ស្រីៗប្រុងប្រយ័ត្ន! ប៊ិចបង្កប់កាមេរ៉ា លាក់ក្នុងបន្ទប់ផ្លាស់ខោអាវ បើមិនដឹងអាចស៊យធំ

  • 2018-08-10 07:22:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​នារីៗ​ទាំង​អស់ គួរតែ​មាន​ការ​ប្រុងប្រយ័ត្ន នៅ​ពេល​ដែល​អ្នក​ចូល​ទៅ​ផ្លាស់ប្ដូរ​សំលៀកបំពាក់ នៅ​ក្នុង​បន្ទប់​តាម​ហាង​នានា ជៀសវាង​ជួប​នឹង​ប៊ិច​បង្កប់​កាមេរ៉ា​របស់​ជន​ខិលខូច។

ជាក់ស្ដែង ករណី​នេះ​បាន​កើតឡើង​ចំពោះ​នារី​ជនជាតិ​សិង្ហបុរី​ម្នាក់ មាន​ឈ្មោះ​ថា Doreen ហើយ​នាង​បាន​សរសេរ​រៀបរាប់ ដោយ​ភ្ជាប់​ជាមួយ​រូបថត​ជាច្រើន​សន្លឹក នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ថា៖

នាង Doreen

«មិន​ធ្លាប់​គិត​សោះ​ថា ការ​រំលោភ​បំពាន​ផ្លូវ​ភេទ ដែល​ខ្ញុំ​តែងតែ​មើល​ឃើញ​នៅ​លើ​បណ្ដាញ​សង្គម នឹង​កើត​ឡើង​ចំពោះ​ខ្ញុំ។ គ្រាន់​តែ​ចង់​ដាស់តឿន​អ្នក​ទាំង​អស់​គ្នា​ថា វា​អាច​កើត​ឡើង​ចំពោះ​មនុស្ស​គ្រប់គ្នា នៅ​គ្រប់​ពេល និង​គ្រប់​ទីកន្លែង​ទាំង​អស់ ហើយ​វា​បាន​កើត​ឡើង​ចំពោះ​ខ្ញុំ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី»។

នាង Doreen បាន​ប្រាប់​ឲ្យ​ដឹង​ថា «ខណៈ​ពេល​ខ្ញុំ​កំពុង​ផ្លាស់ប្ដូរ​សំលៀកបំពាក់ នៅ​ក្នុង​ហាង​លក់​សំលៀកបំពាក់​កីឡា​ដ៏​ល្បី​មួយ ភ្លាម​នោះ​ខ្ញុំ​បាន​ប្រទះ​ឃើញ​ប៊ិច​មួយ​ដើម ដាក់​នៅ​លើ​គែម​ទ្វារ។ ដោយ​សារ​តែ​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​មាន​ប៊ិច​នៅ​ទី​នេះ ខ្ញុំ​ក៏​បាន​ឡើង​យក​វា​ចុះ​មក»។

នារី​វ័យ​ក្មេង​ខាង​លើ​បាន​បន្ត​ថា «ខ្ញុំ​ពិត​ជា​តក់ស្លុត​ខ្លាំង​ណាស់ នៅ​ពេល​ដឹង​ថា ប៊ិច​នោះ​មាន​កាមេរ៉ា។ វា​មិនមែន​ជា​ប៊ិច​ធម្មតា​ឡើយ វា​គឺ​ជា​កាមេរ៉ា​បង្កប់។ អ្វី​ដែល​កាន់​តែ​អាក្រក់​ទៅ​ទៀត​នោះ​គឺ វា​មាន​សភាព​ក្ដៅឧណ្ណៗ ដែល​មាន​ន័យ​ថា វា​កំពុង​ដំណើរការ។ ខ្ញុំ​ខឹង​ខ្លាំង​ណាស់ ដូច្នេះ​ក៏​ស្លៀកពាក់​វិញ រួច​ថត​រូប​វា​ទុក និង​ចាកចេញ​ពី​ហាង ដើម្បី​ទៅ​រាយការណ៍​ដល់​ប៉ូលិស»។

ប៊ិច​បង្កប់​កាមេរ៉ា

Doreen បាន​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា «ពេល​ខ្ញុំ​កំពុង​ចាកចេញ ស្រាប់​តែ​បុគ្គលិក​តែ​ម្នាក់​គត់​ក្នុង​ហាង រត់​សំដៅ​មក​ខ្ញុំ រួច​អង្វរ​កុំ​ឲ្យ​ខ្ញុំ​រាយការណ៍​ប្រាប់​ប៉ូលិស និង​និយាយ​ថា​គេ​សោកស្ដាយ​យ៉ាង​ខ្លាំង។ មិនតែប៉ុណ្ណោះ គេ​ព្យាយាម​អង្វរ.ក​ខ្ញុំ និង​ប្រាប់​ថា​គេ​នឹង​បាត់បង់​ការងារ ប្រសិន​បើ​ខ្ញុំ​រាយការណ៍​ប្រាប់​ប៉ូលិស។ ខ្ញុំ​បាន​បដិសេធ ហើយ​គេ​ក៏​ខឹង​ខ្ញុំ និង​ចង់​ចាប់​យក​ប៊ិច​ពី​ហោប៉ៅ​ខ្ញុំ។ យើង​បាន​ប្រទាញប្រទង់​គ្នា ហើយ​គេ​បាន​រុញ​ខ្ញុំ​ដួល រួច​យក​ប៊ិច រត់​ចេញ​បាត់​ទៅ»។

ជើង Doreen ដែលត្រូវរបួស

ទោះ​បី​ជា​យ៉ាង​ណា Doreen បាន​ទៅ​រាយការណ៍​ឲ្យ​ប៉ូលិស​ដឹង​ពី​រឿងហេតុ​ខាង​លើ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជន​ខិលខូច​នោះ៕

បុរស​ជា​ជនខិលខូច

ប្រភព៖ Thecoverage   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម