សាឡាត់ ស្រីឡាង គ្រោង​ធ្វើ​ជំនួញ​ធំ​១​នាំ​ទំនិញ​ផ្ដាច់​មុខ​ពី​កូរ៉េ ប្រើ​ទុន​តិច​តួច​ប៉ុណ្ណោះ

  • 2018-08-27 04:19:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង កញ្ញា សាឡាត់ ស្រីឡាង បាន​បង្ហើប​ឲ្យ​ដឹង​ថា នាង​គ្រោង​និង​ធ្វើ​ជំនួញ​ធំ​មួយ​ គឺ​​​​នឹង​នាំ​​ផលិតផល​ម៉ាក​​​ល្បី​ឈ្មោះ​មួយ ផ្ដាច់​មុខ​ពី​ប្រទេស​កូរ៉េ​តែ​ម្ដង ដោយ​ទំនិញ​នោះ​ប្រហែល​ជា​​កន្លះ​ខែ​ទៅ​១ខែ​ទៀត ទំនិញ​របស់​​នាង និង​ដឹក​​ដល់​ស្រុក​ខ្មែរ​​នេះ ត្បិត​អី​នាង​បាន​​កុម្ម៉ង់​ទិញ​រួច​អស់​ហើយ។

តារា​ស្រី​រូប​នេះ មិន​បាន​បង្ហើប​​ពី ម៉ាក​យីហោ​​ទំនិញ​នោះ​ឡើយ ប៉ុន្តែ​នាង​ប្រាប់​ថា វា​ជា​ផលិត​ផល ថែ​រក្សា​ស្បែក​មុខ ដែល​មាន​ទាំង​អស់ ជាង​១០មុខ​ឯណោះ។ ស្រីឡាង​បាន​បន្ត​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​នាំ​ឲ្យ​ខ្លួន ហ៊ាន​​នាំ​ចូល​ទំនិញ​ផ្ដាច់​មុខ​នេះ ក៏​ព្រោះ​តែ​នាង​ឃើញ មិត្ត​ភក្តិ​ផ្សេង​ទៀត​រក​ស៊ី​ជំនួញ​នេះ​ជោគជ័យ​​ខ្លាំង ជា​ពិសេស​ផលិតផល​ដែល​នាង​គ្រោង​នាំ​មក​នោះ មាន​គុណភាព​ខ្ពស់ មាន​ការ​ទទួល​ស្គាល់ និង​មាន​ច្បាប់​នាំ​ចូល​ត្រឹម​ត្រូវ។

តារា​ស្រី​ខាង​លើ​មិន​បាន​ប្រាប់​​ពី​ទុន​ដែល​នាង​វិនិយោគ​​លើ​ជំនួញ​ខាង​លើ​ឡើយ ប៉ុន្តែ​នាង​ប្រាប់​ថា ប្រើ​​​ទុន​មិន​សូវ​ច្រើន​នោះ​ទេ ព្រោះ​នាង​ក៏​ទាន់​មាន​លទ្ធភាព​វិនិយោគ​លើ​ទុន​​រាប់​សិប​ម៉ឺន​ដុល្លារ​ដូច អ្នក​សិល្បៈ​ផ្សេង​ទៀត​នោះ​ឡើយ។

ដោយសារតែ មិន​​មាន​ទុន​ច្រើន ដែល​នាំ​ឲ្យ​ឈាន​ទៅ​ដល់​បើក​ហាង​ផ្ទាល់​ខ្លួន​ភ្លាមៗ ស្រីឡាង ថា ​ជំហាន​ដំបូង​នាង​ប្រហែល​ជា​ត្រូវ​ឡាយ​លក់​តាម​បណ្ដាញ​សង្គម​សិន ដូច​ដែល​ធ្លាប់​ធ្វើ​រាល់​ដង ដើម្បី​ស្វែង​រក​អតិថិជន​ក៏​ដូច​ជា​អ្នក​​ដែល​មាន​បំណង​យក​ទៅ​លក់​បន្ត ហើយ​ជំហាន​បន្ទាប់​អាច​នឹងបើក​ហាង​តែ​ម្ដង។

កន្លង​មក ស្រីឡាង ក៏​ធ្លាប់ Live ​លក់​ផលិតផល​បែប​នេះ​ផង​ដែរ ដោយ​ផលិតផល​ទាំង​នោះនាំ​ចូល​ពី​ប្រទេស​ជប៉ុន​​ជា​របស់​​មិត្តភ័ក្ដិ ហើយ​នាង​គ្រាន់​តែ​​យក​មក​លក់​បន្ត​ប៉ុណ្ណោះ ប៉ុន្តែ​ម្ដង​​នេះ​នាង​​នឹង​ក្លាយ​ជា​ថៅកែ​​វិញ​ម្ដង ដែល​នឹង​ត្រូវ​រៀបចំ​យុទ្ធសាស្ត្រ​ទីផ្សារ​ច្រើន ដើម្បី​ឲ្យ​ទទួល​បាន​ជោគជ័យ។

ទន្ទឹមនឹង​ការ​​ធ្វើ​ជំនួញ​នេះ តារា​ស្រី​សម្តី​ចាក់​ទឹក​មិន​លេច​រូប​នេះ ក៏​កំពុងតែ​មមាញឹក​ថត​រឿង​២ទៅ៣​រឿង​ក្នុង​ដៃ ផង​ដែរ ដែល​មើល​ទៅ ហាក់​ដូច​ជា​មមាញឹក​ខ្លាំង​ណាស់ ប៉ុន្តែ​បែប​នេះ​ក្ដី​នាង​ថ្លែង​ថា ត្រូវ​តែ​ខំប្រឹង​ទាន់​ខ្លួន​នៅ​ក្មេង នៅ​មាន​ទីផ្សារ ក្រែង​ថ្ងៃ​អនាគត​មាន​ទ្រព្យ​សល់​បាន​ច្រើន​រស់​បាន​ស្រួល៕

អត្ថបទៈ ស៊ុនហួត