នឹង​មិន​មាន​ការ​ដូរ​គ្រូ​ទេ សម្រាប់​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល

  • 2018-07-26 11:07:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ថ្ងៃ​នេះ សហព័ន្ធ​បាល់ទាត់​ប្រេស៊ីល បាន​បញ្ជាក់​ថា គ្រូ​បង្វឹក Tite នឹង​បន្ត​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​កម្មវិធី World Cup ឆ្នាំ ២០២២ ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ប្រទេស​កាតា។

សហព័ន្ធ​ក៏​នឹង​បន្ត​ទុក​លោក Edu Gaspar ឲ្យ​ធ្វើ​ជា​អ្នក​សម្រប​សម្រួល​ក្រុម​ជម្រើស​ជាតិ​ផង​ដែរ ក្នុង​រយៈ​ពេល​ដូច​គ្នា។

ក្នុង​ឱកាស​នៃ​ការ​ប្រកាស​មួយ​នេះ នាយក​ប្រតិបត្តិ​នៃ​សហព័ន្ធ​បាល់ទាត់​ប្រេស៊ីល លោក Rogerio Caboclo បាន​និយាយ៖ "ពួក​គេ (លោក Tite និង Gaspar) បាន​បង្ហាញ​យ៉ាង​ច្បាស់​នូវ​ការ​គោរព​គុណ​តម្លៃ​នៃ​សហព័ន្ធ តាម​រយៈ​ការ​បង្ហាញ​ទេព​កោសល្យ សមត្ថភាព និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​ពួក​គេ"។

លោក Tite បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លី ទាក់ទង​នឹង​ដំណឹង​នេះ។ លោក​បាន​អរគុណ​ចំពោះ​សហព័ន្ធ​ចំពោះ​សេចក្ដី​សម្រេច​ចិត្ត​នេះ និង​ថា​លោក​រីករាយ​ក្នុង​ការ​ប្រឈម​នឹង​ការ​លំបាក​ផ្សេង​ៗ​ដែល​នឹង​កើត​ឡើង​ក្នុង​ប្រកួត​បន្ត​បន្ទាប់។

លោក​ Tite បាន​ចូល​មក​កាន់​តំណែង​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​កាល​ពី​ឆ្នាំ ២០១៦។ លោក​បាន​បង្ហាញ​នូវ​ទម្រង់​នៃ​ការ​ដឹកនាំ​ក្រុម​បាន​យ៉ាង​ល្អ។ ក្នុង​ ២៦ ប្រកួត​ លោក​អាច​យក​ឈ្នះ​ដល់​ទៅ ២០ លើក ស្មើ ៤ ដង និង​ចាញ់​ ២​ដង​ប៉ុណ្ណោះ។

ក្នុង World Cup ២០១៨ ប្រេស៊ីល​ត្រូវ​បាន​មជ្ឈដ្ឋាន​ជា​ច្រើន​រំពឹង​ថា​នឹង​អាច​ឈ្នះ​កម្មវិធី​មួយ​នេះ។ ទោះ​ជា​យ៉ាង​ណា ការ​រំពឹង​បែប​នេះ ត្រូវ​បាន​បញ្ចប់​ក្រោយ​ក្រុម​ជម្រើស​ជាតិ​អាមេរិក​ខាង​ត្បូង​ បាន​ចាញ់​ក្រោម​ថ្វី​ជើង​បែលហ្សិក​ក្នុង​លទ្ធផល ២-១ នៅ​វគ្គ​ ៨​ក្រុម​ចុង​ក្រោយ៕

ប្រភព៖ Four Four Two   អត្ថបទ៖ សេរី មង្គល