ផ្ទុះបាតុកម្មហិង្សាស្លាប់ ៣នាក់ ក្រោយបក្សកាន់អំណាចឈ្នះឆ្នោតនៅហ្ស៊ីមបាវ៉េ
- 2018-08-02 03:33:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្ទុះបាតុកម្មហិង្សាស្លាប់ ៣នាក់ ក្រោយបក្សកាន់អំណាចឈ្នះឆ្នោតនៅហ្ស៊ីមបាវ៉េ
ចន្លោះមិនឃើញ
យ៉ាងហោចណាស់មានមនុស្ស ៣នាក់ ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចមួយរវាងក្រុមបាតុករប្រឆាំង និងកងកម្លាំងសន្តិសុខក្នុងទីក្រុង Harare ប្រទេសហ្ស៊ីមបាវ៉េកាលពីថ្ងៃពុធម្សិលមិញនេះ។
យោងតាមទូរទស្សន៍ឲ្យដឹងថា គណបក្ស Zanu-PF របស់ប្រធានាធិបតី Emmerson Mnangawa បានទទួលបានអាសនៈភាគច្រើនក្នុងរដ្ឋសភា តាមរយៈការបោះឆ្នោតកាលពីថ្ងៃ ៣០ កក្កដា ខណៈដែលការរាប់សន្លឹកឆ្នោតកំពុងតែបន្តធ្វើឡើង។ ការណ៍នេះធ្វើឲ្យក្រុមអ្នកគាំទ្របក្សប្រឆាំង "ចលនាដើម្បីផ្លាស់ប្ដូរប្រជាធិបតេយ្យ (MDC)” ខឹងសម្បារយ៉ាងខ្លាំង ដោយចោទប្រកាន់ថាមានការលួចបន្លំសន្លឹកឆ្នោត។
ក្រុមអ្នកគាំទ្របក្សប្រឆាំង បានចេញមកធ្វើបាតុកម្មក្នុងទីក្រុង Harare ដោយដុតកង់ឡានខណៈពេលដែលប៉ូលិស និងទាហានបានបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកពួកគេ។ លើសពីនេះទៀត រថពាសដែកក៏ត្រូវបានចល័តពេញក្រុង ហើយឧទ្ធម្ភាគចក្រហោះឃ្លាំមើលពីលើផងដែរ។ ជាមួយគ្នានេះ លោកប្រធានាធិបតី Emmerson Mnangawa បានបន្ទោសមេដឹកនាំបក្សប្រឆាំងថាបង្កឲ្យមានចលាចល និងបង្ក "អំពើហិង្សានយោបាយ”។
ទោះយ៉ាងណាក៏ដោយ លោកបានបង្ហោះសារក្នុងគណនី Twitter របស់ខ្លួនថា "អំឡុងពេលដ៏តានតឹងនេះ ខ្ញុំសូមអំពាវនាវដល់អ្នករាល់គ្នាឱ្យបញ្ឈប់សេចក្ដីថ្លែងការណ៍ ឬការបំផុសបំផុលណាមួយជាបន្ទាន់។ យើងទាំងអស់គ្នា ត្រូវតែរក្សាភាពអត់ធ្មត់ និងភាពចាស់ទុំ ហើយគិតគូរពីប្រជាជន និងសុវត្ថិភាពរបស់ពួកគេជាចម្បង។ ឥឡូវនេះ គឺជាពេលវេលាសម្រាប់ការទទួលខុសត្រូវ ហើយអ្វីដែលសំខាន់បំផុត គឺសន្តិភាព។"
គួរឲ្យដឹងថា លោក Emmerson Mnangawa បានឡើងកាន់ដំណែង និងទទួលបានការគាំទ្រយ៉ាងច្រើនពីប្រជាជនហ៊្សីមបាវ៉េ ក្រោយពេលដែលលោកដឹកនាំធ្វើរដ្ឋប្រហារយោធា រហូតអតីតប្រធានាធិបតី Robert Mugabe លាលែងពីតំណែងកាលពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០១៧ ក្រោយដឹកនាំអស់រយៈពេល ៣៧ឆ្នាំ៕