រាសី​ឡើង​វិញ​ហើយ ចាន់ សម័យ ត្រៀម​ចេញ​ទៅ​ច្រៀង​នៅ​បារាំង

  • 2018-07-24 02:28:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ចាន់ សម័យ តារា​ចម្រៀង​ដែល​ធ្លាក់​ខ្លួន​ឈឺ​ និង​មាន​បញ្ហា​ជីវភាព​ជា​ខ្លាំង​ហើយ​ត្រូវ​បាន​សប្បុរសជន​ជា​ច្រើន​បាន​ជួយ​​ជ្រោមជ្រែង​ជា​​បន្តបន្ទាប់​នោះ ពេល​នេះ​រាសី​តារា​ចម្រៀង​រូប​នេះ ចាប់​​ផ្ដើម​ឡើង​កូដ​​ហើយ ដោយ​ឆាប់ៗ​ខាង​មុខ​នេះ លោកនឹង​ដឹកដៃ​តារា​ចម្រៀង​​​​​ស្រី​វ័យ​ក្មេង​២នាក់​ទៀត​ទៅ​ច្រៀង​​នៅ ប្រទេស​បារាំង។ ​នេះ​បើ​​តាម​ការ​ឲ្យ​ដឹង​ពី​លោក មុត ឧត្ដម អតីត​តារា​សម្ដែង​និង​ចម្រៀង​ម្នាក់។

លោក មុត ឧត្ដម ​បាន​បញ្ជាក់​ឲ្យ ​Sabay ដឹង​នៅ​ព្រឹក​នេះ​ថា លោក ចាន់ សម័យ នឹង​ចេញ​ទៅ​ច្រៀង​នៅ​ប្រទេស​បារាំង​ចំនួន​២ខែ​កន្លះ​ទៅ​៣ខែ ដោយ​​លោក​នឹង​ទៅ​ជា​មួយ​តារា​ចម្រៀង​ស្រី​២នាក់​ផ្សេង​ទៀត​មាន​កញ្ញា គីលី និង កញ្ញា ស្រីពេជ្រ។

គម្រោង​នៃ​ការ​ចេញ​ទៅ​នោះ ​ពួក​គេ​មិន​ត្រឹម​តែ​ច្រៀង​នៅ​ប្រទេស​បារាំង​១នោះ​ទេ គឺ​ពួក​គេ​នឹង​ដើរ​ច្រៀង​​នៅ​ប្រទេស​​ជា​ច្រើន​ទៀត​នៅ​ប៉ែក​អឺរ៉ុប មាន​ស្វីស អូទ្រីស អាឡឺម៉ង់ ជា​ដើម ។ លោក មុត ឧត្ដម បាន​ឲ្យ​ដឹង​ទៀត​ថា វីសា របស់​អ្នក​ទាំង​៣ ទទួល​បាន​រួច​ហើយ ​រង់​​ចាំ​តែ​ថ្ងៃ​ឡើង​យន្ត​ហោះ​តែ​ប៉ុណ្ណោះ ដោយ​ពួក​គេ​នឹង​ចេញ​ទៅ​នៅ​ដើម​ខែ​កញ្ញា ខាង​មុខ​នេះ។​

ជា​មួយ​គ្នា​នោះ ​លោក មុត ឧត្ដម រំពឹង​ថា បន្ទាប់​ពី​បាន​ទៅ​ច្រៀង​នៅ​ប្រទេស​បារាំង លោក ចាន់ សម័យ នឹងអាច​មាន​ជីវភាព​កាន់​តែ​ប្រសើរ​ឡើង​វិញ ព្រោះ​ការ​ចេញ​ទៅ​ច្រៀង​របស់​លោក​នឹង​ទទួល​បាន​ប្រាក់​ខែ ក៏​ដូច​ជាប្រាក់​​ធីប​ដែល​បង​ប្អូន​ខ្មែរ​នៅ​ទី​នោះ​ឲ្យ​លោក​ជាក់​ជា​មិន​ខាន។

ជុំ​វិញការ​ចេញ​ទៅ​ច្រៀង​នៅ​បារាំង​នេះ មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​លោក ចាន់ សម័យ ​បាន​ឡើយ ត្បិត​អី​​ទូរស័ព្ទ​របស់​​លោក ខល​ចូល មិន​មាន​អ្នក​ទទួល៕

អត្ថបទៈ ស៊ុនហួត