ដំណាំខុសច្បាប់រាប់រយដើមត្រូវបាន​សមត្ថកិច្ចរកឃើញ និង​បំផ្លាញ​ចោល

  • 2018-08-05 01:56:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមត្ថកិច្ច​ឲ្យ​ដឹង​ថា​ដំណាំកញ្ឆាជាង​៨០០​ដើម​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​តាកែវ​រក​ឃើញ​និង​បំផ្លាញ​ចោល​ ខណៈ​ម្ចាស់​ដំណាំ​មិន​ទាន់​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ។​

(មន្ត្រីកងរាជអាវុធហត្ថពេល​ចុះបង្ក្រាប​កន្លែង​ដាំកញ្ឆា/រូបភាព៖ អ្នកនាំពាក្យ​កងរាជងាវុធហត្ថ)

នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​អ្នក​នាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រ​ទេស កាលពី​ល្ងាច​ម្សិល​មិញ​បាន​សរសេរថា​ នៅ​ថ្ងៃទិី៣ ខែ​សីហា ឆ្នាំ​២០១៨ កងរាជអាវុធហត្ថ​ខេត្ត​តាកែវ បាន​រកឃើញ​កន្លែង​ដាំ​ដំណាំកញ្ឆា​មួយ​កន្លែងនៅ​ក្នុង​ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ។ ទោះ​យ៉ាងណា មន្ត្រី​កងរាជអាវុធហត្ថ​ពុំបាន​ឃើញ​ម្ចាស់​ចម្ការ​នោះទេ ពេលកងកម្លាំង​ចុះទៅ​ដល់។ ប្រ​ភពដដែល​បន្ត។

បើ​តាម​ប្រ​ភព​ខាង​លើ​កញ្ញា​ដែល​រក​ឃើញ​ និង​បំផ្លាញ​ចោល​មាន​ចំនួន​២៤​រង ឬស្មើ​នឹង​៨៤៥​ដើម។ ក្រៅពី​បំផ្លាញ​ដើម​កញ្ឆាទាំងនេះ​មន្ត្រី​ក៏បាន​បំផ្លាញ​ចោលផងដែរ​នូវ​អាងស្តុក​ទឹក និង​ទុយោទឹក​ពីរខ្សែ​មាន​ប្រវែង​ប្រហែល​២០០​ម៉ែត្រ​។

បច្ចុប្បន្ន​កម្លាំង​ជំនាញកំពុង​បន្ត​ស្រាវជ្រាវ​រក​មុខសញ្ញា​ម្ចាស់​ដាំ​កញ្ឆា​ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់។ ប្រ​ភពដដែល​បញ្ជាក់។

គួរ​បញ្ជាក់ថា​ នេះមិន​មែន​ជា​លើកទី​មួយ​ទេ ដែល​សមត្ថកិច្ច​បាន​រក​ឃើញ​កន្លែង​ដាំកញ្ឆានេះ ដោយ​កន្លង​មក​​សមត្ថកិច្ច​នៅ​ខេត្ត​តាកែវ​ក៏​បានរកឃើញ និង​បំផ្លាញ​ចោល​ដំណាំប្រភេទនេះផង​ដែរ​៕

អត្ថបទ៖ ទូច សុខា