ដល់ក! ទេព រិនដារ៉ូ និង សាឡាត់ ស្រីឡាង ហែទីងមោងផ្អើលពេញអេដិនហ្គាដេន

  • 2018-08-23 03:06:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម​ LD Picture បាន​​ធ្វើ​ពិធី​សម្ពោធ​ដាក់​បញ្ចាំង​ជា​ផ្លូវ​ការ​​រឿង"វិញ្ញាណ​ទីងមោង" ​ល្ងាច​មិញ​នេះ​​នៅ​រោង​ភាព​យន្ត​ Legend ក្នុង​នោះ​​តារា​សម្ដែង​ជើង​ចាស់​ ទេព រិនដារ៉ូ និង​ សាឡាត់ ស្រីឡាង ជា​តួ​ឯក​​ក្នុង​រឿង​បាន​ហែ​ទីងមោង​ រៃអង្គាស​បច្ច័យ​ផ្អើល​ពេញ​អេដិនហ្គាដេន។

ការ​ហែ​ទីងមោង​​រៃអង្គាស​បច្ច័យ​លោក ទេព រិនដារ៉ូ បាន​ស្លៀក​ពាក់​ឈុត​ស​​ មើល​ទៅ​​មិន​ខុស​ពី​តា​អាចារ្យ​ប៉ុន្មាន​ឡើយ។ ឯ​ សាឡាត់ ស្រីឡាង វិញ​​គ្រង​សម្លៀក​បំពាក់​ពណ៌​ខ្មៅ​​​ជា​លក្ខណៈ​នារី​សម័យ​ថ្មី​ធ្វើ​ឲ្យ​មហាជន​​នៅ​ទីនោះ​ផ្ទាល់​​ចោម​រោម​​​​ឡើង​ច្រើន​កុះករ។

សាឡាត់ ស្រីឡាង ថា​ការ​ហែ​ទីង​មោង​​​នេះ​ក្នុង​គោល​បំណង​ពញ្ញាក់​អារម្មណ៍​ហ្វេន​ៗ​មួយ​ចំនួន​​​​ ដែល​កំពុង​តែ​មាន​វត្តមាន​នៅ​អេដិនហ្គាដេន។ ម្យ៉ាង​ទៀត​វា​ត្រូវ​ជាមួយ​ឈុត​ឆាក​ក្នុង​រឿង​ "វិញ្ញាណ​ទីងមោង" ទើប​ខាង​ផលិតកម្ម​តម្រូវ​ឲ្យ​មាន​ការ​ធ្វើ​កម្មវិធី​​នេះ​ឡើង។

​​​​ "វិញ្ញាណ​ទីងមោង" ខុស​ប្លែក​ពី​រឿង​មុន​ៗ​​ធ្លាប់​​ទទួល​ថត​កន្លង​មក​បង​ ដោយ​សារ​តែ​រឿង​នេះ​​ ខ្ញុំ​ចាប់​ដៃ​គូ​សម្ដែង​​ជា​តួ​ឯក​ជាមួយ​លោក​ពូ​ ទេព រិនដារ៉ូ ដែល​មាន​វ័យ​លើស​ខ្ញុំ​ដល់​ទៅ ៣០ឆ្នាំ។ ពេល​ខ្លះ​មាន​អារម្មណ៍​ថា​អៀន​ដែរ ត្រង់​ឈុត​ឆាក​ស្នេហា​ បើ​គិត​ពី​អាយុ​វិញ​គាត់​​មាន​វ័យ​ប្រហែល​លោក​ប៉ា​ខ្ញុំ​ហើយ"។ ស្រីឡាង បន្ថែម។

ជា​មួយ​គ្នា​នេះ​ដែរ​លោក លៀក លីដា ចាងហ្វាង​ផលិតកម្ម​​LD បាន​លើក​ឡើង​ថា រឿង"វិញ្ញាណ​ទីងមោង" ជា​ប្រភេទ​ភាព​យន្ត​បែប​កំប្លែង​​​រវាង​ស្នេហា​កំលោះ​ក្រមុំ​មួយ​គូ​ដែល​មាន​វ័យ​ខុស​គ្នា​ឆ្ងាយ​​ដែល​ជា​ស្នាដៃ​និពន្ធ​​​ និង​ដឹកនាំ​សម្ដែង​ដោយ នាយ គ្រឿន។ ចំណែក​ឯ​ដើម​ទុន​វិញ​​ចំណាយ​មិន​ខុស​ពី​រឿង​មុន​ៗ​ទេ។

“វិញ្ញាណ​ទីងមោង"ចូល​រួម​​សម្ដែង​ដោយ​លោក ទេព រិនដារ៉ូ សាឡាត់ ស្រីឡាង ​ងួន សុបិន Big ​ព្រម​ទាំង​តារា​សម្ដែង​ស្រី​ប្រុស​ជា​ច្រើន​រូប​ទៀត។ រឿង​នេះ​ត្រៀម​នឹង​ដាក់​បញ្ចាំង​គ្រប់​រោង​ភាព​យន្ត​ទំនើប​ៗ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប​ចាប់​ពី​ថ្ងៃ​ទី ២៣ ខែ​សីហា​ ឆ្នាំ​២០១៨​នេះ​ហើយ៕​​

អត្ថបទ៖ ឆុង ស៊ីណាន