២០១៨ ផ្ទុះខ្លាំង ឈីង ឈីង មានប៉ុស្តិ៍ទូរទស្សន៍តាមហៅព្រាត ប៉ុន្តែនាង "ខ្លាច"!
- 2018-07-24 03:43:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
២០១៨ ផ្ទុះខ្លាំង ឈីង ឈីង មានប៉ុស្តិ៍ទូរទស្សន៍តាមហៅព្រាត ប៉ុន្តែនាង "ខ្លាច"!
ចន្លោះមិនឃើញ
តាមរយៈបទចម្រៀងប៉ុន្មានបទ បានធ្វើឲ្យស្រីស្អាត ឈីង ឈីង តារាចម្រៀងផលិតកម្ម P Production ទទួលបានការគាំទ្រយ៉ាងខ្លាំងក្នុងចង្កោមយុវវ័យ មានស្ថានីយទូរទស្សន៍ក្នុងស្រុកជាច្រើនបានហៅនាងឡើងឆាកតន្ត្រីពួកគេ ប៉ុន្តែសាមីខ្លួនអះអាងថា នាងនៅតែមានអារម្មណ៍ថា "ខ្លាច"។
“មាន មានបង មានខាងទូរទស្សន៍ ខុនសឺត អីច្រើនដែរហៅ តែខ្ញុំអត់ទាន់ហ៊ានឡើង ព្រោះតែខ្ញុំនៅតែខ្លាចបង! ដូចបទខ្ញុំ “មួយលាននឹក មួយលានសុំទោស” ល្បីខ្លាំង ប៉ុន្តែគេអត់ស្គាល់ថាខ្ញុំជាអ្នកច្រៀងបទហ្នឹងទេ ដោយសារតែអត់ឃើញខ្ញុំឡើងទូរទស្សន៍អីចឹងនុះ...ពេលខ្លះ ខ្ញុំដូចចង់សើចខ្លួនឯងដែរបង"។
ឈីង ឈីង ដែលមានពិតថា ផុន ស្រីឈីង ប្រាប់ថា នាងនៅមានអារម្មណ៍មិនទាន់ទុកចិត្តខ្លួនឯង សម្រាប់ការឡើងច្រៀងលើឆាកតន្ត្រីធំៗ ដោយហាក់មិនទាន់សុំាជាមួយនឹងភ្លេង។ ដូច្នេះហើយ នេះជាមូលហេតុដែលនាង មិនទាន់ទទួលការអញ្ជើញនានា។
“ខ្ញុំធ្លាប់ឡើងឆាកដើរម៉ូដ ប៉ុន្តែអត់ធ្លាប់ឡើងឆាកច្រៀង ដល់អីចឹងទៅ ចេះតែមានអារម្មណ៍ភ័យ ខ្លាចឡើងទៅច្រៀងខុស ឬភ្លេចប៉ារូលអីចឹងណាបង និយាយទៅមិនទាន់មានទំនុកចិត្តខ្លួនឯង ទើបសុំបដិសេធពួកគាត់សិនទៅ ឥឡូវខ្ញុំកំពុងហ្វឹកហាត់ខ្លួនឯង ហើយតិចទៀតខ្ញុំនឹកឡើងច្រៀងហើយបង!"។ ស្រីឈីង ថ្លែង។
ឈីងឈីង មានស្រុកកំណើតព្រែកតាមាក់ខេត្តកណ្ដាល មានបងប្អូន ៥នាក់(ប្រុស៣ ស្រី២០ នាងជាកូនទី២។ នាងបានចូលសិល្បៈដំបូងនៅឆ្នាំ ២០១៤ តាមរយៈការប្រឡងក្នុងក្រុមបង្ហាញម៉ូត Sun Super Model។ ប៉ុន្តែក្រោយមកនៅឆ្នាំ ២០១៥ ដោយសារនាងស្រឡាញ់ការច្រៀង ទើបអភិវឌ្ឍន៍ខ្លួនមកជាតារាចម្រៀងទៀត។ យ៉ាងណា នាងអះអាងថា បច្ចុប្បន្ននាងនៅតែធ្វើការងារដើរម៉ូដដដែល ពោលគឺ ច្រៀងក៏ច្រៀង ដើរម៉ូដ ក៏នៅតែដើរម៉ូដ អាស្រ័យទៅការងារជាក់ស្ដែង។
បច្ចុប្បន្ន នាងគឺជាតារាចម្រៀងស្រីជួរមុខរបស់ផលិតកម្ម P Production ។ នៅក្នុងផលិតកម្មនេះ នាងមានបទចម្រៀងជាង២០បទរួចមកហើយនៅលើទីផ្សារ ជាមួយសំនៀងស្រួយស្រឡះល្អ។ បទដែលទទួលបានការគាំទ្រខ្លាំងមានដូចជា "មួយលាននឹក មួយលានសុំទោស" “អ្នកចាកចេញ ក៏ឈឺចាប់" កាន់តែស្អប់ កាន់តែនឹក" និងបទ "ផែនដី រស់មិនបានបើគ្មានបង" ជាដើម៕