើយពេលណាស្ទូចមិនបាន កូនប្រពន្ធរបស់លោកមិនមានអាហារហូបនោះឡើយ។ ប្រពន្ធ និងកូនរបស់លោក បារម្ភខ្លាំងណាស់ ព្រោះកម្លាំងលោក ចាន់ សម័យ កាន់តែចុះខ្សោយ សូម្បីចូលបន្ទប់ទឹក ឬផ្លាស់សម្លៀកបំពាក់ ក៏ប្រពន្ធលោកជួយគ្រាហ៍ដែរ។
ប្រពន្ធលោក ចាន់ សម័យ បញ្ជាក់ថា តាមពិតលោកមានជំងឺរបេងឆ្អឹងនេះតាំងពីអាយុ១៤ឆ្នាំមកម្ល៉េះ តែចាប់ផ្ដើមធ្វើទុក្ខខ្លាំងប្រហែល៥ឆ្នាំចុងក្រោយនេះ ហើយពេទ្យប្រាប់ថា បើបន្តទុកលោកអាចនឹងត្រូវពិការជើងទាំង២តែម្ដង។
ម្ចាស់បទ" សុំមេមាន់មួយ" សព្វថ្ងៃរស់នៅក្នុងផ្ទះជួលមួយតូចចង្អៀត ពេលភ្លៀងមកម្ដងៗ ខូចខាតរបស់ទ្រព្យ និងមិនអាចសម្រាកបាននោះទេ។ ដោយសារតែបែបនេះ មិត្តភ័ក្កិជិតស្និទ្ធរបស់លោកមួយចំនួន ជំរុញឲ្យលោកលាតត្រដាងការពិតដើម្បីទទួលបានជំនួយពីសប្បុរសជន តែលោក ចាន់ សម័យ ពុំព្រមនោះទេ និងថែមទាំងផ្តាំឲ្យគេជួយលាក់រឿងនេះផង។ តែដោយមិនអាចទ្រាំមើលនឹងភ្នែក តទៅទៀត ទើបមិត្តជិតស្និទ្ធលោកម្នាក់បង្ហោះរូបលោកស្ទូចត្រីតាមមាត់ទន្លេឲ្យមហាជនបានដឹង ធ្វើឲ្យទស្សនិកជនជនភ្ញាក់ផ្អើល មិននឹកស្មានថា តារាចម្រៀងល្បីរូបនេះ ធ្លាក់ខ្លួនក្នុងស្ថានភាពបែបនេះទៅវិញ។
លោក ចាន់ សម័យ សុំបដិសេធទាំងស្រុងនូវដំណឹងដែលថា លោកធ្លាក់ខ្លួនក្រដោយសារវក់នឹងល្បែង ទាំងការពិត លោករកស៊ីខាតអស់ដើមអស់ចុង គួបផ្សំនឹងជំងឺផង ទើបធ្លាក់មកដល់ស្ថានភាពបែបនេះ។
សូមទស្សនាវីដេអូខាងក្រោម៖